ទីភ្នាក់ងារសារព័ត៌មានអេភី (AP) លោក ហ្គាវីន ហ្គ្រេ (Gavin Gray) ប្រធានបេសកកម្មរបស់ IMF ប្រចាំប្រទេសអ៊ុយក្រែន បាននិយាយថា ការព្យាករអំពីកំណើនសេដ្ឋកិច្ចអ៊ុយក្រែនបានប្រសើរឡើង ពោលគឺអាចមានចាប់ពី ១% ទៅ ៣% នៅឆ្នាំនេះ។ កាលពីខែមីនា IMF បានព្យាករថា អត្រាកំណើនសេដ្ឋកិច្ចអ៊ុយក្រែនអាចមានពី -៣% ទៅ ១%។ លោក Grey បាននិយាយថា អត្រាអតិផរណាកំពុងធ្លាក់ចុះ ហើយរូបិយប័ណ្ណ រីវណា (hryvna) របស់អ៊ុយក្រែន មានស្ថេរភាព ទោះបីជាមានការរំខានដ៏ធំពីសង្គ្រាមក៏ដោយ។
ប៉ុន្តែលោកបានព្រមានថា ការព្យាករសេដ្ឋកិច្ចប្រឈមនឹងហានិភ័យខ្ពស់ជាពិសេស។
លោក Gray បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា "ក្នុងរដូវរងា អ៊ុយក្រែនបានប្រឈមមុខនឹងការវាយប្រហារដ៏ខ្លាំងក្លាលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន ហើយការវាយប្រហារដោយមីស៊ីលនៅតែបន្តទូទាំងប្រទេស"។ មន្ត្រី IMF រូបនេះបានបន្តថា៖ "ទោះបីជាយ៉ាងនេះក៏ដោយ ក៏សេដ្ឋកិច្ចអ៊ុយក្រែនបានបង្ហាញពីភាពធន់គួរឱ្យកត់សម្គាល់ ដោយសកម្មភាពសេដ្ឋកិច្ចនៅក្នុងត្រីមាសទី ១ បានស្ទុះងើបឡើងវិញយ៉ាងខ្លាំង ដោយសារប្រព័ន្ធថាមពលត្រូវបានស្ដារឡើងវិញយ៉ាងឆាប់រហ័ស។
ទិន្នផលសេដ្ឋកិច្ចរបស់អ៊ុយក្រែនបានធ្លាក់ចុះប្រហែល ៣០% ក្នុងឆ្នាំ ២០២២ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានក្នុងខែកុម្ភៈនៅឆ្នាំនោះ។
IMF បាននិយាយថា មន្ត្រីអ៊ុយក្រែនបានបំពេញតាមតម្រូវការសម្រាប់កំណែទម្រង់គោលនយោបាយសេដ្ឋកិច្ច ក្រោមការត្រួតពិនិត្យលើកដំបូង ទាក់ទងនឹងអ្វីដែលជាកញ្ចប់កម្ចី ១៥,៦ ពាន់លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំ។ ការផ្លាស់ប្តូររួមមានការព្រាងច្បាប់ពន្ធដែលមានបំណងកែលម្អការប្រមូលចំណូល និងដែលមានគោលបំណងធានាឱ្យម្ចាស់ជំនួយជឿថា អ៊ុយក្រែននឹងអាចបង់បន្ទុកហិរញ្ញវត្ថុរបស់ខ្លួន។
ការចេញផ្សាយអំពីការផ្ដល់ជំនួយដំបូង ៩០០ លានដុល្លារនេះ ត្រូវបានធ្វើឡើងនៅកម្រិតបុគ្គលិក ប៉ុន្តែនៅតែទាមទារឱ្យមានការយល់ព្រមពីក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF។
កម្មវិធីប្រាក់កម្ចីរបស់ IMF ត្រូវបានគេរំពឹងថា នឹងបើកផ្លូវសម្រាប់ប្រាក់កម្ចី និងជំនួយបន្ថែមចំនួន ១១៥ ពាន់លានដុល្លារ ពីសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន រួមទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងសមាជិកដទៃទៀតនៃក្រុមប្រទេសប្រជាធិបតេយ្យឧស្សាហកម្មជឿនលឿនទាំង៧ (G7)។ ជំនួយនេះមានគោលបំណងគ្របដណ្តប់ឱនភាពថវិកាដ៏ច្រើនដែលបណ្តាលមកពីការចំណាយយោធាកាន់តែខ្ពស់ និងការបាត់បង់ចំណូលពន្ធពីតំបន់ដែលកាន់កាប់ដោយទាហានរុស្ស៊ី ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកំណែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែន៕