ទិន្នន័យផ្លូវការបង្ហាញថា ការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន បានធ្លាក់ចុះរហូតដល់ទៅ១០,១% ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២៤ បើធៀបនឹងឆ្នាំ២០២៣ បន្ទាប់ពីបានធ្លាក់ចុះ៩,៨% ពីខែមករា ដល់ខែមេសា ទោះបីជាក្រុមអ្នកបង្កើតគោលនយោបាយបានបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីជួយស្រោចស្រង់ស័យដ៏សំខាន់ ដែលកំពុងជាប់ផុងក្នុងវិបត្តិបំណុលនេះ និងដើម្បីបង្កើនទំនុកចិត្តអតិថិជនយ៉ាងណាក្ដី។
ទិន្នន័យរបស់ការិយាល័យជាតិស្ថិតិ (NBS) របស់មហាយក្សចិន បានបង្ហាញនៅថ្ងៃចន្ទ សប្ដាហ៍នេះថា ការលក់អចលនទ្រព្យគិតជាផ្ទៃក្រឡាក្នុងខែមករា ដល់ខែឧសភា បានធ្លាក់ចុះរហូតដល់ទៅ២០,៣% បើធៀបនឹងឆ្នាំមុន ឬធៀបនឹងការធ្លាក់ចុះ២០,២% ក្នុងខែមករាដល់ខែមេសា។
ទន្ទឹមនឹងនេះ ការចាប់ផ្ដើមការសាងសង់ថ្មីៗគិតជាផ្ទៃក្រឡាបានធ្លាក់ចុះរហូតដល់ទៅ២៤,២% ក្នុងពេល៥ខែដើមឆ្នាំនេះ ចំណែកឯមូលនិធិដែលត្រូវបានកៀរគរដោយបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិនបានធ្លាក់ចុះ២៤,៣%បើធៀបនឹងឆ្នាំមុន។
ប្រទេសចិន កាលពីខែមុនបានប្រកាសដាក់ចេញវិធានការយ៉ាងសម្បើមជាប្រវត្តិសាស្ត្រដើម្បីស្ដារស្ថិរភាពវិស័យអចលនទ្រព្យរបស់ខ្លួនឡើងវិញ ជាមួយនឹងគោលបំណងបញ្ចេញសារពើភណ្ឌ ឬស្តុកលំនៅឋានយ៉ាងច្រើនសម្បើមដែលជាប់គាំងលក់មិនចេញ និងដើម្បីជំរុញតម្រូវការលំនៅឋាន។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគបានលើកឡើងថា វិធានការនេះប្រហែលជាមិនគ្រប់គ្រាន់ដែលអាចជួយស្រោចស្រង់វិស័យលំនៅឋានបាននៅឡើយទេ៕
ដោយ: តែម សុខុម