យើងផ្តើមទៅមើលកូវីដ១៩នៅម៉ាឡេស៊ីមុនគេ !
ការឆ្លងកូវីដនៅម៉ាឡេស៊ី នៅតែហក់ឡើងខ្លាំងដដែល ក្រសួងសុខាភិបាលគ្រោងនឹងចេញសេណារីយ៉ូណែនាំឱ្យពលរដ្ឋធ្វើតេស្តមេរោគកូវីដ-១៩ដោយខ្លួនឯងជាប្រចាំតែម្តង។
ជារួមប្រទេសម៉ាឡេស៊ី បច្ចុប្បន្ន ជាប្រទេសមួយដែលមានករណីឆ្លងកូវីដ ច្រើនជាងគេក្នុងតំបន់អាស៊ាន ហើយបើគិតត្រឺមថ្ងៃទី ២ ខែកញ្ញា ម៉ាឡេស៊ីមានអ្នកឆ្លងថ្មីចំនួនជិត ១ម៉ឺន ៩ពាន់នាក់ និង អ្នកស្លាប់ចំនួនជិត ៣០០នាក់ ដែលធ្វើឱ្យអ្នកឆ្លងសរុមក្នុងប្រទេសនេះកើនឡើងរហូតដល់ប្រមាន ១លាន ៨សែននាក់ និងអ្នកស្លាប់សរុបជិត ១ម៉ឺន ៧ពាន់នាក់។
ជាមួយនឹងចំនួនអ្នកឆ្លងយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ក្រសួងសុខាភិបាលម៉ាឡេស៊ីថ្មីៗនេះគ្រោងនឹងចេញការណែនាំឱ្យពលរដ្ឋត្រូវធ្វើតេស្តរកមេរោគដោយខ្លួនឯងជាប្រចាំ។ រដ្ឋមន្ត្រីសុខាភិបាល លោក Khairy Jamaluddin បាននិយាយថាគោលនយោបាយនេះគឺជាជម្រើសមួយប្រសិនបើរដ្ឋាភិបាលមិនបានចេញច្បាប់កាតព្វកិច្ចសម្រាប់ចាក់វ៉ាក់សាំង។ រដ្ឋមន្ត្រីសុខាភិបាល និយាយថា យើងនឹងចេញនូវគោលនយោបាយធ្វើតេស្តថ្នាក់ជាតិ ដោយសង្ឃឹមថាវានឹងជួយដល់អ្នកដែលបដិសេធមិនចាក់វ៉ាក់សាំង និង អ្នកមិនអាចចាក់វ៉ាក់សាំង។មកដល់ពេលនេះ ពលរដ្ឋម៉ាឡេស៊ីបានចាក់វ៉ាក់សាំងចំនួន១ដូសប្រមាណជិត ២០លាននាក់ និង គ្រប់ ២ដូស ចំនួនជាង ១៥លាននាក់។ បើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA។
យើងក្រឡេកទៅមើលប្រទេសថៃក្បែរខាងកម្ពុជាឯណោះវិញ ឃើញថា នៅមិនទាន់ស្រាកស្រាននៅឡើយទេ ខណៈអ្នកឆ្លងថ្មីនៅតែខ្ពស់ដដែល !
ទោះបីរលកឆ្លងមានការធ្លាក់ចុះពី ២ម៉ឺនករណី មកនៅត្រឹមជាង១ម៉ឺនករណីក្នុងមួយថ្ងៃក្តីក៏ចំនួននេះនៅតែខ្ពស់ដដែល បើប្រៀបនឹងប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ានផ្សេងលើកលែងតែម៉ាឡេស៊ី។
ជាក់ស្ដែង បើគិតត្រឹមថ្ងៃទី២ ខែកញ្ញានេះ អ្នកឆ្លងថ្នីមានចំនួនជិត ១ម៉ឺន ៥ពាន់នាក់ ខណៈអ្នកស្លាប់មានដល់ជាង ៣រយនាក់។ នេះបើតាមទិន្ន័យពីក្រសួងសុខាភិបាលថៃ។
ទោះបីជា ប្រទេសថៃកំពុងលង់ខ្លួនជ្រៅក្នុងវិបត្តិកូវីដ-១៩ក៏ដោយ ប្រទេសនេះបានប្រកាសថា នឹងចាប់ផ្ដើមការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ដល់ប្រជាជនរបស់ខ្លួនប្រហែល ៣ លាននាក់នៅខែកញ្ញាខាងមុខនេះដែរហើយ ដោយក្នុងនោះថៃបានជ្រើសយក វ៉ាក់សាំង ប្រភេទ AstraZeneca និង Pfizer ដើម្បីប្រើប្រាស់ជាដូសជំរុញ។ ដោយឡែក គិតត្រឹមថ្ងៃទី៣០ ខែសីហា អ្នកចាក់វ៉ាក់សាំង១ ដូសមានប្រមាណ ២៣ លាននាក់ ក្នុងនោះអ្នកចាក់គ្រប់២ដូសមានចំនួនប្រហែល ៧លាននាក់។
យើងបន្តទៅមើលប្រទេសវៀតណាមក្បែរខាងកម្ពុជាយើងនេះដែរ កំពុងមានការផ្ទុះឆ្លងឡើងកាន់តែខ្ពស់នៃការឆ្លងកូវីដ ស្របពេលដែលអត្រាអ្នកបាត់បង់ការងារកើនដល់ ៦២%។
យើងបន្តទៅមើលប្រទេសវៀតណាមក្បែរខាងកម្ពុជាយើងនេះដែរ កំពុងមានការផ្ទុះឆ្លងឡើងកាន់តែខ្ពស់នៃការឆ្លងកូវីដ ស្របពេលដែលអត្រាអ្នកបាត់បង់ការងារកើនដល់ ៦២%។
ទីក្រុងហូជីមិញ និងខេត្តភាគខាងត្បូងនៃប្រទេសវៀតណាម ត្រូវបានសង្កេកឃើញថា ជាតំបន់ក្រហមដែលមានការឆ្លងរីករាលច្រើនជាហគេបំផុត។ ខណៈនៅរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទីក្រុងហូជីមិញត្រូវបានរាយការណ៍មានអ្នកឆ្លងក្នុងរង្វង់ ៥ពាន់នាក់ក្នុងមួយថ្ងៃ ទន្ទឹមនេះវៀតណាមនៅថ្ងៃទី១ ខែសីហា បានកត់ត្រាពីចំនួនអ្នកឆ្លងថ្មីប្រមាណ ១ម៉ឺនករណី ហើយអ្នកស្លាប់ថ្មី ជាង ៨០០នាក់ ដែលតួលេខនេះ ធ្វើឲ្យអ្នកឆ្លងសរុបនៅវៀតណាម បានកើនឡើងដល់ជាង ៤៧ ម៉ឺននាក់ ខណៈអ្នកស្លាប់សរុបមានប្រមាណ ១ម៉ឺននាក់។
ជុំវិញវិបត្តិកូវីដនៅវៀតណាមបានធ្វើឱ្យពលរដ្ឋវៀតណាមជាច្រើនបានបាត់បង់ការងារ ដោយសារវិធានការរឹតត្បឹតកាន់តែខ្លាំងឡើងៗ។ ជាក់ស្ដែងតាមការធ្វើសម្រង់មតិមនុស្សជិត ៧ម៉ឺននាក់ បានបង្ហាញថាមានអ្នកបាត់បង់ការងាររហូតទៅដល់ ៦២%។ ខណៈមនុស្សជាង ៣៨%នៅតែមានការងារធ្វើ ហើយភាគច្រើនពួកគេធ្វើការពីផ្ទះ។ ចំណែកអ្នកផ្សេងទៀតធ្វើការក្រៅម៉ោង ឬ ស្នាក់នៅក្នុងរោងចក្ររបស់ពួកគេ។
សូមរំលឹកថា វៀតណាមទើបតែទទួលបានវ៉ាក់សាំងពីសហរដ្ឋអាមេរិក១លានដូសបន្ថែម ចំពេលដែលវៀតណាមកំពុងខ្វះខាតវ៉ាក់សាំង។ តាមរយៈវៀតណាមអាចនឹងពន្លឿនការចាក់វ៉ាក់សាំងជួនប្រជាជនខ្លួនកាន់តែលឿន។ គិតត្រឹមថ្ងៃទី៣១ ខែសីហា នៅវៀតណាមមានអ្នកបានចាក់វ៉ាក់សាំង ១ ដូសមានប្រមាណ ១៧លាននាក់ ក្នុងនោះអ្នកចាក់គ្រប់ ២ដូសមានចំនួនប្រហែល ២លាន ៦សែននាក់។
យើងទៅមើលប្រទេសឥណ្ឌូនេស៊ីឯណោះវិញ អត្រាអ្នកឆ្លងមានការធ្លាក់ចុះគួឱ្យកត់សម្គាល់ មកត្រឺមតែជាង ១ម៉ឺនករណីក្នុងមួយថ្ងៃ
ប្រទេសឥណ្ឌូនេស៊ីនជាប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងតំបន់អាស៊ានហើយបើគិតត្រឹម ថ្ងៃ ទី១ ខែកញ្ញា ឥណ្ឌូនេស៊ីមានអ្នកឆ្លងកូវីដ១៩សរុបចំនួនជាង ៤ លាន ១ សែន នាក់ ស្លាបបាត់បង់ជីវិត ជាង ១ សែន ៣ ម៉ឺននាក់ ខណៈ ចំនួនឆ្លងថ្មីមានជាង ១ ម៉ឺននាក់ ក្នុងមួយថ្ងៃ នេះជាចំនួនមួយដែលធ្លាក់ចុះគួរឱ្យកត់សម្គាល់ បៀធៀបនៅនឹងខែមុនៗមានជាង ៣ទៅ៤ម៉ឺនករណីក្នុងមួយថ្ងៃ។
ក្រោយករណីឆ្លងកូវីដ១៩នៅឥណ្ឌូនេស៊ីបានថយចុះ រដ្ឋាភិបាលប្រទេសមួយនេះ បានផ្តើមបើកសាលារៀនឡើងវិញ ព្រមទាំងបានអនុញ្ញាតឲ្យសិស្សានុសិស្សចូលមករៀននៅក្នុងថ្នាក់ឡើងវិញជាបណ្តើរៗហើយ ចាប់ពីថ្ងៃច័ន្ទទី ៣០ ខែសីហា ឆ្នាំ២០២១នេះតទៅ ដោយភ្ជាប់មកជាមួយនូវវិធានការណ៍ការពារតឹងរឹងផងដែរ។
ប៉ុន្តែកាលវិភាគសិក្សាគឺមានត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ខណៈថ្ងៃដែលនៅសេសសល់ គឺទុកសម្រាប់ការជូតសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគ រីឯចំនួនសិស្សនៅក្នុងថ្នាក់ក៏ត្រូវកំណត់នៅសល់ត្រឹមតែ៥០%ប៉ុណ្ណោះក្នុងមួយថ្នាក់។
ចំណែកឯករណីឆ្លងថ្មីនៅកម្ពុជាឯណេះវិញ ក៏មានភាពធូរស្បើយផងដែរ ដោយចំនួនអ្នកឆ្លងប្រចាំថ្ងៃធ្លាក់ចុះមកនៅត្រឹមតែជាង៤០០ក្នុងមួយថ្ងៃប៉ុណ្ណោះ
បើយើងក្រឡែកទៅមើលកាលពីប៉ុន្មានខែមុន កម្ពុជាមានករណីឆ្លងខ្ពស់ជិត១ពាន់ករណីក្នុងមួយថ្ងៃឯណោះ តែបច្ចុប្បន្ននេះ កម្ពុជាធ្លាក់ចុះមកនៅត្រឺម ៤ ទៅ៥ រយករណីប៉ុណ្ណោះ។ ជាក់ស្ដែងនៅថ្ងៃទី២ ខែសីហា នេះ កម្ពុជារកឃើញករណីឆ្លងតែ ៤១៦ ករណីនិងស្លាប់ ១២នាក់។ ទន្ទឹមនេះ កម្ពុជាជាប់ឈ្មោះនៅលេខរៀងទី២ បន្ទាប់ពីសឹង្ហបុរីជាប្រទេសសម្រេចបានការចាក់វ៉ាក់សាំងច្រើនជាងគេក្នុងតំបន់អាស៊ាន។
សូមជម្រាបថា ប្រទេសកម្ពុជាគិតត្រឹមថ្ងៃទី១ ខែកញ្ញា មានប្រជាជនប្រមាណជាង ៨ លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងគ្រប់ចំនួន ២ដូសស្មើនឹងប្រមាណ ៩៣% នៃផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋ ពេញវ័យ ១០ លាននាក់ និងអ្នកចាក់វ៉ាក់សាំងដូសជំរុញមានជាង ៦សែននាក់៕
អត្ថបទ៖ ស៊ើង និមល់