ក្រោយពីខ្ទាតចេញពីកៅអីតំណែងប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីដើមឆ្នាំ២០២១ លោក ដូណាល់ ត្រាំ ទើបបានបង្ហាញមុខថ្លែងសន្ទរកថាជាសាធារណៈលើកទី១ នៅក្នុងរដ្ឋខារ៉ូឡាយណាភាគខាងជើងសហរដ្ឋអាមេរិក។
អំឡុងពេលថ្លែងសន្ទរកថា លោក ដូណាល់ ត្រាំ បានបន្តលើកយកប្រធានបទកូវីដ-១៩ ដែលទាក់ទងនឹងប្រទេសចិនយកមកនិយាយ ដូចគ្រាដែលលោកនៅជាប្រធានាធិបតីអាមេរិកដដែល។ លោកដូណាល់ត្រាំនិយាយទាមទារឲ្យប្រទេសចិនបង់សំណងជាទឹកប្រាក់ ១០ទ្រីលានដុល្លារដល់សហរដ្ឋអាមេរិក ដែលលោក ត្រាំអះអាងថា ជាសំណងសម្រាប់ការខូចខាតនានា ដែលបង្កឡើងដោយជំងឺកូវីដ-១៩។
មិនត្រឹមតែប៉ុណ្ណោះ លោកបានជំរុញឲ្យប្រទេសផ្សេងទៀតដែលជំពាក់លុយប្រទេសចិន មិនចាំបាច់សងប្រឡប់ទៅឲ្យចិនវិញនោះទេ ដោយត្រូវចាត់ទុកថា លុយជំពាក់ជាសំណងការខូតខាតដល់ប្រទេសទាំងនោះ។
អតីតប្រធានាធិបតីអាមេរិក មាត់រអិលរូបនេះ ថែមទាំងបានបន្តចោទប្រកាន់ប្រទេសចិនថា ជាអ្នកបង្កើតជំងឺកូវីដ-១៩ឡើង ហើយបានធ្វើឲ្យលេចធ្លាយចេញពីមន្ទីរពិសោធន៍នៅក្រុងវូហាន ប្រទេសចិន។
សូមបញ្ជាក់ថា ការចេញមុខលើកឡើងរបស់លោក ដូណាល់ ត្រាំ ពេលនេះ ធ្វើឡើង ស្របពេលដែលសំណុំរឿង ប្រភពដើមនៃជំងឺកូវីដ១៩កំពុងមានភាពចម្រូងចម្រាសរវាងចិន និងសហគមន៍អន្តរជាតិ និង ជាពិសេសនៅក្រោយពេលដែល ប្រធានាធិបតីអាមេរិកបច្ចុប្បន្នគឺលោកចូ បៃឌិន ទើបបានបញ្ជាឲ្យភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក ស៊ើបអង្កេតដោយផ្ទាល់ពីរឿងនេះដើម្បីរាយការណ៍មកកាន់លោកផ្ទាល់ថែមទៀតផង៕