វិស័យកសិកម្ម

បញ្ហាអាកាសធាតុកំពុងគំរាមកំហែងដល់ការបង្កបង្កើនផលដំាំណាំទុរេន និងស្វាយចន្ទី នៅឆ្នាំនេះ


បញ្ហាអាកាសធាតុកំពុងគំរាមកំហែងដល់ការបង្កបង្កើនផលដំណាំទុរេន និងស្វាយចន្ទីនៅឆ្នាំនេះ។ បើតាមការអះអាងរបស់ក្រុមអ្នកជំនាញក្នុងវិស័យកសិកម្ម បញ្ហាភ្លៀងកក់ខែ និងបញ្ហាខ្យល់កន្រ្តាក់មួយចំនួនដែលបានកើតឡើងកាលពីពេលថ្មីៗ បានធ្វើឱ្យប៉ះពាល់ដល់ដំណាំទុរេន និងស្វាយចន្ទីរបស់ប្រជាកសិករជាច្រើនដោយវាបានធ្វើឱ្យជ្រុះក្តឹប និងផ្លែ បាក់មែក និងរលំដើមជាដើម ដែលបញ្ហានេះ ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ទិន្នផលនៅឆ្នាំនេះជាក់ជាមិនខាន។
បញ្ហាអាកាសធាតុកំពុងគំរាមកំហែងដល់ការបង្កបង្កើនផលដំាំណាំទុរេន និងស្វាយចន្ទី នៅឆ្នាំនេះ
ដោយ

លោក ស៊ុយ កុកធាន អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា នៅក្នុងឆ្នាំ២០២៥ នេះ ដំណាំស្វាយចន្ទីនៅកម្ពុជា បានរងផលប៉ះពាល់យ៉ាងច្រើនដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុ ដោយនៅដើមឆ្នាំនេះអាកាសធាតុត្រជាក់យូរ បានធ្វើឱ្យស្វាយចន្ទីគាំងផ្កាជាដើម។ ដោយឡែកកាលពីពេលថ្មីៗនេះ ដោយសារមានភ្លៀងធ្លាក់កក់ខែ គួបផ្សំនឹងខ្យល់កន្ត្រាក់ផងនោះបានធ្វើឱ្យក្តឹប និងផ្លែចន្ទីជ្រុះ និងបាក់មែកផងដែរ។ តែយ៉ាងណាអ្នកជំនាញរូបនេះមិនទាន់អាចវាយតម្លៃបានទេថា បញ្ហាអាចធ្វើឱ្យប៉ះពាល់ដល់ទិន្នផលស្វាយចន្ទីនៅឆ្នាំនេះកម្រិតណានោះទេ។

​មិនខុសគ្នាពីដំណាំស្វាយចន្ទីនោះទេ ដំណាំទុរេនរបស់ប្រជាកសិករនៅកម្ពុជា ក៏បានរងផលប៉ះពាល់មួយចំនួនពីឥទ្ធិពលនៃភ្លៀងធ្លាក់កក់ខែ និងខ្យល់កន្ត្រាក់នៅប៉ុន្មានថ្ងៃចុងក្រោយនេះផងដែរ។ បើតាមការគូសបញ្ជាក់របស់លោក ធឿន ប៊ុនហុង អ្នកបច្ចេកទេសជំនាញលើដំណាំទុរេននៃក្រុមហ៊ុនអង្គរហ្គ្រីន បញ្ហាអាកាសធាតុនេះ បានធ្វើឱ្យដំណាំទុរេននៅតាមចម្ការមួយចំនួនជួបបញ្ហាបាក់ដើម និងជ្រុះផ្កា និងក្តឹប ហើយបញ្ហានេះក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពដើមទុរេនផងដែរ ដោយសារជំងឺមួយចំនួនបានជ្រាបចូលដោយសារការទ្រុឌទ្រោមរបស់ដើមទុរេន។ តាមរយៈបញ្ហានេះ អ្នកជំនាញរូបនេះវាយតម្លៃថា វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់ទិន្នផល និងគុណភាពទុរេនក្នុងកម្រិតណាមួយនៅឆ្នាំនេះ ហើយវាក៏ធ្វើឱ្យកសិករដាំទុរេនត្រូវចំណាយថវិកាច្រើនលើការថែទាំផងដែរ។

​​ជាមួយគ្នានេះលោក ឃឹម ប៉ុនឡែន អ្នកដាំទុរេនម្នាក់នៅខេត្តកំពត និងជាប្រធានក្រុមហ៊ុន Farmer Forward Cambodia បានគូសបញ្ជាក់ថា អាកាសធាតុចុះត្រជាក់យូរនៅឆ្នាំនេះ បានផ្តល់ភាពអំណោយផលច្រើនសម្រាប់ដំណាំទុរេន ប៉ុន្តែដោយសារតែមានភ្លៀងកក់ខែ និងខ្យល់កន្រា្តក់ វាបានផ្តល់ផលប៉ះពាល់មួយចំនួនដល់ដំណាំទុរេននៅឆ្នាំនេះ។ តែយ៉ាងណា លោកជឿជាក់ថា ទិន្នផលទុរេនរបស់កម្ពុជា នៅឆ្នាំនេះ ទំនងជាមិនប៉ះពាល់ខ្លាំងដូចកាលពីឆ្នាំមុន ដែលមានអាកាសធាតុក្តៅខ្លាំងនោះទេ ដ្បិតថា ម្ចាស់ចម្ការទុរេនដែលមានចំណេះជំនាញគ្រាប់គ្រាន់ ពួគេនឹងអាចទប់ស្កាត់បញ្ហាជ្រុះក្តឹបនិងផ្លែដោយសារភ្លៀងធ្លាក់នេះបាន។

​គួរជម្រាបថា ការដាំដុះដំណាំទុរេនរបស់ប្រជាកសិករ កាលពីឆ្នាំ២០២៤ កន្លងទៅ ហាក់មិនសូវទទួលបានទិន្នផលខ្ពស់នោះទេ ដោយសារឥទ្ធិពលនៃបាតុភូតអែលនីណូ បានបង្កឱ្យការដាំដុះទុរេនរបស់ប្រជាកសិករមានការខូចខាតច្រើន ពោលគឺមានផ្លែទុរេនជាច្រើនបានប្រេះ និងជ្រុះមុនពេលប្រមូលផល និងមិនសូវធំធាត់ល្អ ដោយសារអាកាសធាតុក្តៅ និងកង្វះខាតទឹកស្រោចស្រព៕




អត្ថបទបន្ទាប់


តម្លៃមាសនៅកម្ពុជាបានហក់ឡើងដល់ជាង៣,៦៦៨ដុល្លារក្នុង១តម្លឹងជាប្រវត្តិសាស្ត្រមិនធ្លាប់មាន

តម្លៃមាសនៅកម្ពុជាបានបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រជាថ្មី បន្ទាប់ពីវាបានហក់ឡើងដល់ជាង៣,៦៦៨ដុល្លារក្នុង១តម្លឹងនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២…

តើមកទល់ពេលនេះ ការដំឡើងរថយន្តហ្វតនៅខេត្តពោធិ៍សាត់ សម្រេចបានប៉ុន្មានគ្រឿង ហើយរំពឹងកើនឡើងដល់ប៉ុន្មានគ្រឿងនៅត្រឹមដំណាច់ឆ្នាំនេះ?

ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Cambodia បានគូសបញ្ជាក់ថា ចាប់តាំងពីរោងចក្រដាក់ឱ្យដំណើរការរហូតដល់ឆ្នាំ២០២៤ ការដំឡើងរថយន្តហ្វត នៅខេត្តពោធិ៍សា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ