កម្មវិធីពានរង្វាន់នេះ ត្រូវបានទទួលស្គាល់យ៉ាងឧត្តុង្គឧត្តមក្នុងវិស័យធនាគារទូទាំងពិភពលោក ដែលនេះជាការទទួលស្គាល់ពីស្នាដៃដ៏ឆ្នើមរបស់ធនាគារ មេយប៊ែង ខេមបូឌា ក៏ដូចជាការប្តេជ្ញាចិត្តចំពោះឧត្តមភាព ភាពច្នៃប្រឌិត និងកំណើនប្រកបដោយចីរភាពនៅក្នុងវិស័យធនាគារនៅកម្ពុជា ក្នុងរយៈពេលមួយឆ្នាំកន្លងទៅ។
ពានរង្វាន់ Euromoney Awards for Excellence គឺជាកម្មវិធីពានរង្វាន់ប្រចាំឆ្នាំដ៏ល្បីល្បាញ ដែលធ្វើឡើងដើម្បីអបអរសាទរសមិទ្ធិផលរបស់បណ្តាធនាគារទូទាំងពិភពលោក។ ដោយមានការចូលរួមពីបណ្តាធនាគារជាង ៦០០ស្ថាប័ន តំណាងឱ្យជាង ១០០ប្រទេស ជ័យលាភីរបស់ធនាគារ មេយប៊ែង ខេមបូឌា ក្នុងនាមជា ធនាគារអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅកម្ពុជានេះ គឺជាសក្ខីភាពបញ្ជាក់អំពីភាពល្អឯកនៃគុណភាពសេវាកម្ម ក៏ដូចជាការផ្តល់ជូននានារបស់ធនាគារ នៅលើឆាកអន្តរជាតិ។
ការទទួលស្គាល់នេះ ក៏បង្ហាញឲ្យឃើញផងដែរថា ធនាគារ មេយប៊ែង បានបន្តវិវឌ្ឍខ្លួនជាបន្តបន្ទាប់។ កាលពីឆ្នាំកន្លងទៅ ធនាគារ មេយប៊ែង ខេមបូឌា ទទួលបានងារជា ធនាគារអន្តរជាតិល្អបំផុតប្រចាំឆ្នាំនៅកម្ពុជា ពីកម្មវិធី Asiamoney Best Bank Awards រយៈពេលបួនឆ្នាំជាប់គ្នា ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។ ពានរង្វាន់ Asiamoney និង Euromoney គឺជាពានរង្វាន់ដ៏ល្បីល្បាញលំដាប់ពិភពលោក ក្រោមស្ថាប័ន Euromoney Institutional Investor Plc. ដែលត្រូវបានទទួលស្គាល់ពីការវាយតម្លៃយ៉ាងម៉ត់ចត់ និងច្បាស់លាស់ ទៅលើជ័យលាភីល្អបំផុតក្នុងវិស័យធនាគារ។ ជ័យលាភីជាប់ៗគ្នារបស់ធនាគារ មេយប៊ែង ខេមបូឌា បង្ហាញពីការរក្សាបាននូវស្តង់ដារដ៏ល្អឥតខ្ចោះ នៅក្នុងវិស័យធនាគារ ហើយបន្តឈរយ៉ាងរឹងមាំ ជាធនាគារអន្តរជាតិឈានមុខគេនៅក្នុងប្រទេស។
លោក រ័ត្ន សោភ័ណ្ឌ នាយកប្រតិបត្តិ និងជានាយកប្រចាំប្រទេសរបស់ធនាគារ មេយប៊ែង ខេមបូឌា បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកចំពោះសមិទ្ធិផលនេះ ដោយលោកមានប្រសាសន៍ថា៖ «ជាថ្មីម្តងទៀត យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងមោទកភាពជាខ្លាំង ដែលទទួលបានជ័យលាភីប្រកបដោយកិត្យានុភាពនេះ។ ជ័យលាភីនេះ បានបញ្ជាក់ពីការបន្តរក្សាបាននូវ ស្តង់ការប្រតិបត្តិការលំដាប់អន្តរជាតិ របស់ធនាគារ មេយប៊ែង ខេមបូឌា។ ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណដល់និយោជិតទាំងអស់របស់ធនាគារ មេយប៊ែង ខេមបូឌា សម្រាប់ការលះបង់ និងការខិតខំប្រឹងប្រែងរួមគ្នា ដែលជាកម្លាំងជម្រុញដ៏ខ្លាំងក្នុងការសម្រេចបាននូវកិត្តិយសនេះ។»
លោកក៏បានបន្ថែមទៀតថា៖ «នេះជាការប្តេជ្ញាចិត្តរបស់យើង ក្នុងការក្លាយជាធនាគារអាស៊ានឈានមុខគេនៅកម្ពុជា តាមរយៈការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុឆ្លងប្រទេស ផ្សាភ្ជាប់សមាហរណកម្មតំបន់ ទៅនឹងការរីកចម្រើនផ្នែកសេដ្ឋកិច្ច។ ជាមួយនឹងផែនការយុទ្ធសាស្រ្ត M25+ របស់សម្ព័ន្ធធនាគារ មេយប៊ែង ធនាគារ មេយប៊ែង ខេមបូឌាបានក្លាយជាទីផ្សារយុទ្ធសាស្រ្តក្នុងតំបន់ដ៏សំខាន់មួយរបស់សម្ព័ន្ធធនាគារ។ ជ័យលាភីនេះ ពិតជាបញ្ជាក់ច្បាស់ពីជំហរ និងការប្តេជ្ញារបស់យើង។»
ពានរង្វាន់ “ធនាគារអន្តរជាតិល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ” នេះ សម្រេចបានពីសមិទ្ធិផលដ៏រឹងមាំរបស់ធនាគារ មេយប៊ែង ខេមបូឌា និងសមត្ថភាពក្នុងការបង្ហាញពីកំណើនប្រកបដោយនិរន្តរភាព ក្នុងរយៈពេលជាង ៣០ឆ្នាំ នៃវត្តមានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។ បើទោះបីមានការប្រឈមនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលលោកក្នុងឆ្នាំកន្លងទៅក៏ដោយ ធនាគារ មេយប៊ែង ខេមបូឌា បានរក្សានូវសមិទ្ធិផលដ៏រឹងមាំ ជាមួយនឹងកំណើនលើប្រាក់បញ្ញើសរុបរបស់អតិថិជនប្រចាំឆ្នាំប្រមាណ ៣២,៤% និងកំណើនលើប្រាក់កម្ចីសរុបប្រចាំឆ្នាំប្រមាណ ១៣,៣% សម្រាប់ដំណាច់ឆ្នាំ២០២៣។ លើសពីនេះ ធនាគារមេយប៊ែង ខេមបូឌា បានបង្កើតនូវ គំនិតផ្តួច
ផ្តើមជាច្រើន ទាក់ទងនឹងផលិតផល ដំណោះស្រាយ និងសេវាកម្ម ដែលបង្ហាញពីជំហររបស់ខ្លួនជាធនាគារថ្នាក់តំបន់។
ក្នុងនាមជាធនាគារបុត្រសម្ព័ន្ធឈានមុខគេមួយរបស់ប្រទេសម៉ាឡេស៊ី ធនាគារមេយប៊ែង ខេមបូឌា បានបង្ហើបពីគម្រោងផ្តួចផ្តើមមួយ លើប្រតិបត្តិការឆ្លងប្រទេសរវាងប្រទេសកម្ពុជា និងប្រទេសម៉ាឡេស៊ី។ គម្រោងនេះត្រូវបានផ្តួចផ្តើមក្នុងឆ្នាំ២០២៣ ក្រោមកិច្ចសហការជាមួយនឹងធនាគារជាតិនៃកម្ពុជា និង ធនាគារកណ្តាលម៉ាឡេស៊ី និងគ្រោងនឹងដាក់ដំណើរការក្នុងឆ្នាំ២០២៤ ឆាប់ៗខាងមុខ។ កិច្ចសហប្រតិបត្តិការនេះធ្វើឡើងដើម្បីពង្រឹងសមាហរណកម្មតំបន់ ក៏ដូចជាកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរ តាមរយៈការដាក់ដំណើរការសេវាផ្ទេរប្រាក់ឆ្លងប្រទេស រីឯធនាគារ មេយប៊ែង ខេមបូឌា ត្រូវបានតែងតាំងជាធនាគារដៃគូសម្រាប់កិច្ចសហប្រតិបត្តិការនេះ។
ជ័យលាភីពានរង្វាន់ “ធនាគារអន្តរជាតិល្អបំផុតនៅកម្ពុជាប្រចាំឆ្នាំ” បានទទួលស្គាល់បន្ថែមពីការប្តេជ្ញាចិត្តឥតងាករេ របស់ធនាគារ មេយប៊ែង ខេមបូឌា ក្នុងការបង្កើតផលជះជាវិជ្ជមានយូរអង្វែង ទៅលើសង្គម និងបរិស្ថាន ក៏ដូចជាលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន បន្ថែមពីប្រតិបត្តិការធុរកិច្ចរបស់ខ្លួន។
ស្របតាមផែនការចីរភាពរបស់ខ្លួន ធនាគារ មេយប៊ែង ខេមបូឌា បានគាំទ្រអតិថិជនរបស់ខ្លួនក្នុងប្រតិបត្តិការឆ្ពោះទៅកាន់ចីរភាពតាមរយៈគំនិតផ្តួចផ្តើមផ្សេងៗក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ក្នុងឆ្នាំ២០២៣នេះ ធនាគារ មេយប៊ែង ខេមបូឌា បានផ្តល់ហិរញ្ញប្បទានជាង ៤៦,២ លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ហិរញ្ញប្បទានបៃតង និងសង្គម ដែលមួយផ្នែកធំត្រូវបានគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ដែលជាកត្តាជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចជាតិ។ ធនាគារ មេយប៊ែង ខេមបូឌា ក៏បានផ្តោតលើដំណោះស្រាយហិរញ្ញវត្ថុ ក្នុងគោលបំណងលើកកម្ពស់អនាគតពណ៌បៃតង ដូចជាយុទ្ធនាការផ្តល់ប្រាក់កម្ចីរថយន្តប្រកបដោយចីរភាព និងតម្លៃសមរម្យផងដែរ។
កម្មវិធីទំនួលខុសត្រូវធុរកិច្ច របស់ធនាគារ មេយប៊ែង ខេមបូឌា ក្នុងឆ្នាំ២០២៣ បានផ្តល់ផលជះជាវិជ្ជមានដល់អ្នកទទួលផលជាង ៩.០០០នាក់ ដែលបានចូលរួមគាំទ្រដល់កុមារ ជនមានពិការភាព សហគ្រិន ស្ត្រី និងសហគមងាយរងគ្រោះជាដើម។ គំនិតផ្តួចផ្តើមដែលគួរឱ្យកត់សម្គាល់ទាំងនោះរួមមាន (១) កម្មវិធី បណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុសម្រាប់កុមាររបស់ធនាគារ មេយប៊ែង (Maybank CashVille Kidz programme) (២) កម្មវិធីលើកកម្ពស់ចំណេះដឹងផ្នែកសហគ្រិនភាពដល់សហគមន៍ខ្វះខាត និងជនដែលមានពិការភាព (Reach Independence & Sustainable Entrepreneurship - R.I.S.E) និង (៣)កម្មវិធីស្រ្តី និងតម្បាញ ធនាគារ មេយប៊ែង (Maybank Women Eco-Weavers programme) ជាដើម។
លោក រ័ត្ន សោភ័ណ្ឌ មានប្រសាសន៍បន្តថា «យុទ្ធសាស្រ្តប្រតិបត្តិការរបស់យើងឥឡូវនេះ និងឆ្ពោះទៅមុខ គឺ
ផ្តោតសំខាន់លើ ការរក្សាបាននូវស្តង់ដារធនាគារប្រចាំតំបន់ខ្ពស់បំផុត ខណៈដែលផ្តល់នូវដំណោះស្រាយឆ្លងប្រទេសប្រកបដោយភាពច្នៃប្រឌិត។» លោកក៏បានបន្ថែមថា «ឆ្នាំនេះយើងបានចូលរួមយ៉ាងសកម្មក្នុងវេទិកាធុរកិច្ចប្រចាំតំបន់សំខាន់ៗ ដូចជា វេទិកាធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី និងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា។ ការចូលរួមទាំងនេះបានអនុញ្ញាតឱ្យយើងបង្ហាញពីវត្តមាន ក៏ដូចជាផែនការរបស់ ធនាគារ មេយប៊ែង ក្នុងការគាំទ្រចក្ខុវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្រ្ត និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត។»
លោក រ័ត្ន សោភ័ណ្ឌ លើកឡើងបន្ថែមថា «យើងប្តេជ្ញាយ៉ាងមុតមាំ ដើម្បីសម្រេចគោលបំណងរបស់យើង ឱ្យក្លាយជាធនាគារអាស៊ានឈានមុខគេ និងជាដៃគូសេដ្ឋកិច្ចដ៏ល្អឯកនៅកម្ពុជា។ តាមរយៈការផ្សាភ្ជាប់ប្រតិបត្តិការឆ្លងប្រទេសរបស់យើង និងភាពរឹងមាំក្នុងតំបន់ យើងនឹងផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយអរិយ្យភាព សម្រាប់អាជីវកម្មក្នុងស្រុក និងវិនិយោគិនបរទេស។ ការប្តេជ្ញារបស់យើងសម្រាប់
និយោជកក្នុងប្រទេស និងតំបន់ គឺបន្តផ្តល់ជូននូវសេវាកម្មធនាគារលំដាប់កំពូល ដោយពង្រឹងតួនាទីរបស់យើងជាធនាគារក្នុងតំបន់ ជាមួយនឹងវិសាលភាពទូទាំងពិភពលោក។»
ឆ្នាំនេះ ធនាគារ មេយប៊ែង ខេមបូឌា ទទួលបានពានរង្វាន់ប្រកបដោយកិត្យានុភាពជាច្រើន ដែលឆ្លុះបញ្ចាំងពីភាពល្អឥតខ្ចោះ និងការប្តេជ្ញារបស់ខ្លួនចំពោះវិស័យធនាគារ។ កាលពីដើមឆ្នាំនេះ ធនាគារ មេយប៊ែង ខេមបូឌា ទទួលបានជ័យលាភី ជា “ធនាគារបុគ្គលល្អបំផុតប្រចាំឆ្នាំនៅកម្ពុជា” ក្នុងកម្មវិធី Retail Banker International Asia Trailblazer Awards 2024។ បន្ថែមពីនេះ ធនាគារ មេយប៊ែង កម្ពុជា បានទទួលពានរង្វាន់ចំនួនពីរនៅដើមខែកក្កដា ឆ្នាំ២០២៤ ពីកម្មវិធី Asian Banking & Finance Retail Banking Awards 2023 ដោយឈ្នះពានរង្វាន់ “ធនាគារអន្តរជាតិបុគ្គលល្អបំផុតប្រចាំឆ្នាំនៅកម្ពុជា” និង ”ពានរង្វាន់ឆ្នើមផ្នែកគំនិតផ្តួចផ្តើមផ្នែកទីផ្សារ និងពាណិជ្ជសញ្ញាប្រចាំឆ្នាំនៅកម្ពុជា”។ ជ័យលាភីទាំងនេះសបញ្ជាក់ពីការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តរបស់ធនាគារ មេយប៊ែង ខេមបូឌា ក្នុងការផ្តល់នូវសេវាកម្មធនាគារ និងដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយកិត្យានុភាព។