សហគ្រិន​ឌីជីថល

ឃួន សុភ័ទ្ទ សហគ្រិនឌីជីថល​ ដែល​កំពុង​​ទទួល​បាន​ការ​ចាប់អារម្មណ៍ខ្លាំង


លោក ឃួន សុភ័ទ្ទ ជា​អគ្គនាយក​ក្រុមហ៊ុន «Morakot Technology» ដែល​ឈរ​ជើង​ក្នុង​ទីផ្សារ​កម្ពុជា​បាន​២​ឆ្នាំ​មក​ហើយ និង​មាន​ចំណូល​ជាង​កន្លះ​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក តាមរយៈ​ការ​លក់ Software System ដល់​ធនាគារ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​ប្រតិបត្តិករ​ឥណទាន​ក្នុង​ស្រុក។
លោក ឃួន សុភ័ទ្ទ អគ្គនាយក​ក្រុមហ៊ុន Morakot Technology ដែល​បង្កើត​ Software ដោះស្រាយ​កិច្ចការ​របស់​មីក្រូ​ហិរញ្ញ​វត្ថុ នៅ​កម្ពុជា។ រូបភាព៖ ហេង ភារម្យ
ដោយ

«មរកត» ជា​ក្រុមហ៊ុន​ថ្មី​ថ្មោង​មួយ​ក្នុង​ចំណោ​ក្រុមហ៊ុន​៣ ដែល​ទទួល​ទុន​វិនិយោគ​មួយ​ចំនួន ពី​មូលនិធិ​សម្រាប់​អាជីវកម្ម​បែប​ឌីជីថល ​ផ្តួចផ្តើម​ឡើង​ដោយ​ក្រុមហ៊ុន​ទូរស័ព្ទ ស្មាត ដែលមាន​មូលនិធិ​សរុប ៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​ចាំ​ជួយ​សហគ្រិន​វ័យ​ក្មេង ដែលមានឆន្ទៈ​និង​ចង់​ពង្រីក​ខ្លួន​ទៅ​កាន់​ទីផ្សារ​តំបន់​និង​ពិភព​លោក។

លោក ឃួន សុភ័ទ្ទ ដែល​មាន​វ័យ​៣៧​ឆ្នាំ បាន​ផ្តល់​បទ​សម្ភាស​ជូន​សារព័ត៌មាន ខេមបូណូមីស ថា ក្រុមហ៊ុន​នេះ​បង្កើត​ឡើង​ដំបូង​ក្នុង​ឆ្នាំ​២០១៥ ដោយ​មាន​ស្ថាបនិក​ជនជាតិ​ខ្មែរ​៣​នាក់ ដើម្បី​រៀបចំ Software System សម្រាប់​ដោះស្រាយ​លើ​វិស័យ​ហិរញ្ញវត្ថុ។

លោករំឭក​ថា៖ «កាល​មុន ខ្ញុំ​ធ្វើការ​នៅ​មីក្រូ​ហិរញ្ញវត្ថុ Vision Fund រយៈពេល​១០​ឆ្នាំ ផ្នែក IT និង Business Development។ ខ្ញុំ​ជា​អ្នក​ប្រឡូក​ក្នុង​វិស័យ Software System ហើយ​យើង​ត្រូវ​ទិញ System ពី​ប្រទេស​ស្វ៊ីស វា​ថ្លៃ​ណាស់ ហើយ​ត្រូវ​ជួល​អ្នក​បច្ចេកទេស​គេ​ទៀត។ យើង​ឃើញ​លុយ​ហូរ​ចេញ​ពី​ស្រុក​ខ្មែរ​ស្រស់ៗ​ពេក។ ហើយ​ក៏​គិត​ថា មីក្រូ​ហិរញ្ញវត្ថុ​នៅ​ស្រុក​ខ្មែរ​មាន​ច្រើន ប៉ុន្តែ អ្នក​ទាំង​អស់​ហ្នឹង មិន​ដល់ ៥​ភាគរយ​ផង ដែល​មាន​លទ្ធភាព​ទិញ Software ពី​ក្រៅ​ប្រទេស ព្រោះ​វា​ថ្លៃ​ពេក តិច​បំផុត​ក៏ ៥០​ម៉ឺន​ដុល្លារ។ ដូច្នេះ គាត់​បង្ខំ​ចិត្ត​ប្រើ Excel និង System ហួស​សម័យ​ចាស់ៗ តែ​វា​អត់​ស្តង់ដារ និង​អត់​ល្អ​ទេ»។

ក្រុមហ៊ុន Morakot Technology ជាក្រុមហ៊ុន​មួយ​ទើប​តែ​ទទួល​បាន​ទុន​វិនិយោគ​ពី មូលនិធិ​សម្រាប់​អាជីវកម្ម​ឌីជីថល របស់​ក្រុមហ៊ុន ស្មាត។

លោក​បន្ត​ថា៖ «ដូច្នេះ ពួក​ខ្ញុំ​ឃើញ​វា​មាន​ឱកាស វា​មាន​ទីផ្សារ​មួយ​ដែល​នៅ​ខ្វះ​ចន្លោះ ជា​ពិសេស អ្នក​តូចៗ​អត់​លទ្ធភាព ហើយ​ឥឡូវ​ធនាគារ​ជាតិ តម្រូវ​ឲ្យ​មាន​ស្តង់ដារ និង​កត់ត្រា​បញ្ជី​ស្នាម​ត្រឹម​ត្រូវ ដែល​ធ្វើ​ឲ្យ ពួកគាត់​លំបាក​ណាស់ ព្រោះ​ត្រូវការ​មនុស្ស​ច្រើន។ ហេតុនេះ ក៏​ពិភាក្សា​ជាមួយ​ស្ថាបនិក​ពីរ​នាក់​ទៀត។ ខ្ញុំ​ក៏​លា​ឈប់​ពី​ការងារ មក​ចាប់ដៃ​គ្នា​ធ្វើ​ការងារ​នេះ»។ 

បើ​តាម លោក ឃួន សុភ័ទ្ទ ការប្រើ Excel  និង​កត់ត្រា​ដោយ​ដៃ គឺ​មិន​ងាយ​ស្រួល​ឡើយ ដ្បិត​នៅ​ពេល​មាន​អតិថិជន​កើន​ឡើង ទាល់តែ​បន្ថែម​បុគ្គលិក​កាន់​តែ​ច្រើន និង​បង្ក​ការ​ស្មុគស្មាញ​ច្រើន។ ដូច្នេះ ការកសាង​ Software វា​ជួយ​ទាំង​អស់ ដូចជា កម្ចី​ចេញ តើ​គេ​បង់​ឲ្យ​គ្រប់​នៅ? ខ្វះ​ប៉ុន្មាន? ខាត​ប៉ុន្មាន? ហើយ​ថ្ងៃ​ហ្នឹង​ខាត ឬ​ចំណេញ​ប៉ុន្មាន?... គឺ​ម៉ាស៊ីន​ចេញ​ឲ្យ​ដឹង​ទាំង​អស់។

លោក​បន្ត​ថា សម្រាប់​មីក្រូ​ហិរញ្ញ​វត្ថុ​កណ្តាល និង​តូច ដោយ​មិន​កែ​កុន​កម្មវិធី​ច្រើន ក្រុមហ៊ុន​របស់​លោក​យក​តម្លៃ​៤​ម៉ឺន​៥​ពាន់​ដុល្លារ ទៅ ៧​ម៉ឺន​ដុល្លារ​ក្នុង​មួយ​កញ្ចប់។ ប៉ុន្តែ បើ​ក្រុមហ៊ុន​ធំៗ មាន​តម្លៃ តាម​ទំហំ  ការងារ​ច្រើន​ឬ​តិច។ លោក​លម្អិត​ថា សម្រាប់​ប្រតិបត្តិករ​ឥណទាន ដែល​តូចៗ​អត់​លទ្ធភាព​ទិញ​កញ្ចប់ Software ទាំង​មូល ក្រុមហ៊ុន «មរកត» ផ្តល់​លទ្ធភាព​ឲ្យ​ពួកគេ​បង់​ប្រចាំ​ខែ។

លោក​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «សម្រាប់​អ្នក​គ្មាន​លទ្ធភាព គឺ​យើង​ឲ្យ​គាត់​បង់​ប្រចាំ​ខែ។ ឧទាហរណ៍ អតិថិជន​របស់​គាត់​ម្នាក់ តម្រូវ​ចូល​ខាង​ខ្ញុំ ០.៣​ដុល្លារ អ៊ីចឹង​បើ​អតិថិជន​កើន​គឺ​ពួកខ្ញុំ​បាន​ច្រើន​តាម​ហ្នឹង តែ​បើ​ច្រើន គឺ​យើង​បញ្ចុះ​តម្លៃ​ឲ្យ​ទាប​ជាង​នេះ។ នេះ​ជា​យុទ្ធសាស្រ្ត​ឈ្នះ​ទាំង​អស់​គ្នា គាត់​ក៏​អាច​ទិញ System ដែល​មាន​ស្តង់ដារ  បើ​ទោះបី​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ក៏​ដោយ»។

បច្ចុប្បន្ន ក្រុមហ៊ុន​ដែល​បង្កើត​ឡើង​ដោយ​អ្នក​ខេត្ត​បន្ទាយមានជ័យ​រូប​នេះ កំពុង​មាន​អតិថិជន​មក​ទាក់ទង​ពី​ប្រទេស​មីយ៉ាន់ម៉ា ៣​ក្រុមហ៊ុន​ទៀត និង​បង្ហាញ​មហិច្ឆតា​យ៉ាង​មាន​ក្តី​សង្ឃឹម​ខ្ពស់ ក្នុង​ការ​បោះ​ជំហាន​ទៅ​ប្រទេស​ហ្វីលីពីន និង​ក្នុង​ទីផ្សារ​ពិភព​លោក​នៅ​ថ្ងៃ​អនាគត។ 

លោក ឃួន សុភ័ទ្ទ ចាត់​ទុក លោក Steve Jobs និង Elon Musk ជា Idols  

បុរស​មាឌ​កណ្តាញ់ និង​មាន​សម្បុរ​សណ្តែក​បាយ​រូប​នេះ បាន​អត្ថាធិប្បាយ​ថា ការ​បោះ​ជំហាន​របស់​ខ្លួន​ចូល​ក្នុង​មុខ​ជំនួញ​ឌីជីថល គឺ​ចង់​បង្កើត​ស្នាដៃ​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​របស់​មនុស្ស។ 

«ខ្ញុំ​មិន​ប្រកួត​ប្រជែង​ក្រុមហ៊ុន​ក្នុង​ស្រុក​នោះ​ទេ តែ​ខ្ញុំ​ចង់​មាន​ក្រុមហ៊ុន Software របស់​ខ្មែរ ទៅ​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ពិភព​លោក។ នៅ​ពេល​យើង​បង្កើត​អ្វី​មួយ ដែល​ជួយ​ដោះស្រាយ​បញ្ហា​របស់​មនុស្ស​បាន នោះ​យើង​នឹង​មាន​តម្លៃ ហើយ​លុយ​នឹង​ហូរ​ចូល​តាម​ក្រោយ​ទេ»។ នេះ​ជា​ក្តី​ស្រមៃ​របស់​លោក ឃួន សុភ័ទ្ទ ដោយ​បន្ត​ថា អ្នក​ដែល​លោក​យក​គំរូ​តាម គឺ​លោក Steve Jobs ស្ថាបនិក​ក្រុមហ៊ុន Apple Inc. និង លោក Elon Musk អគ្គនាយក​ក្រុមហ៊ុន Tesla Inc. ដែល​ផលិត​រថយន្ត​ដោយ​ប្រើ​ថាមពល​អគ្គិសនី។

លោក​បន្ត​ថា ដ្បិតក្រុមហ៊ុន Tesla Inc. មិន​ទាន់​ចំណេញ តែ​គាត់​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​របស់​មនុស្ស និង​បរិស្ថាន។ លោក​ថា គ្មាន​នរណា​គេ​ជឿ​ថា គាត់​អាច​ផលិត​រថយន្ត​ស្ព័រ ប្រើ​អគ្គិសនី​បាន​ដោយ​គ្រាន់តែ​សាក​ថ្ម​ត្រឹម ៣០​នាទី​ទៅ ១​ម៉ោង​ពេញ ហើយ​ជិះ​បាន​រាប់​រយ​គីឡូម៉ែត្រ ដោយ​មិន​ចាំបាច់​ចាក់​សាំង តែ​គាត់​ធ្វើ​បាន ដែល​នេះ​ហើយ​ជា​តម្លៃ​របស់​គាត់​សម្រាប់​មនុស្ស​ជាតិ​ទាំង​មូល៕

None



អត្ថបទបន្ទាប់


លក្ខណៈពិសេស ៥យ៉ាង ដែលធ្វើឲ្យស្ករត្នោតខ្មែរ ជាប់លេខ១ជាផលិតផលល្អបំផុតនៅអាស៊ាន

កម្ពុជា ជាប្រទេសតែមួយគត់ ដែលមានដើមត្នោតច្រើន ហើយប្រទេសនានាជុំវិញពិភពលោកមិនមានដូចកម្ពុជា។ ដើមត្នោត បានក្លាយជាអត្តសញ្ញាណរបស់ជនជាតិខ្មែរ។ …

៩ខែ​ឆ្នាំ​២០១៧ ចំណូលពន្ធ​​ពី​វិស័យ​កាស៊ីណូ​ថយ​ចុះ​ជាង​៣០%

ការ​ប្រមូល​ប្រាក់​ចំណូល​ពន្ធ​ពី​វិស័យ​កាស៊ីណូ ក្នុង​រយៈពេល ៩ខែ​ដំបូង​នៃ​ឆ្នាំ​២០១៧​ ថមថយ​ចុះ​ជាង ៣០% បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ