ទីភ្នាក់ងារសន្តិសុខជាតិមកពីក្រុមប្រទេសសម្ព័ន្ធសន្តិសុខទាំង៥ ឬ Five Eyes កាលពីថ្ងៃពុធ ទី៣ ខែមិថុនា បានចេញព្រឹត្តិបត្ររួមគ្នាមួយ ដែលមានចំណងជើងថា «The Safeguarding Our Secrets» ដោយបានលាតត្រដាងថា សេវាចារកម្មយោធារបស់ប្រទេសចិន កំពុងប្រើប្រាស់គេហទំព័របណ្តាញវិជ្ជាជីវៈ និងសេវាកម្មជ្រើសរើសបុគ្គលិកអនឡាញយ៉ាងសកម្ម។ យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងកំណត់គោលដៅ និងអូសទាញបុគ្គលិក ដែលបម្រើការក្នុងជួររដ្ឋាភិបាល យោធា ឬអ្នកដែលអាចចូលទៅប្រើប្រាស់ប្រព័ន្ធទិន្នន័យសម្ងាត់ឱ្យស្វែងរកព័ត៌មានជូនពួកគេ។
ទីភ្នាក់ងារសន្តិសុខជាតិ នៃប្រទេសទាំង៥ បានអះអាងថា ចារកម្មចិន កំពុងផ្តោតការយកចិត្តទុកដាក់ខ្លាំង លើការប្រមូលព័ត៌មានយុទ្ធសាស្ត្រផ្នែកយោធា នយោបាយ និងសេដ្ឋកិច្ច ដែលជាអាថ៌កំបាំងជាតិ មិនអាចផ្តល់ឱ្យបរទេសបាន។
តាមសេចក្តីរាយការណ៍ បុគ្គលិកដែលមានជំនាញខាងវិស័យការពារជាតិ ការបរទេស ចារកម្ម និងមន្ត្រីយោធា រួមទាំងអ្នកដែលកំពុងឈរជើងនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក គឺជាផ្ទាំងស៊ីបចម្បងរបស់ចារកម្មចិន។ ជាកិច្ចតបស្នង ពួកគេនឹងទទួលបានប្រាក់កម្រៃចាប់ពី២០០ដុល្លាររហូតដល់រាប់ពាន់ដុល្លារនៅក្នុងមួយរបាយការណ៍ អាស្រ័យលើទម្ងន់ព័ត៌មាន និងភាពជាក់លាក់នៃទិន្នន័យដែលរកបាន។
ជាការឆ្លើយតបទៅនឹងការចោទប្រកាន់នេះ ទីក្រុងប៉េកាំង បានចេញមុខបដិសេធភ្លាមៗ។ អ្នកនាំពាក្យស្ថានទូតចិន ប្រចាំទីក្រុងឡុងដ៍ នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះចំណាត់ការរបស់ក្រុមសម្ព័ន្ធប្រទេសទាំង៥នេះ ដោយបានសង្កត់ធ្ងន់ថា ការចោទប្រកាន់ ដែលថា រងការគំរាមកំហែងពីចារកម្មរបស់ចិន គឺជារឿងប្រឌិតទាំងស្រុង និងមានចរិតលក្ខណៈជាការមួលបង្កាច់បង្ខូចដ៏អាក្រក់បំផុតមកលើប្រទេសចិន៕
ដោយៈ សរ សុជាតិ