រដ្ឋាភិបាលអ៊ឺរ៉ុបមួយចំនួនបានចាក់បញ្ចូលប្រាក់រាប់រយពាន់លានអឺរ៉ូរួចហើយចូលទៅក្នុងកម្មវិធីកាត់បន្ថយពន្ធ និងការឧបត្ថម្ភធនផ្សេងៗទៀត ខណៈដែលពួកគេព្យាយាមទប់ទល់វិបត្តិថាមពលដែលកំពុងធ្វើឱ្យកម្រិតអតិផរណាកើនឡើងយ៉ាងខ្លាំង ដោយបង្ខំឱ្យឧស្សាហកម្មមួយចំនួនបិទផលិតកម្ម និងបង្កើនការចំណាយរបស់ពលរដ្ឋនៅមុនរដូវរងាចូលមកដល់។
គណៈកម្មការអ៊ឺរ៉ុបនឹងព្យាយាមលាតត្រដាងវិធានការជាតិមួយចំនួនជាមួយការឆ្លើយតបយ៉ាងស៊ីចង្វាក់គ្នាបន្ថែមទៀត ដោយអនុវត្តនៅទូទាំងរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ ប្រទេស ឆ្លើយតបទៅនឹងការកើនឡើងនៃតម្លៃថាមពលខ្ពស់នាពេលបច្ចុប្បន្ននេះ ពោលគឺក្រោយពេលដែលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនតែម្ដង។
សេចក្តីព្រាងផែនការរបស់គណៈកម្មការនេះដែលទីភ្នាក់ងារ Reuters បានឃើញនោះ នឹងកាត់បន្ថយប្រាក់ចំណូលដ៏លើសលុបពីរោងចក្រថាមពលដែលមិនប្រើឧស្ម័នរបស់អឺរ៉ុបដើម្បីប្រមូលសាច់ប្រាក់សម្រាប់រដ្ឋាភិបាលក្នុងការចំណាយលើការជួយអាជីវកម្ម និងប្រជាពលរដ្ឋជាមួយវិក័្កយបត្រចំណាយរបស់ពួកគេលើថាមពលអគ្គិសនី។
រោងចក្រដើរដោយថាមពលកង្ហាល់ និងពន្លឺព្រះអាទិត្យ និងរោងចក្រដើរដោយថាមពលនុយក្លេអ៊ែរនឹងត្រូវប្រឈមមុខនឹងការកំណត់តម្លៃចំនួន ១៨០ អឺរ៉ូ ឬប្រហែលនឹង១៨០ដុល្លារអាមេរិក ក្នុងមួយមេហ្កាវ៉ាត់ម៉ោងលើប្រាក់ចំណូលដែលពួកគេទទួលបានសម្រាប់ផលិតអគ្គិសនី។
ចំណាត់ការនេះនឹងកំណត់ប្រាក់ចំណូលរបស់ក្រុមហ៊ុនផលិតថាមពលឱ្យស្ថិតនៅក្នុងកម្រិតមួយទាបជាងពាក់កណ្តាលនៃតម្លៃទីផ្សារបច្ចុប្បន្ន។
ក្រុមហ៊ុនឥន្ធនៈហ្វូស៊ីលក៏នឹងប្រឈមមុខនឹងការកាត់ប្រាក់ចំណេញដ៏លើសលប់ផងដែរ ដោយគណៈកម្មការអឺរ៉ុបបានចាត់ទុកប្រាក់ចំណេញនេះ ថាជា«ប្រាក់ចំណេញដ៏ច្រើនសន្ធឹកសន្ធាប់នជាប់ទាក់ទងនឹងការកើនឡើងតម្លៃប្រេង និងឧស្ម័នដោយសារប្រទេសរុស្ស៊ីបានកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នបន្ទាប់ពីការលុកលុយទៅលើអ៊ុយក្រែន។
សេចក្តីព្រាងច្បាប់នេះក៏បាននិយាយដែរថា ក្រុមហ៊ុនប្រេង ឧស្ម័ន ធ្យូងថ្ម និងក្រុមហ៊ុនចម្រាញ់មួយចំនួននឹងតម្រូវឱ្យធ្វើ«ការរួមចំណែកសាមគ្គីភាព»ដោយបរិច្ចាគ ៣៣% នៃប្រាក់ចំណេញមិនទាន់បង់ពន្ធដ៏លើសលប់របស់ពួកគេគិតចាប់ពីឆ្នាំសារពើពន្ធ២០២២។
ទោះជាយ៉ាងណា គណៈកម្មាការអឺរ៉ុបនេះបានបដិសេធពីផែនការដំបូងមួយក្នុងការកំណត់តម្លៃឧស្ម័នរបស់រុស្ស៊ី ហើយបណ្តាប្រទេសសហភាពអឺរ៉ុបកំពុងបែកបាក់គ្នាជុំវិញថាតើការកំណត់តម្លៃដ៏ទូលំទូលាយនេះនឹងជួយដល់ ឬក៏ធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុបក្នុងការធានាការផ្គត់ផ្គង់ថាមពលនារដូវរងារខាងមុខនេះ។
ប្រទេសសហភាពអឺរ៉ុបនឹងត្រូវចរចាគ្នាពីសំណើរបស់គណៈកម្មការនេះ និងព្រមព្រៀងគ្នាលើច្បាប់ចុងក្រោយមួយចំនួន។ ទោះជាមានភាពចម្រូងចម្រាស់គ្នាពីតម្លៃឧស្ម័នយ៉ាងណាក៏ដោយ សម្រាប់ពេលនេះមានអ្នកការទូតមកពីរដ្ឋមួយចំនួនមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងមួយចំនួនអាចនឹងសម្រេចបាននៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថាមពលសហភាពអឺរ៉ុបនៅថ្ងៃទី៣០ ខែកញ្ញានេះ៕
អត្ថបទ៖ សុខ ជា