ក្រុមហ៊ុន CP បានបង្ហាញនូវគោលបំណងរបស់ខ្លួននេះ គឺនៅក្នុងជំនួបរវាងតំណាងរបស់ក្រុមហ៊ុនខ្លួន ជាមួយនឹងឯកឧត្តម ប៉ាន សូរស័ក្ដិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃតី ២៤ ខែមករាឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ។
ថ្លែងនៅក្នុងជំនួបនោះ ឯកឧត្តម ប៉ានសូរស័ក្ដិ បានឲ្យដឹងថា កម្ពុជាមានការដាំដុះកាហ្វេភាគច្រើននៅក្នុងតំបន់ទិសភាគ ឦសាន នៃប្រទេស ហើយកម្ពុជាក៏មានសមាគមផលិតកាហ្វេនៅទីនោះផងដែរ ដែលខាងក្រុមហ៊ុន CP អាចចុះត្រួតពិនិត្យ និងសិក្សាពីលទ្ធភាពបាន។
ឯកឧត្តម ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍យ៉ាងដូច្នេះថា «ការដាំដុះដំណាំកាហ្វេ គឺមានច្រើននៅខេត្តមណ្ឌលគិរី និងរតនគិរី ហើយលើកទឹកចិត្តឲ្យក្រុមហ៊ុនស៊ីភី ចុះពិនិត្យដោយផ្ទាល់ និងសហការជាមួយសហគមន៍ផលិតគ្រាប់កាហ្វេនៅទីនោះ ដើម្បីពិនិត្យលើលទ្ធភាពជាក់ស្ដែង។»
បន្ថែមពីនេះទៀត ឯកឧត្តម រដ្ឋមន្ត្រី ក៏បាន លើកទឹកចិត្តឲ្យក្រុមហ៊ុនស៊ីភី បង្កើនប្រតិបត្តិការរបស់ក្រុមហ៊ុននៅកម្ពុជាឲ្យបានច្រើនលើសពីការវិនិយោគបច្ចុប្បន្នបន្ថែមទៀត ជាពិសេសការកែច្នៃអង្ករ ដំឡូងមី ពោត និងផលិតផលដទៃទៀត ដែលសុទ្ធសឹងតែជាផលិតផលមានសក្ដានុពលសម្រាប់នាំចេញ។ គួរបញ្ជាក់ថា ដ្បិតថា កម្ពុជា មានការដាំដុះកាហ្វេនៅក្នុងស្រុកក៏ពិតមែន ប៉ុន្ដែ ការប្រើប្រាស់កាហ្វេនៅតាមហាងកាហ្វេភាគច្រើន ត្រូវបានគេមើលឃើញថា គឺមានការនាំចូលពីក្រៅប្រទេស៕