ឧស្សាហកម្ម AI

លោក ដូណាល់ ត្រាំ ចេញការព្រមាន ក្រោយក្រុមហ៊ុនចិន បញ្ចេញ AI ថ្មីធ្វើឱ្យកក្រើកឧស្សាហកម្ម AI ពិភពលោក និងធ្វើឱ្យ Nvidia ខាតបង់ជិត៦០០ពាន់លានដុល្លារ


ក្រុមហ៊ុនបច្ចេកវិទ្យាទើបបង្កើតថ្មីមួយរបស់ប្រទេសចិន DeepSeek បានបញ្ចេញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជំនាន់ថ្មីមានតម្លៃទាបខ្លាំង ដែលមានសមត្ថភាពអស្ចារ្យអាចប្រកួតប្រជែងជាមួយ AI ឈានមុខគេរបស់សហរដ្ឋអាម៉េរិក ជាហេតុធ្វើឱ្យកក្រើកឧស្សាហកម្ម AI ទូទាំងពិភពលោសក និងធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក Nvidia ខាតបង់ធ្ងន់ធ្ងររហូតដល់ទៅជិត៦០០ពាន់លានដុល្លារអាម៉េរិក គួរឱ្យភ្ញាក់ផ្អើល។
ឧស្សាហកម្ម AI
ដោយ

កត្តានេះបានជំរុញឱ្យប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ចេញមកព្រមានបណ្ដាក្រុមហ៊ុនអាម៉េរិក ឱ្យបង្កើនការយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីដណ្ដើមជ័យជម្នះនៅក្នុងការប្រកួតប្រជែង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបយក្សអាម៉េរិក Nvidia បានដាំក្បាលចុះយ៉ាងខ្លាំងបណ្ដាលឱ្យខាតបង់ធ្ងន់ធ្ងររហូតដល់ទៅជិត៦០០ពាន់លានដុល្លារ គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃចន្ទ ទី២៧ ខែមករា បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាទើបបង្កើតថ្មីមួយរបស់ប្រទេសចិន មានឈ្មោះថា DeepSeek បានបញ្ចេញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ជំនាន់ថ្មីមានតម្លៃទាប ដែលមានសមត្ថភាពអស្ចារ្យអាចប្រកួតប្រជែងនឹង AI របស់សហរដ្ឋអាម៉េរិក នៅក្នុងឧស្សាហកម្ម AI ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

ក្រុមហ៊ុន DeepSeek ដែលមានមូលដ្ឋាននៅទីក្រុងហាងចូវ (Hangzhou) ប្រទេសចិន បានបង្កើត Chatbot ដែលជាសូហ្វវែរបង្កើតទ្បើងក្នុងគោលបំណងឆ្លើយតបសារដោយស្វ័យប្រវត្តិតាមរយៈបញ្ញាសប្បនិម្មិត AI ដែលតាមសេចក្ដីរាយការណ៍ថា មានសមត្ថភាពប្រហាក់ប្រហែល ឬអាចខ្លាំងជាងសមត្ថភាពរបស់ AI ឈានមុខគេរបស់សហរដ្ឋអាម៉េរិក។

Chatbot របស់ក្រុមហ៊ុន DeepSeek ដែលពេលនេះបានក្លាយជា App ហ្វ្រីឥតគិតថ្លៃដ៏កំពូលនៅលើ App Store របស់ Apple ក្នុងសហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងដោយប្រើទុនអស់ត្រឹមតែប្រមាណ៥,៦លានដុល្លារប៉ុណ្ណោះ ពោលគឺខុសគ្នាដូចមេឃនិងដី បើធៀបនឹងការចំណាយដើមទុនរាប់ពាន់លានដុល្លារ ដោយក្រុមហ៊ុនបច្ចេកវិទ្យាធំគ្រាក់ៗរបស់សហរដ្ឋអាម៉េរិក។

ជាលទ្ធផល ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក Nvidia ដែលបន្ទះឈីបរបស់ខ្លួនគ្របដណ្ដប់ខ្លាំងលើឧស្សាហកម្ម AI បានធ្លាក់ចុះជិត១៧% បណ្ដាលឱ្យក្រុមហ៊ុននេះខាតបង់ធ្ងន់ធ្ងររហូតដល់ទៅ៥៨៩ពាន់លានដុល្លារ ក្នុងពេលត្រឹមតែមួយថ្ងៃ ដែលជាការខាតបង់ធ្ងន់ធ្ងរបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៅសង្កាត់ហិរញ្ញវត្ថុ Wall Street ដោយធ្វើឱ្យសន្ទស្សន៍ផ្សារហ៊ុនអាម៉េរិក Nasdaq ធ្លាក់ចុះជាង៣%។ នេះបើយោងតាមសន្ទស្សន៍ផ្សារអង់គ្លេស LSEG។

ក្រោយក្រុមហ៊ុន Nvidia ខាតបង់ជិត៦០០ពាន់លានដុល្លារ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៧ ខែមករា បានចាត់ទុកការលេចឡើងនៃវត្តមាន AI តម្លៃទាបខ្លាំងរបស់ក្រុមហ៊ុនចិន DeepSeek ថា ជាសារព្រមានសម្រាប់បណ្ដាក្រុមហ៊ុនអាម៉េរិក ដែលត្រូវផ្ដោតការយកចិត្តទុកដាក់លើការប្រកួតប្រជែងជាលំដាប់ បន្ទាប់ពី AI របស់ក្រុមហ៊ុនចិន DeepSeek បានជំរុញឱ្យមនុស្សសម្រុកលក់ចេញភាគហ៊ុនបច្ចេកវិទ្យាយ៉ាងគំហុកមិនធ្លាប់មាន។

ទន្ទឹមនេះ លោក ដូណាល់ ត្រាំ ក៏បានលើកឡើងដែរថា ជំនួសឱ្យការជះលុយរាប់ពាន់លានដុល្លារ លើការអភិវឌ្ឍ AI លោកសង្ឃឹមថា បណ្ដាក្រុមហ៊ុនអាម៉េរិក នឹងអាចចំណាយទុនតិចជាងមុនជាមួយនឹងលទ្ធផលល្អដូចគ្នា៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


តើការផ្អាករៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស វាជាការដើរថយក្រោយនៃវិស័យអប់រំ ឬយ៉ាងណា?

ក្រសួងអប់រំ យុវជននិងកីឡា បានសម្រេចផ្អាករៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយផ្តល់ភាពម្ចាស់ការដល់រដ្ឋប…

កសិករដាំមៀនប៉ៃលិន នៅឆ្នាំនេះ អាចប្រឈមមុខនឹងការខាតបង់ ដោយសារបញ្ហាទីផ្សារ

ទោះបីទីផ្សារនាំចេញផ្លែមៀនស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ បានបង្ហាញលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះក៏ដោយ តែតម្លៃ ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ