បើទោះបីជាត្រូវបានបង្ហើបអំពីទណ្ឌកម្មថ្មីរបស់សហភាពអឺរ៉ុបទៅលើរុស្ស៊ីក៏ពិតមែន ប៉ុន្ដែ ព័ត៌មានលម្អិតនៃទណ្ឌកម្មថ្មីនេះមិនត្រូវបានបង្ហាញឱ្យដឹងនៅឡើយទេ។ គ្រាន់តែប្រធានាធិបតីបារាំងបាននិយាយថា ឋានៈ «ប្រទេសដែលមានការពេញចិត្តធ្វើពាណិជ្ជកម្មបំផុត» របស់រុស្ស៊ីនឹងត្រូវបានដកហូត។ នេះទំនងជាអាចការបើកផ្លូវដល់សហភាពអឺរ៉ុបអាចហាមឃាត់ ឬដាក់ទណ្ឌកម្មពន្ធលើទំនិញរុស្ស៊ី និងធ្វើឱ្យរុស្ស៊ីស្ថិតក្នុងកម្រិតស្ថានភាពមួយដូចគ្នាទៅនឹង ប្រទេសកូរ៉េខាងជើង និងអ៊ីរ៉ង់ដែរ។
ប្រភពព័ត៌មានពីរ៉យទ័របានឱ្យដឹងថា ការដាក់ទណ្ឌកម្មនឹងត្រូវកំណត់បញ្ចូលនូវការហាមឃាត់ការនាំចូលដែកថែបរបស់រុស្ស៊ី ការហាមឃាត់ការនាំចេញលើទំនិញប្រណីតរួមទាំងរថយន្តដែលមានតម្លៃលើសពី ៥ម៉ឺន ៥ពាន់ដុល្លារពីអឺរ៉ុបទៅរុស្ស៊ី និងការបម្រាមលើការវិនិយោគនៅក្នុងក្រុមហ៊ុនប្រេង និងវិស័យថាមពលនៅរុស្ស៊ីជាដើម។ តាមប្រភពដដែលបានឱ្យដឹងទៀតថា អឺរ៉ុបក៏នឹងដាក់បញ្ចូលម្ចាស់ក្លឹបបាល់ទាត់ Chelsea គឺលោក Roman Abramovich និងមនុស្ស ១៤នាក់ផ្សេងទៀតទៅក្នុងបញ្ជីមហាសេដ្ឋីរុស្ស៊ី ដែលត្រូវបានទណ្ឌកម្មដោយសហភាពអឺរ៉ុបផងដែរ។
ជាមួយគ្នានេះ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែនក៏បាននិយាយផងដែរថា អឺរ៉ុបកំពុងធ្វើការ ដើម្បីព្យួរសិទ្ធិសមាជិកភាពរបស់រុស្ស៊ីនៃស្ថាប័នពហុភាគីឈានមុខគេ រួមទាំងមូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកផងដែរ។
សូមបញ្ជាក់ថា ទណ្ឌកម្មចុងក្រោយបំផុតនឹងត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅពេលដែលសហភាពអឺរ៉ុប បានចេញផ្សាយសេចក្ដីប្រកាសជាផ្លូវការរួមមួយ ដែលនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ៕
អត្ថបទ ស៊ើង និមល់