
លោកជំទាវ ឱ វណ្ណឌីន បាននិយាយនៅក្នុងកិច្ចជជែកពិភាក្សាគ្នាអំពីការរាយការណ៍ព័ត៌មានអំពីកូវីដ១៩ ដូច្នេះថា “ការពិតទៅ ថ្វីត្បិតស្ថានភាពយើង បានឆ្លើយតបល្អប្រសើរក៏ពិតមែន ក៏ប៉ុន្តែ ដូចដែលខ្ញុំបានពន្យល់ពីម្សិលមិញអ៊ីចឹង នៅឯសន្និសីទសារព័ត៌មានរបស់ក្រសួងសុខាភិបាល គឺស្ថានភាពរបស់យើង បើយើងពិនិត្យទៅ គឺសិ្ថតនៅក្នុងស្ថានភាព បើភាសាអង់គ្លេសគេថា alarming នៅឡើយទេ។”
លោកជំទាវ ឱ វណ្ណឌីន បាននិយាយបន្តនៅក្នុងកម្មវិធីដែលរៀបចំដោយ សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា ដូច្នេះថា “អ្វីទៅដែលហៅ alarming គឺយើងស្ថិតនៅក្នុងស្ថានភាពដែលត្រូវតែប្រកាន់យកនូវការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយយើងមិនត្រូវភ្លេចខ្លួននោះទេ ហើយខ្ញុំបាននិយាយហើយនិយាយទៀត គឺស្ថានភាពរបស់យើងនេះ អាចបុគ្គលមួយៗ គឺអាចងាយស្រួលនូវការភ្លេចនូវការឆ្លងវីរុសកូវីដ១៩ ប៉ុន្តែ វីរុសកូវីដ១៩មិនដែលភ្លេចយើងទេ។”
លោកជំទាវ ឱ វណ្ណឌីន បានអះអាងថា បើប្រជាពលរដ្ឋមានការធ្វេសប្រហែសកន្លែងណាមួយ គឺមេរោគនឹងវាយលុកសាជាថ្មីឡើងវិញ ដូច្នេះហើយ នេះជាការព្រួយបារម្ភការចម្លងរលកទីពីរនៃវីរុសកូវីដ១៩នេះ។
យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ស្ថានភាពជំងឺកូវីដ១៩ នៅកម្ពុជា មានអ្នកជាសះស្បើយសរុបកើនឡើងដល់ ១១៩នាក់ ខណៈដែលអ្នកដែលកំពុងព្យាបាលបានថយចុះមកនៅចំនួន ០៣នាក់៕