យ៉ាងណាមិញអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានបាត់បង់ចំណូលជិត៤០០លានដុល្លារនៅឆ្នាំនេះ ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាជាមួយប្រទេសជាដៃគូ។ ក្រៅពីបញ្ហានេះ តើអ្វីជាឧបសគ្គក្នុងការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករនៅក្នុងឆ្នាំ២០២៣? តើការថយចុះនៃការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ អាចជះឥទ្ធិផលអវិជ្ជមានដល់ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាដែរឬទេ?
ថ្លែងនាឱកាសវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានកត់សម្គាល់ឃើញថា ចាប់ពីឆ្នាំ២០២០ មកការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានការថមថយគួរឲ្យកត់សម្គាល់។ បើតាមអគ្គនាយក នៃអគ្គនាយកដ្ឋានរូបនេះ មានកត្តាសំខាន់ចំនួន៣ ដែលធ្វើឱ្យការប្រមូលពន្ធគយថយចុះ និងមិនគ្រប់តាមផែនការ រួមមាន វិបត្តិសាកលដែលបានកើតឡើងជាបន្តបន្ទាប់ ការកើនឡើងនូវខ្សែច្រវាក់ផលិតកម្មក្នុងស្រុក រួមទាំងការអនុវត្តកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្ម ដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងជាមួយបណ្តាប្រទេសផ្សេងៗ ដោយកម្ពុជា បានផ្តល់នូវការអនុគ្រោះពន្ធដល់សូន្យ សម្រាប់មុខទំនិញមួយចំនួនដល់ប្រទេសភាគីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
កត្តាទាំងនេះហើយដែលធ្វើឱ្យចំណូលពន្ធគយរបស់កម្ពុជា មានការធ្លាក់ចុះជាបន្តបន្ទាប់។ ជាក់ស្តែង នៅឆ្នាំ២០២៣ ចំណូលពន្ធគយ ដែលបានបាត់បង់ដោយសារការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាមានរហូតជិត៤០០លានដុល្លារឯណោះ។ យ៉ាងណាក៏ដោយ ក្រៅពីការអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ភាពរីកចម្រើននៃការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម ផលិតកម្ម កម្មន្តសាល របស់កម្ពុជា និងការបើករោងដំណើរដំឡើងយានយន្តនៅកម្ពុជាជាបន្តបន្ទាប់ ក៏ជាកត្តារួមចំណែកមួយដែរ ដែលធ្វើឲ្យចំណូលរបស់អគ្គនាយកដ្ឋានគយមានការថយចុះ។
បើតាមឯកឧត្តម គុណ ញឹម បើទោះបីជា ចំណូលគយមានការថមថយ ប៉ុន្តែការអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម ផលិតកម្ម ជាបន្តបន្ទាប់ បានធ្វើឲ្យកម្ពុជាទទួលបានផលចំណេញជាវិជ្ជមាន ពោលគឺកម្ពុជាមានលទ្ធភាពកាន់តែច្រើនក្នុងការបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ក៏ដូចជាអាចឲ្យកម្ពុជានាំចេញទំនិញកាន់តែច្រើនទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្ដែង ការបង្កើតរោងចក្រឧស្សាហកម្មនៅកម្ពុជាបច្ចុប្បន្នបន្តមានកំណើនគួរឲ្យកត់សម្គាល់ដូចជា រោងចក្រផលិតសំបកកង់យានយន្ត រោងចក្រផលិតភេសជ្ជៈ រោងចក្រកែច្នៃជាដើម ដែលសុទ្ធសឹងតែអាចឲ្យកម្ពុជាមានលទ្ធភាពផ្គត់ផ្ដង់វត្ថុធាតុដើមដោយខ្លួនឯង និងអាចកាត់បន្ថយការនាំចូល។ យ៉ាងណាមិញ សម្រាប់មេគយរូបនេះ ដ្បិតការថយចុះនៃការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ អាចជាបញ្ហាប្រឈមសម្រាប់អគ្គនាយកដ្ឋានគយ ក៏ពិតមែន ប៉ុន្តែសម្រាប់បញ្ហានេះមិនធ្វើឲ្យប៉ះពាល់ដល់ផែនការសកម្មភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជានោះឡើយ។
សូមបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣ ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ មិនបានគ្រប់តាមផែនការនោះទេ ពោលគឺតាមការប៉ាន់ស្មាន ការប្រមូលចំណូលពន្ធគយឆ្នាំនេះសម្រេចបានប្រមាណជាង៨២% នៃផែនការដែលបានកំណត់ដោយច្បាប់ថវិកាជាតិឆ្នាំ២០២៣។ យ៉ាងណាក៏ដោយបើតាមឯកឧត្តម គុណ ញឹម នាពេលអនាគតអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អាចផ្លាស់ប្ដូរផែនការសកម្មភាពដោយមិនផ្ដោតតែលើការប្រមូលចំណូលនោះទេ ពោលអាច នឹងងាកទៅផ្ដោតលើកិច្ចការសម្របសម្រួលពាណិជ្ជកម្មវិញម្ដង ដើម្បីធ្វើយ៉ាងណាឲ្យការធ្វើពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិកាន់តែល្អប្រសើរថែមមួយកម្រិតទៀត៕