យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា សហរដ្ឋអាម៉េរិកនឹងចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំនៅថ្ងៃចន្ទ ទី៤ ខែឧសភា ដើម្បីបើកផ្លូវឱ្យនាវាដឹកទំនិញរាប់រយគ្រឿង ដែលកំពុងជាប់គាំងចាកចេញពីច្រកសមុទ្រហ័រម៉ូសដោយសុវត្ថិភាព។ ទោះជាយ៉ាងណាក៏ដោយ លោក បានផ្តល់ព័ត៌មានលម្អិតតិចតួចបំផុតពីផែនការរំដោះនាវានេះ ខណៈមកទល់ពេលនេះមានសេចក្តីរាយការណ៍ថា មាននាវារាប់រយគ្រឿងជាមួយនឹងនាវិក និងកម្មករប្រមាណ២ម៉ឺននាក់កំពុងជាប់គាំងនៅលើនាវាទាំងនោះ។
លោក ត្រាំ បានសង្កត់ធ្ងន់ថា ទីក្រុងតេអេរ៉ង់កំពុងធ្វើឱ្យប្រទេសអព្យាក្រឹត និងស្លូតត្រង់ជាច្រើនរងគ្រោះដោយសារជម្លោះនេះ ហើយបានសន្យាជាមួយប្រទេសទាំងនោះថា អាម៉េរិកនឹងនាំយកនាវារបស់ពួកគេចេញពីការបិទខ្ទប់ ដើម្បីឱ្យពួកគេអាចបន្តអាជីវកម្មដោយសេរី និងមានសុវត្ថិភាពឡើងវិញ។
ទោះបីជាលោក ត្រាំ មិនបានបញ្ជាក់ពីយុទ្ធសាស្ត្រលម្អិត ប៉ុន្តែភ្នាក់ងារព័ត៌មាន AP បានស្រង់សម្តីមន្ត្រីយោធាជាន់ខ្ពស់អាម៉េរិកថា បញ្ជាការដ្ឋានកណ្តាលបានត្រៀមលក្ខណៈរួចជាស្រេចនូវវាពិឃាត និងនាវាចម្បាំងការពារអមដំណើរ, យន្តហោះចម្បាំងទំនើបៗជាង១០០គ្រឿង និងកម្លាំងទ័ពសកម្មប្រមាណ១៥,០០០នាក់ ដើម្បីគាំទ្រប្រតិបត្តិការនេះ។
ភ្លាមៗក្រោយការប្រកាសនេះ អ៊ីរ៉ង់បានវាយបកវិញថា ការលើកឡើងរបស់លោក ត្រាំ គឺជាការយល់ច្រឡំទាំងស្រុងចំពោះស្ថានការណ៍ជាក់ស្តែង។ លោក អ៊ីប្រាហ៊ីម អាហ្ស៊ីហ្ស៊ី (Ebrahim Azizi) ប្រធានគណៈកម្មការសន្តិសុខជាតិ នៃសភាអ៊ីរ៉ង់បានបង្ហោះសារលើបណ្តាញសង្គម X ថា ការជ្រៀតជ្រែកណាមួយដោយកម្លាំងយោធាបរទេសនៅក្នុងច្រកសមុទ្រហ័រម៉ូស នឹងត្រូវចាត់ទុកថា ជាការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ហើយអ៊ីរ៉ង់នឹងមិននៅស្ងៀមឡើយ។
អ្នកវិភាគបានលើកឡើងថា នៅពេលនេះច្រកសមុទ្រហ័រម៉ូសត្រូវបានបែកចែកជាពីរដោយផ្ទៃខាងក្នុងគ្រប់គ្រងដោយអ៊ីរ៉ង់ ខណៈផ្ទៃខាងក្រៅគ្រប់គ្រងដោយសហរដ្ឋអាម៉េរិក។ អ្នកវិភាគបានលើកឡើងថា ជាការពិតសមត្ថភាពយោធាលើលំហរសមុទ្ររបស់អ៊ីរ៉ង់មិនអាចប្រៀបនឹងសហរដ្ឋអាម៉េរិកបាននោះទេ ជាពិសេសនាវាចំបាំងធំៗអ៊ីរ៉ង់ជាច្រើនត្រូវបានកម្ទេចបានធ្វើឱ្យសមត្ថភាពកងទ័ពជើងទឹកអ៊ីរ៉ង់កាន់តែធ្លាក់ចុះ ប៉ុន្តែសម្រាប់ច្រកសមុទ្រហ័រម៉ូស អ៊ីរ៉ង់នៅតែជាខ្លាកំណាចមួយនៅក្នុងតំបន់៕
ដោយៈ សរ សុជាតិ