ដើម្បីអភិវឌ្ឍន៍ខ្សែច្រវ៉ាក់ផលិតកម្មស្វាយចន្ទីឱ្យកាន់តែប្រសើរ ក្រសួងពាណិជ្ជកម្មបាននិងកំពុងរៀបចំនូវគោលនយោយជាតិស្ដីពីស្វាយចន្ទី ហើយថ្មីៗនេះ ក្រសួងពាណិជ្ជកម្មទើបតែបើកកិច្ចប្រជុំមួយ ជាមួយបណ្ដាអ្នកពាក់ព័ន្ធ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី និងត្រៀមរៀបចំគោលនយោបាយជាតិស្ដីពីស្វាយចន្ទីនេះផងដែរ ដោយរំពឹងថានឹងដាក់ជូនទៅកាន់គណៈរដ្ឋមន្ត្រីពិនិត្យពិភាក្សាបន្ដ ឱ្យបានឆាប់តាមដែលអាចធ្វើបាន ក្នុងគោលបំណងទាក់ទាញអ្នកវិនិយោគ និងជំរុញការនាំចេញស្វាយចន្ទី។
លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងប្រាប់សារព័ត៌មានឌីជីថលខេមបូណូមីសដូច្នេះថា កន្លងមក ភាគីពាក់ព័ន្ធបានបើកកិច្ចប្រជុំច្រើនលើកច្រើនសាររួចមកហើយទាក់ទងនឹងគោលនយោបាយជាតិស្ដីពីស្វាយចន្ទីនេះ ហើយបញ្ហានៅត្រង់ថា ការកំណត់ទិន្នន័យនៃការនាំចេញស្វាយចន្ទី មានភាពខុសគ្នារវាងតួលេខពីអគ្គនាយកដ្ឋានគយកម្ពុជា និងអគ្គនាយកដ្ឋានគយវៀតណាម។ លោកបន្តថា កាលណាការកំណត់ទិន្នន័យនាំចេញគ្រាប់ស្វាយចន្ទី មិនបានជាក់លាក់ សេចក្ដីព្រាងនេះនឹងមិនអាចដាក់ជូនថ្នាក់គណៈរដ្ឋមន្ត្រីដើម្បីសម្រេចបានឡើយ។
ប្រទេសវៀតណាម បានក្លាយជាទីផ្សារធំសម្រាប់កម្ពុជា ក្នុងការនាំចេញផលិតផលកសិកម្ម នារយៈពេលចុងក្រោយនេះ ក្នុងនោះរួមមានទាំងគ្រាប់ស្វាយចន្ទី ផងដែរ។ បើតាមលោក ស៊ុយ កុកធាន គ្រាប់ស្វាយចន្ទីកម្ពុជា ស្ទើរតែ៩០ភាគរយទៅហើយ ត្រូវបាននាំចេញទៅប្រទេសវៀតណាម តែភាគច្រើននាំចេញទោតាមច្រករបៀង ដូច្នេះ ទើបធ្វើឱ្យការកត់ត្រាទិន្នន័យនាំចេញ-ចូល ពីកម្ពុជា និងវៀតណាម មិនដូចគ្នា។ លោកបន្តថា សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ពិតជាមានសារៈសំខាន់ណាស់សម្រាប់អ្នកពាក់ព័ន្ធក្នុងវិស័យនេះ ពិសេសជាផ្នែកមួយជួយទាក់ទាញអ្នកនិយោគ និងជំរុញការនាំចេញស្វាយចន្ទីកម្ពុជា។
អនុប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះ បានសង្កត់ធ្ងន់ទៀតថា ទោះបី បច្ចុប្បន្ន គ្រាប់ស្វាយចន្ទីភាគច្រើនរបស់កម្ពុជាមិនទាន់កែច្នៃដើម្បីនាំចេញផ្ទាល់ក៏ដោយ ប៉ុន្ដែគ្រាប់ស្វាយចន្ទីទាំងនោះ នៅតែមានទីផ្សារច្រើនគួរសម ដូចជា ទីផ្សារថៃ ឥណ្ឌា ចិន និងវៀតណាមជាដើម ខណៈកម្ពុជាក៏មាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃមួយចំនួនទៅប្រទេសជប៉ុនផងដែរ។
លោក ស៊ីវ សុផា ជាកសិករម្នាក់ដាំស្វាយចន្ទី នៅខេត្តកំពង់ធំ បានប្រាប់សារព័ត៌មានខេមបូណូមីសថា ការដាំដុះស្វាយចន្ទីរបស់លោកមិនសូវកាកកប នោះទេ ព្រោះតែសព្វថ្ងៃ តម្លៃគ្រាប់ស្វាយចន្ទីលក់បានទាប តែថ្លៃជី និងថ្នាំកសិកម្ម កាន់តែមានតម្លៃខ្ពស់។ បើតាមកសិកររូបនេះ បច្ចុប្បន្ន គ្រាប់ស្វាយចន្ទី អាចលក់បានក្នុងតម្លៃ៥ពាន់រៀល ប៉ុណ្ណោះ ក្នុង១គីឡូក្រាម ខណៈកាលពីមុនអាចលក់បាន ៧ពាន់រៀល ទៅ៨ពាន់រៀល ក្នុង១គីឡូក្រាម។ តម្លៃប្រែប្រួលទៅតាម ឈ្មួញកណ្ដាល ទោះចង់ ឬមិនចង់កសិករក៏ត្រូវតែលក់ឱ្យឈ្មួញទាំងនោះ ព្រោះមានតែវៀតណាមទេ ដែលប្រមូលទិញគ្រាប់ស្វាយចន្ទី ពីកសិករ។ នេះជាការបញ្ជាក់របស់លោក ស៊ីវ សុផា ដោយលោកក៏រំពឹងដែរថា ក្រសួងពាក់ព័ន្ធនឹងបន្តរកដំណោះស្រាយជូនកសិករ ពិសេសទាក់ទងនឹងទីផ្សារគ្រាប់ស្វាយចន្ទីតែម្ដង។
បើតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្នុងឆ្នាំ២០២១ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទី សរុបជាង៩៣ម៉ឺនតោន ទៅកាន់ទីផ្សារសំខាន់ៗ ដូចជា វៀតណាម ថៃ ជប៉ុន ចិន ឥណ្ឌា និងទីផ្សារដទៃទៀត។ ក្នុងនោះ គ្រាប់ស្វាយចន្ទីប្រមាណ ៩២ម៉ឺនតោន ទៅហើយត្រូវបាននាំទៅទីផ្សារវៀតណាម។ បើតាមការអះអាងរបស់លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា កន្លងមកតម្លៃគ្រាប់ស្វាយចន្ទី អាចលក់បានតម្លៃ ១ ៤០០ដុល្លារ ទៅ១ ៦០០ដុល្លារ ក្នុង១តោន៕