រថយន្តអគ្គិសនី

តើការលក់រថយន្តអគ្គិសនីសម្រេចបានប៉ុន្មានលានគ្រឿងនៅពេញមួយឆ្នាំ២០២៤ កន្លងទៅ?


យុទ្ធនាការកាត់បន្ថយការប្រើប្រាស់រថយន្តដើរដោយប្រេងឥន្ធនៈ និងការកាត់បន្ថយការបញ្ចេញកាបូនឌីអុកស៊ីត នៅក្នុងបរិយាកាស បានជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តធំៗនៅលើពិភពលោកងាកទៅផ្តោតលើការផលិតរថយន្តអគ្គិសនី ដែលធ្វើឱ្យប្រើប្រាស់រថយន្តអគ្គិសនីមានការកើនឡើងគួរឱ្យសម្គាល់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ ជាក់ស្តែងការលក់រថយន្តអគ្គិសនីនៅទូទាំងពិភពលោកសម្រេចបានជាង១៧លានគ្រឿងនៅពេញមួយឆ្នាំ២២០២៤ កន្លងទៅ មានការកើនឡើង២៥% ហើយការកើនឡើងភាគច្រើននៅក្នុងប្រទេសចិន កាណាដា និងសហរដ្ឋអាម៉េរិក ខណៈនៅអឺរ៉ុបមានការធ្លាក់ចុះ។
រថយន្តអគ្គិសនី
ដោយ

ក្រុមហ៊ុន Rho Motion ដែលជាក្រុមហ៊ុនប្រឹក្សាយោបល់មានមូលដ្ឋាននៅចក្រភពអង់គ្លេស បានអះអាងថា ការលក់រថយន្តអគ្គិសនី ដែលមិនរួមបញ្ចូលរថយន្តកូនកាត់បានកើនឡើង២៥% នៅទូទាំងពិភពលោកកាលពីឆ្នាំ២០២៤។ ក្រុមហ៊ុននេះ បានអះអាងថា ទោះបីជាទីផ្សារថយន្តអគ្គិសនីនៅអឺរ៉ុបមានការធ្លាក់ចុះក៏ដោយ ក៏កំណើនតម្រូវការនៅប្រទេសចិន បានធ្វើឲ្យរថយន្តអគ្គិសនីសរុបរហូតដល់ជាង១៧លានគ្រឿងត្រូវបានលក់ឱ្យអតិថិជនប្រើប្រាស់ទូទាំងពិភពលោក។

ស្ថិតិផ្លូវការបានបង្ហាញថា ការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសចិន នៅពេញមួយឆ្នាំ២០២៤ កន្លងទៅសម្រេចបានរហូតដល់១១លានគ្រឿង កើនឡើងប្រមាណ៤០% បើធៀបនឹងបរិមាណលក់កាលពីឆ្នាំ២០២៣។ ក្រៅពីទីផ្សារចិន ការលក់រថយន្តអគ្គិសនីនៅសហរដ្ឋអាម៉េរិក និងកាណាដា ក៏មានការកើនឡើង ខ្ពស់ផងដែរ ជាមួយបរិមាណលក់សរុបជិត២លានគ្រឿងមានការកើនឡើង៩%។

ដោយឡែកការលក់រថយន្តអគ្គិសនីនៅបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប ដូចជានៅអង់គ្លេស អាយឡែន ន័រ​វេស និងស្វីសជាដើមបានធ្លាក់ចុះមកនៅត្រឹម៣លានគ្រឿង មានការថយចុះ៣% ដែលជាការធ្លាក់ចុះលើកដំបូងនៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយ។

ការធ្លាក់ចុះនេះត្រូវបានអ្នកវិភាគលើកឡើងថា មួយចំណែកអាចបណ្តាលមកពីសម្ពាធ និងភាពតានតឹងខាងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងចិន និងការបញ្ចប់កម្មវិធីលើកទឹកចិត្តនៅប្រទេសអឺរ៉ុបមួយចំនួន ដូចជានៅអាល្លឺម៉ង់ជាដើម។

លោក ឆាល ឡេស្ទ័រ (Charles Lester ) អ្នកគ្រប់គ្រងទិន្នន័យរបស់ក្រុមហ៊ុន Rho Motion បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅឆ្នាំ២០២៥ កំណើនលក់រថយន្តអគ្គិសនីនៅលើពិភពលោកអាចធ្លាក់ចុះបន្តិចវិញ ដោយសារចំណាត់ការពន្ធគយរបស់លោក ដូណាល់ ត្រាំ និងបញ្ហាផ្សេងៗ។

ទន្ទឹមនឹងនេះ អ្នកជំនាញរូបនេះយល់ឃើញថា ផែនការរបស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ដើម្បីបញ្ឈប់ការលើកទឹកចិត្តក្នុងការលក់រថយន្តអគ្គិសនី និងការកំណត់ពន្ធលើទំនិញចិន គឺជាបញ្ហាប្រឈមមួយដែលអាចធ្វើឱ្យប៉ះពាល់ដល់ការលក់រថយន្តអគ្គិសនីនៅសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុបជាដើម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


មុនការឡើងកាន់តំណែងរបស់លោក ត្រាំ ចិនសម្រេចបានអតិរេកពាណិជ្ជកម្មជិត១ទ្រីលានដុល្លារ

មុនពេលលោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាម៉េរិកឡើងមកដឹកនាំសេតវិមានជាផ្លូវការនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ ម…

អេស្ប៉ាញគ្រោងយកពន្ធ១០០% លើលំនៅឋាន ដែលទិញដោយអ្នកមិនមែនជាពលរដ្ឋអចិន្ត្រៃយ៍របស់សហភាពអឺរ៉ុប

ប្រទេសអេស្ប៉ាញ ដែលជាសមាជិកមួយនៃសហភាពអឺរ៉ុប គ្រោងយកពន្ធរហូតដល់ទៅ១០០% លើលំនៅឋានដែលទិញដោយអ្នកទិញមកពីបណ្ដាប្រទេសក្រៅសហភាពអឺរ៉ុប ដូចជាចក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ