វិនិយោគិនក្នុងផ្សារមូលបត្រកម្ពុជានឹងបន្តកើនដល់៥ម៉ឺននាក់ក្នុងមួយថ្ងៃ

ថ្នាក់ដឹកនាំ CSX៖ វិនិយោគិនក្នុងផ្សារមូលបត្រកម្ពុជានឹងបន្តកើនដល់៥ម៉ឺននាក់ក្នុងមួយថ្ងៃ នៅត្រឹមដំណាច់ឆ្នាំ២០២៣


ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា បានបង្ហាញក្ដីរំពឹងថា នៅឆ្នាំ២០២៣នេះ ផ្សារមូលបត្រកម្ពុជា នឹងទទួលបានការស្នើសុំចុះបញ្ជីបន្ថែមទៀត និងបានព្យាករថា វិនិយោគិនជួញដូរក្នុងផ្សារមូលបត្រកម្ពុជា នឹងបន្តកើនដល់ចំនួន ៥ម៉ឺននាក់ក្នុងមួយថ្ងៃ នៅត្រឹមដំណាច់ឆ្នាំ២០២៣នេះ បើទោះបីជាស្ថានភាពទីផ្សារភាគហ៊ុនពិភពលោក និងតំបន់មានការរំជើបរំជួលនៅមួយរយៈចុងក្រោយនេះយ៉ាងណាក្ដី។
ថ្នាក់ដឹកនាំ CSX៖ វិនិយោគិនក្នុងផ្សារមូលបត្រកម្ពុជានឹងបន្តកើនដល់៥ម៉ឺននាក់ក្នុងមួយថ្ងៃ នៅត្រឹមដំណាច់ឆ្នាំ២០២៣

ថ្លែងក្នុងពិធីប្រកាសលទ្ធផលទូតសុឆន្ទៈផ្សារភាគហ៊ុន កាលពីពេលថ្មីៗនេះ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានកត់សម្គាល់ឃើញថា វិនិយោគិនក្នុងវិស័យផ្សារមូលបត្រនៅកម្ពុជា មានកំណើនខ្លាំងគួរឲ្យកត់សម្គាល់ នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ បើតាមឯកឧត្តម ហុង សុហួរ គិតមកដល់ពេលនេះ វិនិយោគិនក្នុងវិស័យផ្សារមូលបត្រកម្ពុជា មានវិនិយោគិនសរុបជាង ៣ម៉ឺន៤ពាន់នាក់ ខណៈជាមធ្យមនៃវិនិយោគិនថ្មីមានចំនួនប្រមាណ១ពាន់នាក់។

យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជារូបនេះ បានបង្ហាញក្ដីរំពឹងថា នៅឆ្នាំ២០២៣នេះ វិស័យផ្សារមូលបត្រកម្ពុជា នៅតែបន្តទទួលបានការចាប់អារម្មណ៍ពីសាធារណៈជន ក៏ដូចជា វិនិយោគិន បន្ថែមទៀត ជាពិសេសនឹងទទួលបានការស្នើសុំចុះបញ្ជីបន្ថែមទៀត ហើយចំនួនវិនិយោគិននឹងបន្តកើនដល់ចំនួន ៥ម៉ឺននាក់ក្នុងមួយថ្ងៃនៅត្រឹមដំណាច់ឆ្នាំ២០២៣នេះ។

ទាក់ទិននឹងស្ថានភាពមិនច្បាស់លាស់របស់ពិភពលោក ដូចជា វិបត្តិសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន ក៏ដូចជា ការដួលរលំរបស់ធនាគារធំៗពីរ គឺ Silicon Valley Bank និង Signature Bank នៅសហរដ្ឋអាមេរិក នាពេលថ្មីៗ កន្លងកមក ឯកឧត្តម ហុង សុហួរ ក៏បានកត់សម្គាល់ឃើញថា បើទោះតម្លៃភាគហ៊ុនមានការធ្លាក់ចុះក៏ពិតមែន ប៉ុន្ដែមិនទាន់មានសញ្ញាណាមួយបង្ហាញថា ស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនជួញដូរមានការធ្លាក់ចុះនោះទេ។ ដូច្នេះ កត្តាទាំងនេះ ហើយទើបធ្វើឲ្យថ្នាក់ដឹកនាំផ្សារមូលបត្ររូបនេះ មានក្ដីរំពឹងខ្ពស់ចំពោះវិស័យផ្សារមូលបត្រកម្ពុជា នាឆ្នាំ២០២៣នេះ និងឆ្នាំបន្តបន្ទាប់។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ បច្ចុប្បន្នមានក្រុមហ៊ុនចំនួន១៨បានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុននៅផ្សារមូលបត្រកម្ពុជា ក្នុងនោះ៩ក្រុមហ៊ុនបានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និង៩ក្រុមហ៊ុនបោះផ្សាយលក់សញ្ញាបណ្ណ ឬមូលបត្របំណុល។ ក្រុមហ៊ុនទាំងនេះប្រមូលទុនវិនិយោគបានប្រមាណ៣១៧លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ នៅឆ្នាំ២០២២ កន្លងទៅ ការជួញដូរភាគហ៊ុនមានជាមធ្យម៥០ម៉ឺនដុល្លារក្នុង១ថ្ងៃ៕




អត្ថបទបន្ទាប់


អេ អឹម ខេ សហការជាមួយវិទ្យាស្ថាន សាន់រ៉ាយស៍ ដើម្បីផ្សារភ្ជាប់ការសិក្សា និងការងារជាក់ស្ដែង

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ និងវិទ្យាស្ថាន សាន់រ៉ាយស៍ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងគោលបំណងផ្សារភ្ជាប់ចំណេ…

សម្តេចតេជោ ហ៊ុន សែន យល់ព្រមធ្វើជាប្រធានកិត្តិយសរបស់សមាគមឧកញ៉ាកម្ពុជា

ក្រោយពីបានផ្ដួចផ្ដើម រៀបចំមកមកអស់រយៈពេលជាយូរមកហើយនោះ នៅទីបំផុត សមាគមឧកញ៉ាកម្ពុជា (ស.ឧ.ក) ត្រូវបានបង្កើតឡើងជាផ្លូវការហើយ ដោយបានចុះបញ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ