សមាគមធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា បាននិងកំពុងសហការយ៉ាងជិតស្និតជាមួយធនាគារជាតិ នៃកម្ពុជាក្នុងការសម្រួលឲ្យមានការទូទាត់ជាអេឡិចត្រូនិកឆ្លងគ្រឹះស្ថានមួយទៅកាន់គ្រឹះស្ថានមួយទៀត មានភាពកាន់តែងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងមានកម្រៃសេវាសមរម្យ តាមរយៈការកែសម្រួលនូវលក្ខខណ្ឌផ្សេងៗដែលនឹងត្រូវជូនដំណឹងក្នុងពេលឆាប់ៗខាងមុខ។
ជុំវិញនឹងសេចក្តីថ្លែងការណ៍រួមនេះដែរ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានគូសបញ្ជាក់ថា នេះគឺជាការណែនាំមួយដ៏ល្អ និងមានសារៈសំខាន់បំផុតសម្រាប់អតិថិជនក្នុងការចូលរួមទប់ស្កាត់នៃការរីករាលឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា និងជាឱកាសនៃការចូលរួមកាត់បន្ថយជំងឺឆ្លងមួយនេះបានមួយកម្រិតទៀតផងដែរ។
លោកបណ្ឌិត អ៊ិន ចាន់នី អះអាងបន្តថា នេះជាពេលវេលាដ៏ល្អ ខណៈគ្រប់គ្រឹះស្ថានហិរញ្ញវត្ថុកំពុងតែមានស្រាប់នៃប្រព័ន្ធទូទាត់ជាអេឡិចត្រូនិករបស់ខ្លួន និងការគាំទ្រពីរាជរដ្ឋាភិបាលក្នុងការលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនេះគឺពុំមានជាបញ្ហាឬមានការលំបាកចំពោះអ្នកប្រើប្រាស់នោះទេ ហើយក៏ពុំមានអ្វីដែលជាការខាតបង់នោះដែរ ផ្ទុយទៅវិញនឹងធ្វើឲ្យពួកគាត់កាន់តែចំណេញទាំងពេលវេលា ការចំណាយផ្សេងៗ និងអាចកាត់បន្ថយជំងឺឆ្លងបានយ៉ាងល្អផងដែរ។
លោកបណ្ឌិតបន្ថែមទៀតថា ការសម្រេចឲ្យអតិថិជនចូលរួមប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក នេះ គឺភ្លាមៗនេះនឹងមិនធ្វើឲ្យមានផលប៉ះពាល់ណាមួយទៅដល់វិស័យហិរញ្ញវត្ថុនោះឡើយ ផ្ទុយទៅវិញគឺផ្តល់ជម្រើសមួយបន្ថែមទៀតទៅដល់អតិថិជន ដែលជាក់ស្តែងគិតមកដល់ពេលនេះអតិថិជនរបស់អេស៊ីលីដា ដែលបានចុះឈ្មោះប្រើប្រាស់សេវាកម្មធនាគារ យូនីធីទាន់ចិត្តមានការកើនឡើងរហូត ១លាន៧សែននាក់ក្នុងចំណោមអតិថិជនដែលមានប្រាក់សន្សំជាង២លាននាក់ និងក្នុងមួយថ្ងៃអតិថិជនអេស៊ីលីដាបានធ្វើការទូទាត់ទំនិញតាមប្រពន្ធអេឡិចត្រូនិកនេះមានរហូតដល់ ៣៤ម៉ឺនប្រតិបត្តិការ។
ជាមួយគ្នានេះដែរ លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានគូសបញ្ជាក់ថា ការសម្រេចនេះគឺដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅក្នុងវិស័យធនាគា និងហិរញ្ញវត្ថ ខណៈពិនិត្យឃើញពីការរីករាលដាលនៃការឆ្លងជំងឺកូវីដ១៩ដែលឆ្លងចូលសហគមន៍នាពេលថ្មីៗនេះ និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលស្តីអំពីលទ្ធភាពនៃ ការឆ្លងជំងឺកូវីដ១៩តាមរយៈការប្រើប្រាស់ក្រដាសប្រាក់។
លោក ផល វ៉ាន់ឌី បានបន្ថែមទៀតថា យ៉ាងណាភ្លាមៗនេះយើងមិនរំពឹងថា ពួកគាត់ងាកមកប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកទាំងស្រុងនោះទេ ប៉ុន្តែយ៉ាងណាតាមរយៈសមាជិកសមាគមបានឲ្យដឹងថា នៅក្នុងឆ្នាំ២០២០នេះ អតិថិជនអ្នកប្រើប្រាស់ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកមានការកើនឡើងជាប្រចាំរៀងរាល់ខែ។
លោកបានឲ្យដឹងទៀតថា បច្ចុប្បន្នប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសម្រាប់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ក៏ដូចជាការទូទាត់ប្រាក់ផ្សេងៗក្នុងវិស័យហិរញ្ញវត្ថុគឺមានស្ទើតែគ្រប់អស់ហើយ ដូច្នេះនេះជាដំណាក់កាលមួយដែលត្រូវជំរុញបន្ថែមទៀតដល់អ្នកដែលប្រើប្រាស់ ខណៈដែលកម្ពុជាកំពុងតែមានហានិភ័យផងដែរក្នុងការប្រើប្រាស់ក្រដាសប្រាក់នេះ ដូច្នេះនេះអាចចាត់ទុកថា ជាពេលវេលាមួយដ៏ល្អដែលយើងត្រូវចូលរួមជំរុញទាំងអស់គ្នាឲ្យងាកមកប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងវិស័យហិរញ្ញវត្ថុនេះឡើងវិញ៕