ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយនៅក្នុងសុន្ទរកថាមួយនៅទីក្រុង Bled នៃប្រទេសស្លូវេនីថា ការកើនឡើងតម្លៃអគ្គិសនីឥតឈប់ឈរឥឡូវនេះកំពុងតែបង្ហាញពីដែនកំណត់នៃការរៀបចំទីផ្សារអគ្គិសនីនាពេលបច្ចុប្បន្នរបស់ពួកគេ។
លោកស្រី Leyen បាននិយាយថា កំណើនខ្ពស់នៃតម្លៃអគ្គិសនីនេះ វាត្រូវបានបណ្ដាលមកពីកាលៈទេសៈផ្សេងៗគ្នា។ ដូច្នេះហើយ សហភាពអឺរ៉ុប ឥឡូវនេះ កំពុងធ្វើការលើអន្តរាគមន៍សង្គ្រោះបន្ទាន់ និងធ្វើកំណែទម្រង់រចនាសម្ព័ន្ធនៃទីផ្សារអគ្គិសនីឡើងវិញ។
បច្ចុប្បន្នអ្នកដែលប្រើប្រាស់ហ្កាសបានជួបការលំបាកខ្លាំងដោយសារតម្លៃបានកើនឡើងយ៉ាងខ្លាំងបន្ទាប់ពីរុស្ស៊ីបានកាត់បន្ថយការផ្គត់ផ្គង់ដល់ប្រទេសអឺរ៉ុបមួយចំនួនចំពេលមានសង្គ្រាមនៅអ៊ុយក្រែន។
អធិការបតីអាល្លឺម៉ង់លោក អូឡាហ្វ ស្កូល (Olaf Scholz) ដែលធ្វើទស្សនកិច្ចនៅទីក្រុងប្រាក នៃប្រទេសឆេកកាលពីទី ២៩ សីហាបាននិយាយថា សហភាពអឺរ៉ុប នឹងស្វែងរកដំណោះស្រាយឡើងវិញសម្រាប់ទីផ្សារអគ្គិសនីប្លុកនេះ ហើយរដ្ឋនីមួយនឹងនឹងធ្វើការជាមួយគ្នាយ៉ាងឆាប់រហ័ស។
លោក Scholz អធិកាបតីអាល្លឺម៉ង់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា វាចាំបាច់សម្រាប់អឺរ៉ុបក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធដែលរួមចំណែកជួយឱ្យតម្លៃធ្លាក់ចុះម្តងទៀតយ៉ាងឆាប់រហ័ស និងមានការផ្តល់ជូនអគ្គិសនីគ្រប់គ្រាន់ផងដែរ៕
អត្ថបទ៖ សុខ ជា