វិបត្តិសេដ្ឋកិច្ចស្រីលង្កា

ម្ចាស់មូលបត្របំណុលស្រីលង្ការាប់សិបស្ថាប័នរួមគ្នាពិភាក្សាកែរចនាសម្ព័ន្ធបំណុលប្រទេសស្រីលង្កាឡើងវិញ


ស្ថាប័នគ្រប់គ្រងទ្រព្យសម្បត្តិ ៣០ ដែលជាម្ចាស់មូលបត្របំណុលអន្តរជាតិរបស់ប្រទេសស្រីលង្កា បានប្រកាសកាលពីថ្ងៃទី២១មិថុនា អំពីការចាប់ផ្តើមជាផ្លូវការ នៃការបង្កើតក្រុមម្ចាស់បំណុលមួយ ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាពីការរៀបចំរចនាសម្ព័ន្ធបំណុលជាថ្មី ជាមួយប្រទេសស្រីលង្កា ដែលកំពុងតែជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ និងបរាជ័យក្នុងការសងបំណុល។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីទីប្រឹក្សាច្បាប់ White & Case LLC។
ម្ចាស់មូលបត្របំណុលស្រីលង្កា​ ចូលរួមកែរចនាសម្ព័ន្ធបំណុលប្រទេសស្រីលង្កាឡើងវិញ
ដោយ

សេចក្តីថ្លែងការណ៍របស់​​ទីប្រឹក្សាច្បាប់​ White & Case LLC នេះ​បាន​និយាយ​ថា ក្រុមហ៊ុន​​​​ម្ចាស់​មូល​បត្រ​បំណុល​ជាង ​៣០ ​ក្រុម​ហ៊ុន ​បាន​រួប​រួម​គ្នា​បង្កើត​ជា​ក្រុម​មួយ​ដោយ​មាន​គណៈ​កម្មាធិការ​ដឹ​ក​​នាំ ​និង​មាន​រចនា​សម្ព័ន្ធ​​ត្រឹមត្រូវ ​ដែល​ក្រុមហ៊ុន​​​​​ Rothschild & Co បាន​ធ្វើ​ជា​ទី​ប្រឹក្សា​យោបល់​ផ្នែក​ហិរញ្ញ​វត្ថុ ដោយគោលបំណងបង្កើ​គណកម្មការដឹកនាំនេះឡើង គឺធ្វើពិភាក្សារកច្រកចេញ​ក្នុងការរៀបចំរចនាសម្ព័ន្ធបំណុល​របស់​ប្រទេស​ស្រីលង្កាឡើងវិញ នៅគ្រាដែលប្រទេសនេះ កំពុង​ជួបវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ៗទៅ ហើយលែងមានលទ្ធភាពសងបំណុលតាមកាលកំណត់​​តទៅទៀតហើយ។

សេចក្តីថ្លែងការណ៍​នេះ​បានបន្ថែមថា​ ក្រុមនេះគឺតំណាងយ៉ាងទូលំទូលាយនៃមូលដ្ឋាន​ម្ចាស់បំណុល​នៅ​ប្រទេសស្រីលង្កា​​ទាំងតាមប្រភេទស្ថាប័ន និងតាមភូមិសាស្ត្រ​ ហើយ​ក្រុម​នេះ​មាន​ប័ណ្ណបំណុលនៅទូទាំងកម្មវិធី​សំខាន់​នីមួយៗ​។ ប៉ុន្តែក្រុម​នេះ​ ​​មិនបានបញ្ជាក់ពីភាគរយមូលបត្រ​​បំណុលដែលខ្លួនមាន នៅក្នុងចំណោម​​​បំណុល​អធិបតេយ្យ​បរ​ទេសដែល​មិន​ទាន់​សង​​របស់ស្រីលង្កាដែល​ជាង១២ ពាន់លាន​ដុល្លារអាមេរិកនោះ​ទេ​​។​

ប្រទេសស្រីលង្កាបានជួលក្រុម​ហ៊ុន​ទីប្រឹក្សាផ្នែកហិរញ្ញវត្ថុ Lazard និងក្រុម​ហ៊ុន​ផ្នែក​ច្បាប់​ Clifford Chance ដើម្បីរៀបចំ​ពិភាក្សា​ឲ្យមានការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ខណៈដែលប្រទេស​នេះ​ក៏កំពុង​ត្រៀម​ខ្លួនរួចហើយដែរ ​ស​ម្រាប់កិច្ចការដ៏លំបាក​ក្នុងការចរចាឡើងវិញ ​នូវ​បណ្តា​ញម្ចាស់បំណុលដ៏ស្មុគស្មាញរបស់ខ្លួន ​រួមទាំងការផ្តល់ប្រាក់កម្ចី​ទ្វេភាគី​ពីប្រទេស​ជប៉ុន ឥណ្ឌា និង​ចិន​ផង​ដែរ​។

ក្រុមម្ចាស់បំណុលនេះ​បាននិយាយថា ពួកគេត្រៀមខ្លួនជាស្រេចក្នុងការពិភាក្សាជាមួយ​រដ្ឋាភិបាល​​ប្រទេសស្រីលង្កា និងម្ចាស់បំណុលផ្សេងទៀត ដោយបន្ថែមថាប្រទេសនេះគួរតែ "អនុវត្តកញ្ចប់នៃ​កំណែទម្រង់ដ៏មានន័យ និងការកែតម្រូវ​សារពើពន្ធ"។

ការគ្រប់គ្រងសេដ្ឋកិច្ចមិនត្រឹមត្រូវ និងការរាលដាលនៃជំងឺខូវីដ​១៩បាន​ធ្វើឱ្យប្រទេស​កោះ​ដែលមា​នប្រជាជន ២២​​ លាននាក់​នេះ​ប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុដ៏អាក្រក់បំផុត​មិន​ធ្លាប់​មាន​ចាប់តាំងពីការទទួលបានឯករាជ្យនៅឆ្នាំ១៩៤៨ ហើយបញ្ហាកង្វះទុនបម្រុង​រូបិយ​បណ្ណ​បរទេស ក៏បាន​បញ្ឈប់ដល់ការនាំចូលសម្ភារៈសំខាន់ៗរួមទាំងប្រេងឥន្ធនៈ អាហារ និងថ្នាំពេទ្យជាដើម។

កាលពីល្ងាចថ្ងៃអង្គារ ម្ចាស់បំណុលឯកជន​មួយ​បានដាក់​ពាក្យ​ប្តឹង​ប្រទេសស្រីលង្កា​ទៅ​កាន់​តុលាការស្រុក​អាមេរិក​​ (U.S. District Court) នៅទីក្រុង​ម៉ាន់​ហាតាន់​ (Manhattan)​ ដោយ​ចោទ​​ប្រទេសនេះ​ ចំពោះ​ការ​មិន​ព្រម​សង​បំណុលចំនួន ១ ពាន់​លានដុល្លារ​ដែល​នឹងផុតកំណត់នៅខែ​ក្រោយ​នេះ​។

ទន្ទឹមនឹងនេះ ក្រុម​ហ៊ុន​ធនាគារ Hamilton Reserve Bank Ltd ក៏បានទាមទារឱ្យ​ស្រីលង្កា​សង​បំណុល​ជាបន្ទាន់​ទាំង​ប្រាក់​ដើម​និង​ការ​ប្រាក់​សរុប​​ចំនួន ជាង២៥៧ លានដុល្លារ ​​ដោយនិយាយថា ​ប្រទេស​នេះ​បាន​ឈប់ផ្តល់សេវាបំណុលអធិបតេយ្យភាពរបស់ខ្លួន​ និង​ខកខានការទូទាត់​លើ​មូលបត្របំណុល​២ផ្សេងទៀត ហើយឥឡូវ​​លែង​​សង​បំណុល​ទាំង​ស្រុង​តែ​ម្ដង​​។​​

សូម​បញ្ជាក់​ថា ពេល​នេះក្រុម​មន្ត្រី​មូលនិធិរូបិយវត្ថុអន្តរជាតិ​ (IMF) កំពុង​ស្ថិត​នៅ​ប្រទេសស្រីលង្កា​រហូត​ដល់​ចុង​ខែ​នេះ ​ដើម្បីបន្តការពិភាក្សាលើកម្មវិធីជំនួយសង្គ្រោះ​បន្ទាន់​របស់​ប្រទេស​នេះ​ផងដែរ ប៉ុន្ដែ លទ្ធផល​យ៉ាងណានោះ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ៕

អត្ថបទ៖ សុខ ជា​

None



អត្ថបទបន្ទាប់


ពលរដ្ឋលីទុយអានី ជឿជាក់ណាតូនឹងចេញមុខជួយ ក្រោយរងការគំរាមគំហែងពីរុស្ស៊ី

ប្រទេសរុស្ស៊ីបានគំរាមផ្ដន្ទាទោសតបតទៅលើប្រទេសលីទុយអានី ជុំវិញការដែលប្រទេសសមាជិកអង្គការណាតូមួយនេះ បានរារាំងការដឹកជញ្ជូនទំនិញតាមដែកទៅកា…

ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូវីដូដូនឹងទៅជួបពិភាក្សាជាមួយលោកពូទីននាចុងខែនេះ

លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានG20នៅឆ្នាំនេះផងនោះ គ្រោងនឹងធ្វើដំណើរទស្សនកិច្ចនៅទីក្រុងមូស្គូនាចុងខែមិថុនានេះ ដើម្បីជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ