ទីផ្សារក្រពើ​ធ្លាក់ថ្លៃ!

កសិកដ្ឋានចិញ្ចឹមក្រពើកំពុងប្រឈមនឹងការបិទទ្វារ បន្ទាប់ពីតម្លៃកូនក្រពើដាំក្បាលចុះជាច្រើនឆ្នាំជាប់គ្នា


ប៉ុន្មានឆ្នាំចុងក្រោយមកនេះ ម្ចាស់កសិកដ្ឋានចិញ្ចឹមក្រពើ បានត្អូញត្អែរដដែលជាដដែលពីរឿងទីផ្សារកូនលក់បន្ដធ្លាក់ថ្លៃខ្លាំង ដោយនៅឆ្នាំនេះ តម្លៃកូនក្រពើបានធ្លាក់ចុះមកនៅទាបបំផុត ត្រឹម២ដុល្លារប៉ុណ្ណោះ ក្នុងក្បាល រហូតបានធ្វើឲ្យកសិដ្ឋានមួយចំនួន ពិសេសគឺកសិដ្ឋានខ្នាតតូច កំពុងតែប្រឈមនឹងការបិទទ្វារកាន់តែច្រើនឡើង ព្រោះតែមិនអាចរាប់រងថ្លៃចំណាយ ដ្បិតថា ចំណីក៏ថ្លៃ ហើយពិបាករកទិញថែមទៀត។ នេះបើតាមការអះអាងរបស់ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើនៅកម្ពុជា។
អ្នក​ចិញ្ចឹម​ក្រពើ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​សម្រាប់​ការ​លក់កូន​ក្រពើ។
ដោយ

លោកញឹម បូរាណ ម្ចាស់កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅខេត្ត​សៀមរាប បាន​ប្រាប់​ឲ្យដឹងថា តម្លៃកូនក្រពើ​បានធ្លាក់ចុះ​ច្រើនឆ្នាំមកហើយ ដែលធ្វើឲ្យ​ម្ចាស់កសិដ្ឋាន​កំពុង​ប្រឈម​មុខ​នឹងការលំបាក​កាន់តែខ្លាំង រហូតបានធ្វើ​ឲ្យ​អ្នកខ្លះ​លក់​ក្រពើ​ចោលអស់ ងាកទៅរកស៊ី​របរអ្វីផ្សេងទៀត។ លោក បូរាណ បាន​បញ្ជាក់ទៀតថា នៅឆ្នាំនេះ តម្លៃកូនក្រពើ​កាលពីដើមដៃ​ លក់បាន​តម្លៃប្រមាណ ១០​ដុល្លារដែរ ក្នុងមួយក្បាល តែក្រោយមក​បន្តចុះទាប​ទៅៗ​​មកនៅ​ត្រឹមតែតម្លៃទាប​បំផុត​ប្រមាណ ២ដុល្លារ ទៅ២ដុល្លារកន្លះ​ប៉ុណ្ណោះ ក្នុងមួយក្បាល។

ម្ចាស់កសិកដ្ឋាន​ចិញ្ចឹមក្រពើ​រូបនេះ បាន​គូសបញ្ជាក់ទៀតថា ស្របពេលដែល​ក្រពើធ្លាក់ថ្លៃ ដោយសារតែ​ទប់នឹងការចំណាយ​លើ​ចំណី​ក្រពើ​មិនបាន​ម្ចាស់កសិដ្ឋានខ្នាតតូច ដែលមិនមាន​ដើមទុន​បង្វិល​គ្រប់គ្រាន់ ក៏បាន​សម្រេច​លក់​មេក្រពើ​របស់ខ្លួន​ចេញ ហើយមានអ្នកខ្លះទៀត​លក់ក្រពើចោលអស់ ទៅរក​ស៊ីរបរ​ផ្សេងទៀតក៏មាន។

ត្រីចំណីក្រពើភាគច្រើនទិញមកពីប្រទេសថៃ ដែលមានតម្លៃប្រមាណ ជាង​២លានរៀលក្នុងមួយតោន ខណៈដែលក្រពើមេមួយក្បាល​ត្រូវចំណាយលើចំណី​ប្រមាណ​៥០ ដុល្លារ​សម្រាប់រយៈពេល​១ឆ្នាំ។ នេះបើតាម​ការបញ្ជាក់របស់​ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើខេត្តសៀមរាប។ 

ស្របពេល​ដែល​ ក្រពើធ្លាក់ថ្លៃ ម្ចាស់​កសិដ្ឋាន​ខ្នាតធំមានទុនច្រើន ក៏បាន​ឆ្លៀតឱកាស​ទិញ​មេក្រពើ​ពូជ​ទុក ដោយរំពឹងថា ទីផ្សារ​កូនក្រពើ​នឹងងើបឡើងថ្លៃ​វិញ។

យ៉ាងណាមិញ លោក ញឹម បូរាណ បាន​លើកឡើងថា លោកក៏បាន​ប្រមូលទិញក្រពើ​ពី​អ្នកចិញ្ចឹម​ខ្នាតតូច មកចិញ្ចឹម​បន្តដែរ ដោយកាលពីប៉ុន្មាន​ឆ្នាំមុន ក្រពើលោកមានតែជាង ១០០ ក្បាលទេ ប៉ុន្ដែឥឡូវ​កើនដល់​ទៅ ជាង៣០០ ក្បាលហើយ។ យ៉ាងណាក៏ដោយ មកទល់នឹង​ឆ្នាំនេះ តម្លៃ​ក្រពើនៅតែ​យ៉ាប់យឺនដដែល​ ដែលបានជំរុញ​ឲ្យលោក ញឹម បូរាណ​កំពុងពិចារណា​លក់​មេក្រពើ​ចេញវិញខ្លះដែរ ប៉ុន្ដែ ហាក់ដូចជា​ស្ងាត់​អ្នកទិញទៅវិញ នៅមួយរយៈ​ចុងក្រោយនេះ។

លោក វ៉ា សំណព្វ ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ​វ៉ា សំណព្វ​នៅខេត្តសៀមរាប បាន​បញ្ជាក់ថា បញ្ហា​ទីផ្សារក្រពើ​ធ្លាក់ថ្លៃនេះ គឺបាន​អូសបន្លាយមក​៥ឆ្នាំមកហើយ។ លោកបន្ថែមថា ទីផ្សារនាំចេញ​ក្រពើ​ ដ្បិតតែមានទីផ្សារ​សម្រាប់នាំចេញមែន តែ​ការចិញ្ចឹម​របស់​ម្ចាស់កសិដ្ឋាន​ភាគច្រើន​នៅមានកម្រិត​បច្ចេកទេស​នៅឡើយ មិនទាន់អាចឆ្លើយតប​តាមស្ដង់ដារនៅឡើយ។ លើសពីនេះ តម្លៃ​សម្រាប់​ការចំណាយ​លើ​ការរៀបចំ​នីតិវិធី​នាំចេញ​ក្រពើ​ក៏មានខ្ពស់ដែរ ពោលគឺខ្ពស់ជាងប្រទេស​ជិតខាងទៅទៀត ដោយសារតែមាន​ការ​ចំណាយក្រៅផ្លូវការ​ច្រើន ចំណាយក្រោមតុនានា។ ដូច្នេះ លោក ក៏ស្នើដល់​រាជរដ្ឋាភិបាល​ជួយសម្រួល​ដល់​នីតិវិធីនាំចេញ​ក្រពើនេះ ឲ្យមានភាព​ងាយស្រួល និងតម្លៃទាប​អាចប្រកួតប្រជែងបាន។ 

ជាមួយគ្នានេះដែរ លោក កាំង សារិនម្ចាស់​កសិដ្ឋាន Cambo Crocodile Farm ដែល​​ជា​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ដ៏​ធំ​និង​មាន​អាយុ​កាល​យូរ​ជាង​គេ​បង្អស់ នៅ​សង្កាត់​ព្រែក​កំពឹស ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ បាន​ប្រាប់ឲ្យដឹងថា ស្របពេល​ដែល​ក្រពើ​កំពុងធ្លាក់ថ្លៃខ្លាំង​យ៉ាងដូច្នេះ អ្នកដែល​មិនមាន​មុខរបរផ្សេង ឬទុនបង្វិល​មកទប់​នឹងការចំណាយទេ នោះ​ពិតជាប្រឈម​នឹង​ការបិទកសិដ្ឋានមែន។

លោក កាំង សារិន បាន​បញ្ជាក់ថា បញ្ហាក្រពើធ្លាក់ថ្លៃ​នៅប៉ុន្មានឆ្នាំមកនេះ គឺដោយសារតែ​ទីផ្សារកូនក្រពើ​របស់កម្ពុជា ពឹងផ្អែកខ្លាំងតែលើ​ទីផ្សារវៀតណាមតែមួយគត់ ខណៈដែលថៃធ្លាប់តែ​ចូលមកទិញ​កូនក្រពើដែរនោះ លែងចូលមកទិញដូចមុន ព្រោះថៃ​ក៏មានចិញ្ចឹម​ក្រពើ​ច្រើនណាស់ដែរបច្ចុប្បន្ននេះ។ ដូច្នេះហើយ ធ្វើឲ្យឈ្មួញវៀតណាម​បានឱកាស​ជិះសេះលែងដៃ ទាញ​ទម្លាក់​ថ្លៃទីផ្សារក្រពើកម្ពុជា។​ 

លោកកាំង សារិន បានលើកឡើងទៀតថា អំឡុងពេល​ក្រពើធ្លាក់ថ្លៃនេះដែរ លោកក៏បាន​ឆ្លៀតទិញ​មេក្រពើ​​ពូជ​ទុកចិញ្ចឹម និងរំពឹងថា ទីផ្សារ​នឹងងើបឡើងថ្លៃវិញ នៅឆ្នាំក្រោយៗទៀត ដោយមួយ​រយៈចុងក្រោយនេះ លោកបាន​ទិញក្រពើ​ប្រមាណ​៤០០ក្បាលបន្ថែម ធ្វើឲ្យកសិដ្ឋាន​របស់លោក មានក្រពើ​កើនដល់ទៅ​ប្រមាណ​២ពាន់ក្បាលហើយ។  

ម្ចាស់កសិដ្ឋាន​ចិញ្ចឹមក្រពើ​សំណូមពរ​ឲ្យរដ្ឋាភិបាល​គិតគូ​ជួយធ្វើយ៉ាងណា​ជួយឲ្យមាន​ក្រពើ​អាចនាំចេញ​ផ្ទាល់ទៅ​កាន់ប្រទេសចិនបន្ថែមទៀត ព្រោះបច្ចុប្បន្ន​ចិន​កំពុង​មានតម្រូវការ​ខ្ពស់ ហើយវៀតណាមទិញកម្ពុជាទៅ​ ក៏យកទៅចិញ្ចឹម​ដើម្បី​ផ្គត់ផ្គង់ទីផ្សារចិនដែរ។

ទាក់ទិន​​នឹង​បញ្ហាទីផ្សារ​ក្រពើ​ធ្លាក់ថ្លៃនេះដែរ​ មន្ត្រី​នាយកដ្ឋាន​អភិរក្សជលផល​នៃក្រសួង​កសិកម្មរុក្ខាប្រមាញ់ និងនេសាទ បាន​បញ្ជាក់ដោយ​ស្នើសុំ​មិនបញ្ចេញ​ឈ្មោះថា វា​ជានិ្នការ​ទីផ្សារ​ពិភពលោក​ ដែលវា​មានឡើងមាន​ចុះ​ជារឿង​ធម្មតា ហើយក៏មិនមែន​មានតែទីផ្សារ​ក្រពើទេ ដែលធ្លាក់ថ្លៃ ដំណាំកសិផល​ផ្សេងៗទៀត​ក៏ធ្លាក់ថ្លៃដូចគ្នាដែរ។ យ៉ាងណាក៏ដោយ រដ្ឋាភិបាល​ក៏បាន​និងកំពុងយកចិត្តទុកដាក់​លើបញ្ហានេះដែរ។  

ជុំវិញការលើកឡើងថា ក្រពើ​គ្មានទីផ្សារ មន្ត្រី​នាយកដ្ឋាន​អភិរក្សជលផល បានអះអាងថា វាការលើកឡើង​មិនពិតនោះទេ បច្ចុប្បន្ន កម្ពុជា​មានទីផ្សារច្រើន​ដូចជា​ចិន ម៉ាឡេស៊ី និងថៃជាដើម ដើម្បីនាំចេញ​ស្បែកក្រពើ ប៉ុន្ដែ​ម្ចាស់កសិដ្ឋាន​ភាគច្រើន​គាត់​ច្រើនតែចិញ្ចឹម​លក់យកកូន​ដើម្បី​បានចំណូល​បានមក​វិញបានលឿន។

យ៉ាងណាក៏ដោយចុះ ម្ចាស់កសិដ្ឋាន​ចិញ្ចឹមក្រពើ បាន​បញ្ជាក់ដែរថា ការចិញ្ចឹម​ក្រពើ​យកស្បែកនេះ​វា​ជាការចំណាយពេលយូរ និងដើមទុនច្រើន ហើយវាក៏​ទាមទារ​ឲ្យមាន​បច្ចេកទេស​ចិញ្ចឹម​តាមស្ដង់ដារ​កំណត់​ផងដែរ ដែលវា​ពិតជារឿងលំបាក​ណាស់​សម្រាប់​កសិដ្ឋាន​ធ្វើតាមការកំណត់នោះ៕ 

None



អត្ថបទបន្ទាប់


ជប៉ុន នឹងផ្ដល់ជំនួយឥតសំណងប្រមាណ ២២ លានដុល្លារ ដល់កម្ពុជា សម្រាប់គម្រោងទឹកស្អាតនៅខេត្តពោធិ៍សាត់

រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ហិរញ្ញប្បទានឥតសំណង ក្នុងចំនួនទឹកប្រាក់ជាង២ពាន់៤០០ លានយ៉េន ឬស្មើនឹងប្រមាណ២២ លានដុល្លារអាមេរិក ដល់កម្ពុជា ដើម្បី …

ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមឈានដល់ជិត ៤ពាន់លានដុល្លារ នៅ ៣ត្រីមាស នៅឆ្នាំនេះ

គិតត្រឹមរយៈពេល ៣ត្រីមាសដំបូង ដើមឆ្នាំ ២០១៩នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសវៀតណាម បានឈានដល់ ៤ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ