សំណើដែលហៅថា ចីរភាពសាជីវកម្ម នឹងតម្រូវឱ្យក្រុមប្រឹក្សានៃក្រុមហ៊ុនអឺរ៉ុប ធានាថា គំរូអាជីវកម្ម និងយុទ្ធសាស្ត្រអាជីវកម្មរបស់ពួកគេស្របជាមួយនឹងការកំណត់ទៅតាមការកើនឡើងនៃកំដៅផែនដី ដូចដែលបានព្រមព្រៀងគ្នាក្រោមសន្ធិសញ្ញាអាកាសធាតុទីក្រុងប៉ារីស។ សំណើរបស់គណៈកម្មាការអឺរ៉ុបនឹងក្លាយជាច្បាប់របស់សហភាពអឺរ៉ុបបាន បន្ទាប់ពីការចរចារយៈពេលវែងជាមួយសភាអឺរ៉ុប និងរដ្ឋាភិបាលសហភាពអឺរ៉ុប ដែលវាទំនងជាចំណាយពេលលើសពីមួយឆ្នាំ។
សូមជម្រាបថា សំណើនេះប៉ាន់ប្រមាណថា វានឹងអនុវត្តចំពោះក្រុមហ៊ុនសហភាពអឺរ៉ុបចំនួន ១ម៉ឺន ៣ពាន់ក្រុមហ៊ុន ហើយក្រុមហ៊ុនដែលស្ថិតនៅក្រោមសំណើរនេះ ត្រូវតែជាក្រុមហ៊ុនដែលមានបុគ្គលិកច្រើនជាង ៥០០ នាក់ និងមានចំណូលសុទ្ធជិត ១៧០លានដុល្លារ។ យ៉ាងណាមិញ ចំពោះក្រុមហ៊ុនកម្រិតទាបដែលមានបុគ្គលិកតែ ២៥០នាក់ និងចំណូលបានជាង ៤៥ លានដុល្លារ ក៏ត្រូវស្ថិតនៅក្រោមច្បាប់នេះផងដែរ ដែលភាគច្រើនសម្រាប់ក្រុមហ៊ុនក្នុងវិស័យដែលរងផលប៉ះពាល់ខ្លាំង ដូចជាសម្លៀកបំពាក់ ស្បែកជើង សត្វ ឈើ អាហារ ប្រេង ឧស្ម័ន ធ្យូងថ្ម និងរ៉ែដែក សម្ភារសំណង់ ឬសារធាតុគីមីជាដើម។
ទោះយ៉ាងណាក៏ដោយ ក្នុងន័យនេះ គឺមាន ៩៩% នៃក្រុមហ៊ុនរបស់អឺរ៉ុបនឹងត្រូវបានលើកលែងពីសំណើច្បាប់ថ្មីទាំងនេះ ដោយសារតែក្រុមហ៊ុនភាគច្រើននៅអឺរ៉ុបគឺមិនមានកម្រិតបុគ្គលិក និងប្រាក់ចំណូលដូចដែលច្បាប់បានកំណត់នេះទេ។ ប៉ុន្ដែ តាមសំណើច្បាប់នេះ ក៏នឹងត្រូវអនុវត្តលើក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្រៅសហភាពអឺរ៉ុបប្រហែលតែ ៤ពាន់ក្រុមហ៊ុនផងដែរ ព្រោះពួកគេមានប្រតិបត្តិការនៅក្នុងប្រទេសនៃសមាជិកអឺរ៉ុប។
សូមជម្រាបថា ការអនុលោមតាមគោលដៅទាំងនេះនឹងត្រូវបានត្រួតពិនិត្យដោយរដ្ឋាភិបាលសហភាពអឺរ៉ុប ហើយចំពោះក្រុមហ៊ុនណាដែលមិនអើពើនឹងការអនុវត្តតាម នឹងប្រឈមនឹងការផាកពិន័យ។ ទន្ទឹមនេះ ក្រុមហ៊ុនអឺរ៉ុប ក៏នឹងប្រឈមមុខនឹងការទទួលខុសត្រូវផងដែរ ប្រសិនបើបទល្មើសប្រឆាំងនឹងសិទ្ធិមនុស្ស ឬបរិស្ថានត្រូវបានប្រព្រឹត្តដោយអ្នកផ្គត់ផ្គង់របស់ពួកគេ។
តែយ៉ាងណាមិញ សេចក្តីព្រាងគណៈកម្មាការនេះបាននិយាយថា នៅក្នុងការអនុវត្តជាក់ស្តែងវានឹងពិបាកក្នុងការទប់ស្កាត់ហានិភ័យទាំងអស់នេះ តាមរយៈខ្សែចង្វាក់តម្លៃសកល។ ដូចនេះ សេចក្ដីព្រាងច្បាប់នេះ នឹងធ្វើឱ្យក្រុមហ៊ុនទទួលខុសត្រូវចំពោះការខូចខាតនៅទូទាំងខ្សែចង្វាក់ផ្គត់ផ្គង់របស់ពួកគេ ហើយមិនឱ្យមានចន្លោះប្រហោងឡើយ៕