អត្ថបទមួយចុះផ្សាយនៅលើគេហទំព័រ entrepreneur.com បានសរសេរអំពីការសិក្សាដោយស្កែនខួរក្បាលរបស់បុរសមានកូន និងបុរសជាសហគ្រិន ដើម្បីចង់ដឹងអំពីក្ដីស្រលាញ់របស់ពួកគេចំពោះមុខរបររបស់ខ្លួន។
នៅពេលពិនិត្យសកម្មភាពខួរក្បាលរបស់អ្នកចូលរួមក្នុងការសិក្សានេះ អ្នកវិទ្យាសាស្ត្ររកឃើញថា «ក្ដីស្រលាញ់របស់សហគ្រិនចំពោះមុខរបររបស់ខ្លួន គឺស្រដៀងគ្នាទៅនឹងក្ដីស្រលាញ់របស់ឪពុកចំពោះកូនៗដែរ»។
អ្នកស្រាវជ្រាវបានស្កែនខួរក្បាលរបស់បុរស ៤២នាក់ ដោយបែងចែកជាពីរក្រុម។ បុរស ២១នាក់ គឺជាឪពុកគេ ដែលមានអាយុពី ២៧ ដល់ ៤៣ឆ្នាំ ហើយបុរស ២១នាក់ទៀត ជាសហគ្រិនដែលមានអាយុពី ២៤ ដល់ ៤៥ឆ្នាំ។
សហគ្រិនទាំងនេះ គឺជាស្ថាបនិកនៃក្រុមហ៊ុន ប៉ុន្តែមិនមែនជាសហគ្រិនដែលមានក្រុមហ៊ុនច្រើន និងមិនមែនជាឪពុកគេនោះទេ។ ចំណែកឯក្រុមបុរសដែលជាឪពុកគេ ពុំមានសាវតារផ្នែកសហគ្រិនភាពឡើយ។ អាយុជាមធ្យមនៃសហគ្រាស ឬអាជីវកម្មរបស់សហគ្រិន គឺ ៤ឆ្នាំកន្លះ ចំណែកឯអាយុជាមធ្យមនៃកូនដំបូងរបស់បុរសជាឪពុក គឺ ៥,៦ឆ្នាំ។
✌️ គួរអាន! បើចង់ស្រណុកខ្លួននៅពេលចាស់ ត្រូវអនុវត្តវិធី៤យ៉ាងដើម្បី«សេរីភាពហិរញ្ញវត្ថុ»
🎬 ទស្សនាវីដេអូខាងក្រោម ! ឧកញ៉ា សៀ ឫទ្ធី ជានរណា និងគន្លឹះជោគជ័យក្នុងអាជីវកម្ម !
អ្នកស្រាវជ្រាវបានធ្វើការស្កែនខួរក្បាលរបស់បុរសជាសហគ្រិន ខណៈដែលបង្ហាញរូបភាពនៃក្រុមហ៊ុនរបស់ពួកគេ និងក្រុមហ៊ុនផ្សេងទៀត និងស្កែនខួរក្បាលរបស់បុរសជាឪពុក ខណៈដែលបង្ហាញរូបភាពកូនៗរបស់ពួកគេ និងកូនៗរបស់អ្នកដទៃ។ រួចហើយអ្នកស្រាវជ្រាវសួរសំណួរទាក់ទងនឹងអារម្មណ៍ចំពោះរូបភាព និងភាពពុះកញ្ជ្រោលនៃអារម្មណ៍ ដូចជា ការស្រលាញ់ ការខ្លាច មោទនភាព ការសប្បាយរីករាយ ការពេញចិត្ត ការអាណិតអាសូរ ការខកចិត្ត និងការកើតទុក្ខ ជាដើម។
ជាលទ្ធផល បុរសជាសហគ្រិនទទួលបានពិន្ទុរាងខ្ពស់ជាងបន្តិចនៃពិន្ទុរបស់បុរសជាឪពុក ចំពោះទំហំនៃការស្រលាញ់ដែលពួកគេមានទៅលើក្រុមហ៊ុន ធៀបនឹងអារម្មណ៍ស្រលាញ់ចំពោះកូន។ គេក៏រកឃើញទៀតដែរថា ទាំងបុរសជាសហគ្រិន និងទាំងបុរសជាឪពុកគេ មានទំនុកចិត្តលើសអំពីឱកាសជោគជ័យរបស់ក្រុមហ៊ុន/កូនរបស់ខ្លួន។ មានន័យថា បុរសជាឪពុកដែលស្រលាញ់កូន គឺតែងតែគិតថា កូនខ្លួនឯងជាមនុស្សពូកែ ជាមនុស្សឆ្លាត ដូចគ្នាទៅនឹងបុរសជាសហគ្រិនដែលគិតនិងជឿជាក់ថា ក្រុមហ៊ុន ឬមុខរបរខ្លួនមានឱកាសជោគជ័យខ្ពស់ដូច្នេះដែរ៕