បើតាមអ្វីដែលគណៈកម្មការអឺរ៉ុបបានបញ្ជាក់ កិច្ចព្រមព្រៀងផ្គត់ផ្គត់វ៉ាក់សាំងជាមួយនឹងក្រុមហ៊ុន Pfizerនេះ រំពឹងថា នឹងអាចធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខនេះ ដោយចំនួនផ្គត់ផ្គង់មាន ១ពាន់ ៨រយលានដូស សម្រាប់រយៈពេលពីរ ទៅបីឆ្នាំខាងមុខ។
លោកស្រី Ursula Von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បាននិយាយនៅអំឡុងពេល ចុះទស្សនកិច្ចនៅក្នុងរោងចក្រផលិតឱសថ Pfizer នៅក្នុងទីក្រុងភូស (Puurs) ប្រទេស ប៊ែលហ្ស៊ិក នាពេលថ្មីៗនេះថា ក្រោយមានកិច្ចព្រមព្រៀងរួមគ្នា ក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់អាមេរិក និងអាល្លឺម៉ង់ Pfizer/BioNTech អាចចាប់ផ្ដើមផ្គត់ផ្គង់មកឲ្យអឺរ៉ុប នៅឆ្នាំ២០២១-២០២៣។
ក្នុងកិច្ចព្រមព្រៀងនោះ នឹងមានផ្ដល់ជូនវ៉ាក់សាំងប្រមាណ ៩០០លានដូស ដែលអាចចាក់ជូនមនុស្ស៤៥០លាននាក់ នៅអឺររ៉ុប នៅក្នុងរយៈពេល២ឆ្នាំ ហើយការរៀបចំឲ្យមានកិច្ចព្រមព្រៀងនេះ កើតឡើងនៅក្រោយពេលអឺរ៉ុបស្វែងរកនូវការផ្គត់ផ្គង់វ៉ាក់សាំងសម្រាប់រយៈពេលវែង។
កិច្ចព្រមព្រៀងនេះទៀតសោត នឹងក្លាយកិច្ចព្រមព្រៀងទី៣ហើយ ដែលអឺរ៉ុបបានធ្វើជាមួយនឹងក្រុមហ៊ុន Pfizer/BioNTech ដែលក្រុមហ៊ុននេះ បានប្តេជ្ញាចិត្តនឹងផ្គត់ផ្គង់វ៉ាក់សាំងប្រមាណ ៦០០លានដូសសម្រាប់ការចាក់ដូសទី២ នៅក្នុងឆ្នាំនេះសម្រាប់អឺរ៉ុប។ ទីក្រុងប្រ៊ុចសែល មានបំណងនឹងចាក់វ៉ាក់សាំងឲ្យបានដល់ ៧០% នៃចំនួនប្រជាជនពេញវ័យទាំងអស់នៃសហភាពអឺរ៉ុប ឲ្យបាននៅត្រឹមចុងខែកក្កដាខាងមុខនេះ។
ការងាកមករកការផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនអាមេរិក និងអាល្លឺម៉ង់ទ្រង់ទ្រាយធំនេះ គឺបន្ទាប់ពីអឺរ៉ុប ហាក់លែងមានជំនឿចិត្តតទៅទៀតហើយជាមួយនឹងក្រុមហ៊ុនអង់គ្លេស AstraZeneca ដែលកន្លងមកមានការផ្គត់ផ្គង់ខ្វះខាតយ៉ាងច្រើនសម្រាប់សហភាពអឺរ៉ុប ដែលផ្ទុយពីអ្វីដែលបានចុះកិច្ចសន្យាជាមួយគ្នា។ ជុំវិញនឹងបញ្ហានេះ អឺរ៉ុបក៏កំពុងរៀបចំនីតិវិធីច្បាប់ ដើម្បីប្ដឹងក្រុមហ៊ុនអង់គ្លេសមួយនេះផងដែរ ។
បើតាមមន្ត្រីសហភាពអឺរ៉ុប កិច្ចព្រមព្រៀងផ្គត់ផ្គង់វ៉ាក់សាំងថ្មីជាមួយក្រុមហ៊ុន Pfizer នេះត្រូវបានយល់ព្រមជាគោលការណ៍រួចហើយ ប៉ុន្ដែខាងភាគីទាំងពីរ កំពុងត្រូវការពេលវេលា២ ទៅ៣ថ្ងៃ ដើម្បីរៀបចំនីតិវិធី ដើម្បីឈានទៅសម្រេចចុះកិច្ចសន្យា។
រោងចក្រផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer នៅទីក្រុងភូស ប្រទេស ប៊ែលហ្ស៊ិក រំពឹងថា នឹងមានសមត្ថភាពផលិតវ៉ាក់សាំងជាង១០០លានដូសនៅក្នុងខែឧសភាខាងមុខនេះ ដែលនឹងចូលរួមចំណែកក្នុងទិន្នផលផលិតជាសកលរបស់ក្រុមហ៊ុន Pfizer សរុបចំនួន ២ពាន់៥រយលានដូស នៅក្នុងឆ្នាំនេះ និងអាចផលិតកាន់តែច្រើនជាងនេះទៀតនៅពេលខាងមុខ។
សូមបញ្ជាក់ថា តាមការវិភាគរបស់ភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថា នៅអាមេរិកមានប្រជាជនប្រមាណ៤០% នៃប្រជាជនសរុបបានទទួលវ៉ាក់សាំងកូវីដ-១៩ យ៉ាងហោចណាស់ម្នាក់មួយដូសរួចហើយ ខណៈដែលប្រទេសឥណ្ឌា ដែលកំពុងមានការផ្ទុះករណីឆ្លងខ្លាំងនោះ មានប្រជាជនត្រឹមតែ ៨% ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំងដូសទី១ និងប្រទេសជាច្រើននៅតំបន់អាហ្វ្រិកវិញ រឹតតែតិចជាងនេះទៀត ពោលគឺមានត្រឹមតែ១% ប៉ុណ្ណោះ៕