ទីផ្សារការងាររបស់យុវជនបានធ្លាក់ចុះ ៧% នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ បើធៀបនឹងត្រីមាសទី ៤ ឆ្នាំ ២០១៩ នៅមុនពេលមិនទាន់មានកូវីដ១៩រាតត្បាត។ ក្នុងនោះ អត្រាអត់ការងារធ្វើរបស់បុរសកើន ៦% និងស្ត្រី ឈានដល់កម្រិតខ្ពស់រហូតដល់ ៨% ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
ការរឹតបន្តឹងទាក់ទងនឹងវិធានការទប់ស្កាត់មេរោគរាតត្បាតកូវីដ១៩ បានបង្កការប៉ះពាល់ជាពិសេសដល់ការងារនៅក្នុងអាជីវកម្មតូចៗ ដែលមានកម្មករតិចជាង ៥០ នាក់។ ខណៈការងាររបស់យុវជននៅក្នុងអាជីវកម្មទាំងនោះបានរងសម្ពាធខ្លាំងជាងគេ ពោលគឺការងារសម្រាប់បុរសបានធ្លាក់ចុះ ១៨% និងសម្រាប់ស្ត្រីធ្លាក់ចុះ ២៤%។
ការព្រួយបារម្ភដែលកំពុងលេចឡើងសម្រាប់កម្លាំងពលកម្មការងារជារួម គឺផលប៉ះពាល់អវិជ្ជមានជាបន្តបន្ទាប់នៃការរឹតត្បិតទាក់ទងនឹងជំងឺកូវីដ ផលប៉ះពាល់ទាំងនោះ រួមមាន ការបាត់លើប្រាក់ចំណូលពីការងារ កាត់បន្ថយម៉ោងធ្វើការ និងផលិតភាពការងារជាដើម ដែលទាំងអស់នេះ គឺជាកង្វល់ដ៏ឈឺក្បាលមួយរបស់ប្រទេសថៃនៅពេញមួយឆ្នាំ ២០២១នេះតែម្ដង។
សូមជម្រាបថា នៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២១ វិស័យដែលរងគ្រោះខ្លាំងជាងគេនៅក្នុងប្រទេសថៃគឺ វិស័យស្នាក់នៅ និងសេវាកម្មម្ហូបអាហារ វិស័យការដឹកជញ្ជូន ព្រមទាំងវិស័យពាណិជ្ជកម្មលក់ដុំ និងរាយ។ដោយឡែក សម្រាប់វិស័យផ្សេងទៀតដែលបានងើបឡើងវិញ មានដូចជា វិស័យកសិកម្ម និងផលិតកម្មវិស័យសំណង់ បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងអចលនទ្រព្យ។ ទន្ទឹមនេះ វិស័យដែលមានការរីកចម្រើនជាវិជ្ជមានទាំងការងារ និងផលិតភាពការងាររួមមាន ហិរញ្ញវត្ថុ និងធានារ៉ាប់រង ការអប់រំ និងសំណង់។
តែយ៉ាងណាក៏ដោយ បើតាមរបាយការណ៍ ILO ប្រសិនបើវិបត្តិសេដ្ឋកិច្ចសង្គមត្រូវបានអូសបន្លាយកាន់តែយូរទៀតនោះ ភាពមិនស៊ីចង្វាក់ នៃវិស័យជាច្រើន មិនថា វិស័យឯកជន ឬវិស័យសារធារណៈ ដែលមានស្រាប់នៅក្នុងទីផ្សារការងារប្រទេសថៃ អាចនឹងកាន់តែអាក្រក់ទៅៗ៕
អត្ថបទ ស៊ើង និមល់