ឯកឧត្តម ស៊ូ សុជាតិ បានគូសបញ្ជាក់ទៀតថា វិបត្តិសកលទាក់ទងនឹងជំងឺរលាកផ្លូវដង្ហើមកូរ៉ូណានេះសម្រាប់រយៈពេលនេះវាគ្រាន់ធ្វើឲ្យទីផ្សារមានភាពថមថយសកម្មភាពជួញដូរខ្លះៗប៉ុណ្ណោះ ប៉ុន្តែមិនបានធ្វើឲ្យទីផ្សារមួយនេះជួបវិបត្តិធ្ងន់ធ្ងរឡើយ ព្រោះទីផ្សារភាគហ៊ុននៅកម្ពុជាជាទីផ្សារមួយដែលអាចធានាតម្លាភាព និងអាចគ្រប់គ្រងបាន ខណៈបច្ចុប្បន្នមានចំនួនក្រុមហ៊ុនចុះបញ្ជី៥ និងក្រុមហ៊ុនលក់មូលបត្របំណុល៣តែប៉ុណ្ណោះ។
គួរជម្រាបថា វិបត្តិសកលទាក់ទងនឹងជំងឺផ្លូវដង្ហើម កូរ៉ូណានេះ បច្ចុប្បន្ន កំពុងតែជះឥទ្ធិពលអាក្រក់ដល់សកលលោក និងសឹងតែគ្រប់វិស័យ ជាពិសេសគឺ វិស័យសេដ្ឋកិច្ច និងទេសចរណ៍គឺរងឥទ្ធិពលខ្លាំង និងក្រៅពីនោះវិស័យឧស្សាហកម្ម កសិកម្ម ការលក់ដុំនិងរាយ និងការនាំចេញទំនិញមួយចំនួនក៏ត្រូវបានព្យាករណ៍ថា មានការថមថយដូចគ្នាដែរ។
បើតាមរបាយការណ៍ពី គណៈកម្មាធិការសុខាភិបាលចិន គិតត្រឹមព្រឹកថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ករណីមនុស្សឆ្លងមេរោគ Corona បានកើនដល់ជាង ២ម៉ឺននាក់ និងសម្លាប់មនុស្សអស់ជាង ៤២០នាក់ នៅក្នុងប្រទេសចិន ក្រៅពីនោះក៏មាន ការព្យាបាលបានជាសះស្បើយ ប្រមាណ ៦៥០នាក់។ បើទោះបីជាមានបញ្ហាមួយចំនួនកើតឡើងយ៉ាងណាក៏ដោយ ពិសេសវីរុសកូរ៉ូណា ប៉ុន្តែគណៈកម្មការមូលបត្រកម្ពុជាបានអះអាងថា នៅក្នុងឆ្នាំ២០២០ នេះក្រៅពីធនាគារអេស៊ីដាប្រកាសចុះបញ្ជីជាផ្លូវការនៅក្នុងត្រីមាសទី១នេះ ក៏នឹងមានក្រុមហ៊ុនពី៣ទៅ ៥ផ្សេងទៀតដែលនឹងអាចដាក់ពាក្យស្នើសុំការបោះផ្សាយសម្រាប់ឆមាសទី២ផងដែរ។
ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជាអះអាងថា គណៈកម្មការមូលបត្រកម្ពុជាកំពុងជំរុញខ្លាំងបំផុតគឺក្រុមហ៊ុន សហគ្រាសធនតូច និងមធ្យម ដែលនៅឆ្នាំ២០២០នេះបានបង្ហាញលទ្ធផលជាវិជ្ជមានច្រើន។ឯកឧត្តម ស៊ូ សុជាតិ បានឲ្យដឹងទៀតថា អត្តសញ្ញាណកម្មវិនិយោគិនមានការកើនឡើងគួរឲ្យកត់សម្គាល់ដែលគិតមកទល់នឹងពេលបច្ចុប្បន្ននេះចំនួនគណនីរបស់វិនិយោគិនមានរហូតជាង២,៤ ម៉ឺននាក់បានស្នើសុំរួចហើយ ខណៈកាលពីឆ្នាំ២០១៨ មានជាង១ម៉ឺននាក់ប៉ុណ្ណោះ។
ឯកឧត្តមបានធ្វើការប្រៀបធៀបផងដែរថា កាលពីឆ្នាំ កន្លងទៅក្នុងរយៈពេល៦ខែគណៈកម្មការមូលបត្រទទួលបានសំណើរបោះផ្សាយពីក្រុមហ៊ុនបោះផ្សាយមានតែ១ ក្រុមហ៊ុនប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នក្នុងរយៈពេលដូចគ្នាឆ្នាំ២០២០ គណៈកម្មការទទួលបានសំណើរបោះផ្សាយរហូត ៥ ក្រុមហ៊ុនក្នុងដៃសម្រាប់ជាការត្រួតពិនិត្យ។ សូមបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា មានក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ៨ ដែលរួមមាន ក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជីជាភាគហ៊ុន និង ៣ទៀត បានចុះបញ្ជីជាសញ្ញាបណ្ណ ហើយក្រុមហ៊ុនទាំង ៨ បានប្រមូលទុនពី ផ្សារមូលបត្រសរុបជាង ១៦០លានដុល្លារអាមេរិក៕