ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ថា រោងចក្រនុយក្លេអ៊ែថ្មីនេះបានបំពាក់នូវបច្ចេកវិទ្យាកាន់តែទំនើបជាងមុន ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីទីតាំងភូមិសាស្ត្រ ឬកាលបរិច្ឆេទ នៃការចាប់ផ្តើមដំណើរការច្បាស់លាស់ឡើយ។ ដោយឡែក យោងតាមការចុះផ្សាយរបស់សារព័ត៌មាន AOL រូបភាពដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងបានបញ្ចេញ បានបង្ហាញឱ្យឃើញនូវសាលដ៏ធំមួយ ដែលពោរពេញទៅដោយម៉ាស៊ីនបង្វិលចម្រាញ់ញែកធាតុវិទ្យុសកម្ម ដែលជាភស្តុតាងបញ្ជាក់ថា រោងចក្រនេះត្រូវបានប្រើប្រាស់សម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមកម្រិតខ្ពស់ ដើម្បីយកទៅផលិតគ្រាប់បែកនុយក្លេអ៊ែ។
លោក គីម ជុងអ៊ុន បានចុះទៅពិនិត្យរោងចក្រនុយក្លេអ៊ែនោះដោយផ្ទាល់កាលពីថ្ងៃទី៣ ខែមិថុនា ដើម្បីស្វែងយល់ពីខ្សែច្រវាក់ប្រតិបត្តិការ និងផែនការផលិតកម្មរយៈពេលវែង។ នៅក្នុងឱកាសនោះលោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា ការបង្កើនសមត្ថភាពទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរបស់កូរ៉េខាងជើង ទាំងគុណភាព និងបរិមាណ គឺជារឿងបន្ទាន់បំផុតនាពេលនេះ ដោយសារតែការប្រឈមមុខដាក់គ្នាជាមួយសត្រូវដ៏សាហាវឃោរឃៅបំផុត ដែលចង់សំដៅចំៗទៅលើសហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង។
ការទម្លាយឱ្យឃើញពីរោងចក្រថ្មីនេះ បានកើតឡើងមិនទាន់ដល់២ឆ្នាំផង បន្ទាប់ពីកូរ៉េខាងជើង បានបើករោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមសម្ងាត់មួយកន្លែងកាលពីខែកញ្ញា ឆ្នាំ២០២៤។ គិតចាប់តាំងពីឆ្នាំ២០១០ មក នេះជាលើកទី២ហើយដែលទីក្រុងព្យុងយ៉ាង ព្រមបង្ហាញរោងចក្រចម្រាញ់សារធាតុនុយក្លេអ៊ែជាសាធារណៈ បន្ទាប់ពីការបង្ហាញរោងចក្រនៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មនុយក្លេអ៊ែ យ៉ុងយូន (Yongbyon) ទៅកាន់ក្រុមអ្នកប្រាជ្ញអាម៉េរិកនាលកាលនោះ។
ជុំវិញកម្មវិធីនុយក្លេអ៊ែដ៏ចម្រូងចម្រាសនេះ កាលពីខែកញ្ញា ឆ្នាំមុន រដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងលោក ជុង ដុងយុង (Chung Dong-young) ធ្លាប់បានអះអាងថា កូរ៉េខាងជើងកំពុងដំណើរការរោងចក្រចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមសរុបចំនួន៤កន្លែង រួមទាំងមជ្ឈមណ្ឌល យ៉ុងយុន ផងដែរ ហើយរោងចក្រទាំងអស់នោះ គឺដំណើរការជារៀងរាល់ថ្ងៃគ្មានថ្ងៃសម្រាកឡើយ៕
អត្ថបទៈ សួន ឡង់ទី