នាយកផ្នែកទីផ្សាររបស់ក្រុមហ៊ុន ហ្វីលីពីន អ៊ែរឡាញ លោក Ryan T Uy មានប្រសាសន៍ថា គម្រោងហោះហើរត្រង់ទៅមក ម៉ានីល-ភ្នំពេញនេះ ធ្វើឡើងស្របពេលស្ថានភាពសេដ្ឋកិច្ចកម្ពុជានឹងនរ ព្រមទាំងមានកំណើនជិត ៧ភាគរយ ជាប្រចាំ។
លោកពន្យល់ថា ការហោះហើរត្រង់នេះក៏នឹងរួមចំណែកពង្រីកទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ ពិសេសក្នុងវិស័យទេសចរណ៍ និងវិស័យជំនួញ។ លើសពីនេះទៅទៀត លោកចង់ឱ្យហ្វីលីពីន ដើរតួនាទីជំនួសក្រុមហ៊ុនថៃ ដែលចំណេញយ៉ាងច្រើនពីអ្នកដំណើរកម្ពុជា ដែលភាគច្រើនលើសលប់ទៅផ្លាស់ប្ដួរជើងហោះហើរនៅស្រុកថៃ។
លោកបញ្ជាក់ថា៖ «កន្លងទៅ អ្នកដំណើរពីកម្ពុជាដែលចង់ទៅអាមេរិកខាងជើង កាណាដា ណូវែលសឺឡង់ អូស្ត្រាលី ត្រូវជិះយន្ដហោះទៅចាំនៅប្រទេសថៃពី ៥ ទៅ ៦ម៉ោងទម្រាំឡើងទៅប្រទេសទី៣ រួចបង្ហើយដំណើរទៅកាន់ទីគោលដៅ។ ប៉ុន្តែ ចាប់ពីខែមេសា តទៅ អ្នកដំណើរទាំងអស់នោះ នឹងចំណេញពេលវេលា ដោយជិះយន្តហោះរបស់ក្រុមហ៊ុនហ្វីលីពីនអ៊ែរឡាញ តែម្តង»។
បច្ចុប្បន្ននេះ កម្ពុជាមានជើងហោះហើរត្រង់ទៅកាន់ប្រទេសមួយចំនួន លើសកលលោក រួមមាន ៖ វៀតណាម ឡាវ ថៃ មីយ៉ាន់ម៉ា សង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ជប៉ុន កូរ៉េ ហុងកុង ចិន បារាំង ឥណ្ឌា។ល។ កម្ពុជា ក៏គ្រោងបើកជើងហោះហើរត្រង់ទៅមកជាមួយប្រទេសតួរគី ទៀតផង។
ទាក់ទងនឹងបញ្ហានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា កាលពីចុងឆ្នាំ២០១៨ ប្រកាសថា កម្ពុជាស្វាគមន៍គម្រោងហោះត្រង់ទៅត្រង់មកជាមួយប្រទេសជាមិត្ត លើសកលលោកដើម្បីជំរុញការដោះដូរពាណិជ្ជកម្មនិងទេសចរណ៍។ សម្តេចបញ្ជាក់ថា កម្ពុជាសន្យាធានាស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនអាកាសចរណ៍បរទេសមករកស៊ី ពិសេស បង្កើតដំណើរហោះហើរត្រង់មកកាន់កម្ពុជា។
ក្រុមហ៊ុន អាកាសចរណ៍ ហ្វីលីពីន អ៊ែរឡាញ បង្កើតឡើងឆ្នាំ១៩៤១។ ក្រុមហ៊ុននេះបានអភិវឌ្ឍខ្លួនក្លាយជាក្រុមហ៊ុនអាកាសចរណ៍ផ្កាយ៤ ដឹកអ្នកដំណើរប្រចាំប្រមាណ៣៥លាននាក់នៅទូទាំងសកលលោក។ ក្រុមហ៊ុននេះ បានដំណើរការហោះហើរទៅកាន់ប្រទេសចំនួន៤១លើសកលលោក និង ៣៦ជើងហោះហើរក្នុងស្រុក ដោយប្រើប្រាស់យន្តហោះសរុប៩៧គ្រឿង៕