តាមរយ:សេចក្តីថ្លែងការរួមចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៩, សហពន្ធ័, សហជីព, សមាគម, សហគមន៏, អង្គការសង្គមស៊ីវិលជាតិ, អន្តរជាតិ, រួមទាំងអ្នកការពារសិទ្ធិមនុស្ស បានអះអាងថា វិធានការផ្អាកនេះ ក៏ត្រូវតែអនុវត្តផងដែរ ចំពោះសំណង់នានានៅទូទាំងប្រទេសកម្ពុជា ដែលសង្ស័យថា មិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ និងធ្វើការសាងសង់តាមបទដ្ឋានសុវត្ថិភាពត្រឹមត្រូវ។
សេចក្តីថ្លែងការណ៍នោះបាននិយាយផងដែរថា«ជំរុញឲ្យមានការចុះធ្វើអធិការកិច្ចការងារជាប្រចាំឲ្យមានប្រសិទ្ធិភាពនិងតម្លាភាព ដើម្បីពិនិត្យមើលពីលក្ខខណ្ឌសុវត្ថិភាព និងបទដ្ឋានការងាររបស់កម្មករសំណង់នៅទូទាំងប្រទេសកម្ពុជា។»
ការបាក់អគារកម្ពស់៧ជាន់កាលពីថ្ងៃទី២២ ខែមិថុនា គឺជាសោកនាដកម្មដ៏ធំបំផុត សម្រាប់ប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីករណីរត់ជាន់គ្នានៅកោះពេជ្រ កាលពីឆ្នាំ ២០១០ ដែលពេលនោះ មានមនុស្សស្លាប់ជាង ៣០០នាក់។
ភ្លាមៗនៅក្រោយព្រឹត្តិការណ៍សោកនាដកម្មបាក់អគារនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដកលោក ញឹម វណ្ណដា ពីតំណែងជាទេសរដ្ឋមន្ត្រី និងជាអនុប្រធាន ទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយសារ «ខ្វះការទទួលខុសត្រូវ និងភូតភរ»។
រីឯអភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន ក៏បានលាលែងតំណែងផងដែរ ដែលសម្រាប់មនុស្សខ្លះគេបានមើលឃើញគាត់ថា ជាវីរបុរសព្រោះជាប្រវត្តិសាស្រ្តហើយ មិនដែលមានមន្រ្តីណាលាលែងតំណែងព្រោះតែកំហុសអីទេ។
ក៏ប៉ុន្តែរដ្ឋាភិបាលត្រូវបានគេរិះគន់យ៉ាងខ្លាំងនៅពេលដែលលោកញឹម វណ្ណដា ត្រូវបានតែងតាំងទីប្រឹក្សារដ្ឋាភិបាលហើយលោកយន្ត មីន ឡើងផ្កាយ៤ ហើយជារដ្ឋលេខាធិការក្រសួងការពារជាតិ។
តំណាងអង្គការ សង្គមស៊ីវិលក៏បានអំពាវនាវឲ្យមានការស្រាវជ្រាវរកជនល្មើសមកផ្តន្ទាទោសតាមច្បាប់ រីឯអ្នកផ្សំគំនិតក៏ត្រូវទទួលទោសដូចអ្នកប្រព្រឹត្ដផ្ទាល់ដែរ ហើយអាជ្ញាធរមានសមត្ថកិច្ចត្រូវតែទទួលខុសត្រូវលើគ្រោះថ្នាក់ ទទួលទោសដូចអ្នកប្រព្រឹត្តដែរ។
តំណាងអង្គការ សង្គមស៊ីវិលក៏បានស្នើឲ្យមានការបញ្ឈប់ជាបន្ទាន់នូវសកម្មភាពម៉ៅការបន្តដែលគ្មានអាជ្ញាប័ណ្ណ។
បន្ទាប់ពីការបាក់អគារ តុលាការខេត្តព្រះសីហនុ បានចោទប្រកាន់អ្នកពាក់ព័ន្ធទាំងអស់ចំនួន ៧នាក់ រួមទាំងជនជាតិចិន ៥នាក់, វៀតណាម ១នាក់, និងខ្មែរ ១នាក់ ពីបទមនុស្សឃាតដោយអចេតនា, បង្ករបួសស្នាមដោយអចេតនា និងបទបង្កឲ្យខូតខាត៕