លោកស្រី អ៊ូស៊ូឡា វ៉ន់ឌឺលីយែន (Ursula von der Leyen) ប្រធានគណៈកម្មការអឺរ៉ុបបាននិយាយក្នុងសន្និសិទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំជំនួបកំពូលអឺរ៉ុបថា សហភាពអឺរ៉ុបជា សហភាពតែមួយគត់ដែលប្រទេសក្នុងតំបន់បានរួមគ្នាផលិតវ៉ាក់សាំងហើយនាំចេញសម្រាប់ពិភពលោកច្រើនជាងគេ។
លោកស្រីបន្តថា៖ មានប្រហែល៥០%ទៅហើយនៃចំនួនវ៉ាក់សាំង ដែលអឺរ៉ុបផលិតបាន ត្រូវបាននាំចេញទៅប្រមាណ៩០ប្រទេសក្នុងសកលលោក បួករួមទាំងការចូលរួមក្នុងយន្តការជាសកល COVAX របស់អង្គការសុខភាពពិភពលោកផងដែរ។
សហភាពអឺរ៉ុបជារឿយៗបានបង្ហាញគោលជំហរចង់ឲ្យប្រទេសដទៃទៀត ចូលរួមជាមួយខ្លួន ក្នុងការផលិតវ៉ាក់សាំងកូវីដ១៩ឲ្យបានច្រើន និងនាំចេញឲ្យបានកាន់តែច្រើនថែមទៀតសម្រាប់ពិភពលោក។
ប៉ុន្តែប្រការនេះត្រូវបានអ្នកវិភាគលើកឡើងថា ពិបាកនឹងទៅរួចព្រោះប្រទេសភាគច្រើនរមែងចង់បានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ខ្លួនឯងជាមុនសិន។ សូម្បីតែពេលខ្លះ ក៏សមាជិកអឺរ៉ុបខ្លួនឯងមានការប្រទាំងប្រទើសគ្នាក្នុងការបែងចែកវ៉ាក់សាំងដែរ។
យ៉ាងណាមិញ អឺរ៉ុបបានណែនាំផែនក្នុងរយៈពេលខ្លី និងរយៈពេលមធ្យម ដើម្បីឈានទៅផ្តល់វ៉ាក់សាំងឲ្យពិភពលោកបានគ្រប់គ្រាន់ ដោយត្រូវចែកជា៣ដំណាក់កាល។ ទី១ចែករំលែកវ៉ាក់សាំងដែលប្រទេសធំៗមាន ទៅប្រទេសក្រីក្រ ដោយមិនត្រូវសំងំទុកតែឯងនោះទេ។ ទី២ មានវ៉ាក់សាំងផលិតដើម្បីសម្រាប់ការនាំចេញ។ ទី៣ ត្រូវរួមគ្នា វិនិយោគបន្ថែមដើម្បីជំរុញនិងបង្កើនសមត្ថភាពផលិតវ៉ាក់សាំងក្នុងក្របខណ្ឌជាសកល។
សូមបញ្ជាក់ថា បញ្ហាកង្វះវ៉ាក់សាំង គឺជាចំណោទធំបំផុត ជាពិសេសនៅតាមប្រទេសក្រីក្រ។ ប្រទេសក្រីក្រគ្មានប្រាក់ទិញវ៉ាក់សាំង ហើយវ៉ាក់សាំងក៏ផលិតមិនទាន់ទៀត ដោយសារតែប្រទេសអ្នកមានប្រមូលទិញ កក់ទុកសឹងតែទាំងអស់។ នៅតាមប្រទេសអ្នកមាន ចំនួនប្រជាជនដែលបានទទួលវ៉ាក់សាំង បានកើនឡើងជាលំដាប់ ធ្វើឲ្យគេអាចចាប់ផ្តើមបើកដំណើរការសេដ្ឋកិច្ចឡើងវិញជាបណ្តើរៗ។ ក៏ប៉ុន្តែវិបត្តិកូវីដ-១៩ មិនទាន់ចប់ទេសម្រាប់ប្រទេសក្រីក្រី។ ស្ថានភាពឆ្លងរាលដាលខ្លាំងនៅឥណ្ឌា បញ្ជាក់ឲ្យឃើញថាព្យុះកូវីដ-១៩ នៅតែបន្តបោកបក់ក្នុងពិភពលោក ដរាបណាមិនមានវ៉ាកសាំងចាក់ទៅឲ្យមនុស្សឲ្យបានច្រើនបំផុតទេនោះ៕