ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Gartner មានក្ដីរំពឹងថា ការចំណាយលើការផលិតយានយន្តអគ្គិសនីនឹងធ្លាក់ចុះខ្លាំងបើធៀបនឹងការចំណាយលើការផលិតថ្មអាគុយ ដែលជាផ្នែកមួយថ្លៃបំផុតសម្រាប់យានយន្តអគ្គិសនី ដែលបានរួមចំណែកប្រហែល៤០%នៃតម្លៃយានយន្តទាំងមូល។ ការរំពឹងបែបនេះរបស់ក្រុមហ៊ុននេះ គឺផ្អែកលើការច្នៃប្រឌិតដែលជួយសម្រួលដល់ការចំណាយលើផលិតកម្មដូចជាស្ថាបត្យកម្មផ្នែកកណ្ដាលរថយន្ត ឬការបង្កើតគ្រោងឆ្អឹងរបស់រថយន្តជាដើម ដែលអាចជួយកាត់បន្ថយថ្លៃដើមផលិត និងពេលវេលាដំឡើង។
លោក ផេដ្រូ ផាឆេកូ (Pedro Pacheco) អនុប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Gartner បាននិយាយថា តាមរយៈបច្ចេកវិទ្យាថ្មីនេះ វានឹងធ្វើតម្លៃរថយន្តអគ្គិសនីឈានដល់កម្រិតស្មើគ្នាជាមួយរថយន្តប្រើម៉ាស៊ីនចំហេះ ដែលវាលឿនជាងការរំពឹងទុកពីដំបូង។ ប៉ុន្តែទន្ទឹមនឹងនេះ វាក៏នឹងធ្វើឱ្យការជួសជុលរថយន្តអគ្គិសនីមួយចំនួនមានតម្លៃថ្លៃគួរឱ្យកត់សម្គាល់ផងដែរ។
ក្រុមហ៊ុនស្រាវជ្រាវទីផ្សារនេះវាយតម្លៃថា ការចំណាយជាមធ្យមនៃការជួសជុលតួរថយន្តអគ្គិសនី និងថ្មអាគុយ បន្ទាប់ពីជួបឧប្បត្តិហេតុធ្ងន់ធ្ងរណាមួយហើយនោះ នឹងកើនឡើង៣០% នៅត្រឹមឆ្នាំ២០២៧។ ម្ល៉ោះហើយវាអាចធ្វើឱ្យយានជំនិះដែលរងការប៉ះទង្គិចខ្លាំងពេកកាន់តែងាយនឹងបោះបង់ចោលទាំងស្រុងផងដែរ ដ្បិតការជួសជុលអាចថ្លៃជាងតម្លៃ ដែលលក់រថយន្តខូចនេះ។
ការចំណាយទាក់ទងនឹងការជួសជុលរថយន្តអគ្គិសនីនេះ គឺជាក្តីកង្វល់ក្នុងចំណោមអ្នកទិញដ៏មានសក្តានុពលរួចទៅហើយ។ ក្រុមហ៊ុន Gartner បាននិយាយថា អ្នកប្រើប្រាស់អាចនឹងមានប្រតិកម្មតបចំពោះការច្នៃប្រឌិតនេះ ប្រសិនបើការកាត់បន្ថយថ្លៃដើមផលិតកម្មនេះបានកើតឡើងដោយធ្វើឱ្យការចំណាយលើការជួសជុលកើនខ្ពស់មែននោះ។ ក្រុមហ៊ុននេះវាយតម្លៃថា ប្រហែល១៥%នៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដែលបង្កើតឡើងនៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ នឹងត្រូវបានគេទិញយក ឬក្ស័យធននៅឆ្នាំ២០២៧៕
អត្ថបទ៖ សុខ ជា