សម្ដេចក្រឡាហោម ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរនោះ ក៏បានស្នើសមត្ថកិច្ចតាមព្រំដែនទាំងអស់ ឲ្យទប់ស្កាត់ពលរដ្ឋលួចឆ្លងដែនចូលប្រទេសថៃ និងចាប់មេខ្យល់យកមកផ្តន្ទាទោស និងបានជំរុញលើកទឹកចិត្តឱ្យបង្កើនការផ្សព្វផ្សាយអំពីហានិភ័យសម្រាប់ពលករនៅក្រៅប្រទេស។
សម្ដេចក្រឡាហោម ស ខេង បាននិយាយនៅឯពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ ដូច្នេះថា “ការលួចឆ្លងកាត់ព្រំដែនត្រលប់ទៅថៃវិញហ្នឹង សុំឱ្យបណ្តាខេត្តជាប់ព្រំដែន ខិត្តខំប្រមូលកម្លាំង ដើម្បីនឹងជួយទប់ស្កាត់ ពិសេសគឺថា ការពិតហើយ គឺយើងបិទច្រកផ្លូវការ ប៉ុន្តែអាតាមរបៀងហ្នឹង គាត់ទៅបាន។”
សម្តេចបានបន្តថា “ហើយរឿងនេះ គឺច្បាស់លាស់ហើយ តែកាលណាចាប់បាន គឺមេខ្លោងហ្នឹង គឺពិតជាអ្នកជួញដូរហើយ អ៊ីចឹងហើយសុំឱ្យយកចិត្តទុកដាក់ទាក់ទងនឹងបញ្ហានេះ ព្រោះទៅដល់ហ្នុង វាខុសច្បាប់ ហើយថៃ នៅប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ននៅឡើយ អត់ទាន់បើកទេ អ៊ីចឹង វាច្បាស់ណាស់ថា ការលួចឆ្លងដែនទៅនេះវាខុសច្បាប់ហើយ។”
នៅឯពិធីនោះដែរ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បាននិយាយដែរថា ការប្រឈមនៃអំពើជួញដូរមនុស្សនេះ គឺកើតឡើងនៅពេលដែលថៃបានរឹតបន្តឹង ទាំងផ្ទៃក្នុងប្រទេស និងតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
កាលពីឆ្នាំ២០១៩កន្លងមកនេះ អាជ្ញាធរចម្រុះកម្ពុជាបានបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានសរុបចំនួន១៦៩ លើ ១៣៤ករណី កើន ៣៥ករណី ស្មើនឹង ២៦,១១ភាគរយ និងបានឃាត់ខ្លួនជនសង្ស័យបាន ២២៩នាក់ លើ ២២៤នាក់ ធៀបនឹងឆ្នាំ២០១៨ និងបានសង្គ្រោះជនរងគ្រោះចំនួន ៤៥៦នាក់ លើ ២៣០នាក់។ នេះបើយោងតាមលោកជំទាវ ជូ ប៊ុនអេង៕