សមាជិកសហភាអឺរ៉ុប កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បានបោះឆ្នោតគាំទ្រជាបឋម លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអឺរ៉ុប និងវៀតណាម ដែលវាត្រូវបានគេមើលឃើញថា គឺជាកតិកាសញ្ញាទូលំទូលាយបំផុតមួយរបស់សហភាពអឹរ៉ុប ដែលធ្វើជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍។
គណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ នៃសភាអឺរ៉ុប បានបោះឆ្នោតគាំទ្រកិច្ចព្រមព្រៀងនេះក្នុងសំឡេង ២៩ ទល់នឹង ៦សំឡេង ដោយបានបើកផ្លូវឲ្យមានការបោះឆ្នោតនៅក្នុងសភាពេញលេញ នៅក្នុងសប្ដាហ៍ដែលចាប់ផ្ដើមពីថ្ងៃទី ១០ ខែកុម្ភៈ។ បន្ទាប់មក កិច្ចព្រមព្រៀងនេះ អាចនឹងចូលជាធរមាននៅលើមូលដ្ឋានបណ្ដោះអាសន្ន។
ក្នុងខែកុម្ភៈនេះដែរ សម្រាប់កម្ពុជា ក៏នឹងត្រូវសហភាពអឺរ៉ុបប្រកាសលទ្ធផលថា តើត្រូវព្យួរ ឬមិនព្យួរ ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា បន្ទាប់ពីបានធ្វើការតាមដាន និងចំណាយពេលសរសេររបាយការណ៍ដែលបានបញ្ចប់ជាស្ថាពរកាលពីខែវិច្ឆិកាឆ្នាំ២០១៩។ សហភាពអឺរ៉ុបក៏បានទុកឱកាសឲ្យកម្ពុជា១ខែ ដើម្បីឆ្លើយតបផងដែរ។
តាមការបញ្ជាក់របស់ លោកស្រី Cecilia Malmström ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម កាលពីពេលខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា សេចក្ដីសម្រេចចិត្តចុងក្រោយថា ព្យួរ ឬមិនព្យួរ EBA ពីកម្ពុជានេះ នឹងត្រូវធ្វើឡើងនៅខែកុម្ភៈឆ្នាំ២០២០ហើយ។
ខាងសមាគមរោងចក្រកាត់ដេរកម្ពុជា ធ្លាប់បានលើកឡើងម្ដងហើយម្ដងទៀត តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ការបាត់បង់ EBA នឹងធ្វើឲ្យប៉ះពាល់ដល់កម្មកររាប់សិបម៉ឺននាក់ ដែលវាអាចនឹងធ្វើឲ្យខូចប្រយោជន៍ដែលជាអ្វីដែលសហភាពអឺរ៉ុបធ្លាប់ជួយកម្ពុជាឲ្យងើបចេញពីភាពក្រីក្រ នាពេលកន្លងមកដូចគ្នាដែរ។
ទោះយ៉ាងណា ធនាគារជាតិនៃកម្ពុជាកាលពីថ្មីនេះ បានថ្លែងនៅក្នុងរបាយការណ៍របស់ខ្លួនថា ទោះបីជាសហភាពអឺរ៉ុបនឹងអាចសម្រេចដក EBA ពីកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២០ក៏ដោយចុះ ប៉ុន្ដែការនាំចេញសម្លៀកបំពាក់របស់កម្ពុជានៅតែរំពឹងថាបន្ដកំណើនរបស់ខ្លួនដដែល។ ធនាគារជាតិអះអាងបែបនេះ គឺផ្អែកទៅលើហេតុផលចំនួន៤ ធំៗ រួមមានដូចខាងក្រោម៖
១, យន្ដការនៃការដក EBA ពេញលេញនឹងត្រូវអនុវត្តនៅ៦ខែ ក្រោយពីការសម្រេច។
២, កម្ពុជានៅតែអាចនាំចេញទៅទីផ្សារសហភាពអឺរ៉ុបបាន ទោះបីជា EBA ត្រូវបានដកក៏ដោយ ពីព្រោះការបាត់បង់ EBA គ្រាន់តែអាចបង្កើនថ្លៃទំនិញនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុបប៉ុណ្ណោះ។
៣, កំណើនប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាមិនទាន់មានផលប៉ះពាល់ទៅលើការប្រកួតប្រជែងរបស់កម្ពុជានោះទេ ។
៤, រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម, អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងសម្រួលការធ្វើពាណិជ្ជកម្មកាន់តែប្រសើរឡើង។
ដោយឡែក បើពិនិត្យទៅមើល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុប-វៀតណាមឯណោះវិញ ត្រូវបានគេមើលឃើញថា គឺជាកិច្ចព្រមព្រៀងទី២ហើយ ជាមួយនឹងប្រទេសសមាជិកអាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ហើយវាក៏ជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងតិចតួចប៉ុណ្ណោះដែលអឺរ៉ុបធ្វើជាមួយនឹងប្រទេសកំពុងអភិវឌ្ឍន៍។
លោក Geert Bourgeois សមាជិកសភាមកពីប្រទេសបែលហ្ស៊ិក ដែលបានដឹកនាំកិច្ចពិភាក្សានៅក្នុងសភាបាននិយាយថា ការបោះឆ្នោតកាលពីថ្ងៃអង្គារទី ២១ មករា គឺជាសញ្ញាវិជ្ជមានមួយ សម្រាប់តំបន់អាស៊ាន និងនៅលើពិភពលោក ក្នុងពេលដែលមានភាពតានតឹងពាណិជ្ជកម្មកើនឡើង។
លោក Geert និយាយថា «កិច្ចព្រមព្រៀងនេះ គឺជាស្ថានការណ៍ឈ្នះៗ។ ការនាំចេញទំនិញ និងសេវារបស់វៀតណាមទៅអឺរ៉ុប នឹងកើនឡើងដល់ ១៥ពាន់លានអឺរ៉ូ ខណៈដែលសហភាពអឺរ៉ុប នាំចេញទៅវៀតណាមវិញ នឹងកើនឡើងដល់ ៨,៣ពាន់លានអឺរ៉ូ នៅឆ្នាំ២០៣៥។»
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នៅចុងក្រោយ នឹងលុបចោលពន្ធគយ ៩៩% ទើបីជាវៀតណាមនឹងមានរយៈពេលអន្តរកាលរហូតដល់ ១០ឆ្នាំ សម្រាប់ការនាំចូលមួយចំនួន ដូចជារថយន្ដជាដើមក៏ដោយចុះ។
សូមបញ្ជាក់ថា នៅតំបន់អាស៊ាន ប្រទេសថៃ ក៏កំពុងតែតាមបើកការចរចាឡើងវិញ ជាមួយនឹងអឺរ៉ុបលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះដែរ ខណៈដែលអឺរ៉ុបធ្លាប់បិទទ្វារឈប់ចរចាជាមួយថៃ តាំងពីពេលដែលប្រទេសនេះ មានរដ្ឋប្រហារដោយយោធាមកម្ល៉េះ។ យ៉ាងណាក៏ដោយចុះ នៅរយៈពេលចុងក្រោយនេះ បន្ទាប់ពីប្រទេសថៃ បានបោះសម្រេចការបោះឆ្នោត និងវិលរកសភាពដើមវិញ អឺរ៉ុបហាក់មានការទន់ចិត្តចង់បើកផ្លូវឲ្យថៃចរចាឡើងវិញ ដោយគេរំពឹងថា កិច្ចចរចានេះនឹងអាចរស់ឡើងវិញ៕