គិតចាប់តាំងពី ខែមីនាដល់ខែ ថ្ងៃទី២២ កញ្ញា ឆ្នាំ២០២១ សាជីវកម្មធានាឥណទានបានផ្ដល់ការធានាឥណទានចំនួន៨៨ករណីហើយ ដែលមានទំហំទឹកប្រាក់កម្ចីសរុប ជាង១២ លានដុល្លារអាមេរិក។ ក្នុងចំណោមឥណទានដែលទទួលបានការធានាទាំងនេះមានប្រមាណ ៨១% មានបញ្ហាខ្វះទ្រព្យបញ្ចាំ ដែលវាស្របតាមបេសកកម្មរបស់សាជីវកម្មមួយនេះ។ នេះបើតាមការបញ្ជាក់របស់ CGCC។
បច្ចុប្បន្ន សាជីវកម្មធានាឥណទានកម្ពុជា ដែលមានដើមទុនសម្រាប់ការធានាឥណទានរហូតដល់ ២០០លានដុល្លារអាមេរិក ហើយបច្ចុប្បន្ន មានគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន១៥ហើយ ដែលជាដៃគូ។
អ្វីដែលគួរឲ្យកត់សម្គាល់ក្នុងចំណោមអាជីវម្មដែលទទួលបានការធានាខាងលើ ភាគច្រើនលើសលប់ជាអាជីវកម្មស្ថិតក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម ពោលគឺមានចំនួន៩៤% នៃអាជីវកម្មដែលទទួលបានការធានាសរុប។
ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាជីវកម្មធានាឥណទានកម្ពុជា CGCC មានប្រសាសន៍ថា “ការដាក់ឱ្យដំណើរការនូវគម្រោង ធានាឥណទានសម្រាប់សហហិរញ្ញប្បទាន គឺជាការឆ្លើយតបទាន់ពេលវេលា និងជាការគាំទ្របន្ថែមយ៉ាងសំខាន់ លើគម្រោងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម ជំហានទី២ របស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការចែករំលែកហានិភ័យជាមួយ PFIs។ គម្រោងទាំងពីរនេះ នឹងបំពេញបន្ថែមគ្នាទៅវិញទៅមក ក្នុងការដោះស្រាយនូវបញ្ហាប្រឈមចម្បង ២យ៉ាង ក្នុងការទទួលបានហិរញ្ញប្បទាន របស់សហគ្រាសធុនតូច និងមធ្យម ដែលទីមួយគឺ ការចំណាយខ្ពស់ក្នុងការទទួលបានកម្ចី និងទីពីរគឺ កង្វះទ្រព្យបញ្ចាំ”។
សាជីវកម្មធានាឥណទាន គឺជាស្ថាប័នរដ្ឋមួយ ដែលផ្តល់ការគាំទ្រដល់ស្ថាប័នហិរញ្ញវត្ថុចូលរួម ដើម្បីផ្តល់ហិរញ្ញប្បទានជូនដល់ក្រុមហ៊ុនអាជីវកម្ម ដែលមានលទ្ធភាពសង ប៉ុន្តែខ្វះទ្រព្យបញ្ចាំ ដោយផ្តល់ការធានា ដែលដើរតួនាទីជាទ្រព្យបញ្ចាំ ចន្លោះពី៧០% ទៅ ៨០% នៃប្រាក់កម្ចីរបស់ក្រុមហ៊ុនទាំងនោះ។ គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្មនេះ មានសុពលភាពរហូតដល់ចុងឆ្នាំ២០២២៕