លោកងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីបានឲ្យដឹងថា បញ្ហាកង្វះខាតកន្លែងស្នាក់នៅ និងការផ្តល់សេវាម្ហូបអាហារនេះ មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរីកំពុងយកចិត្តទុកដាក់ ដោយថ្មីៗនេះមិនត្រឹមតែស្វែងរកដៃគូដើម្បីវិនិយោគលើសេវាទំាង នេះនោះទេ ថែមទាំងស្វែងរកដៃគូវិនិយោគនៅតាមកន្លែងរមណីយដ្ឋាន ទេសចរណ៏ជាច្រើនកន្លែងបន្ថែមផងដែរ។
លោកអះអាងបន្តថា បើទោះជាមានការអំពាវនាវក៏ដោយ ក៏បច្ចុប្បន្នយើងមិនទាន់ស្វែងរកបានដៃគូវិនិយោគធំៗ នៅឡើយទេ តែយ៉ាងណា ក៏មានអ្នកវិយោគឯកជនតូចៗជាច្រើនក្នុងខេត្តកំពុងចាប់ផ្តើមអភិវឌ្ឍផ្គត់ផ្គង់កន្លែងស្នាក់នៅ និងកន្លែងផ្តល់សេវាម្ហូបអាហារមានជាបន្តបន្ទាប់ ដែលសង្ឃឹមថា នៅឆ្នាំខាងមុខ ទាំងសេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារនេះអាចនឹងផ្គត់ផ្គង់បានគ្រប់តម្រូវការ។
ការអំពាវនាវឲ្យមានការវិនិយោគជាច្រើនជាបន្តបន្ទាប់នេះ ដោយផ្អែកលើកំណើនភ្ញៀវតែប៉ុណ្ណោះ ដែលជាក់ស្តែងក្នុងរយៈពេល៥ថ្ងៃ នៃថ្ងៃឈប់សម្រាកនាពេលកន្លងទៅនេះ កំណើនភ្ញៀវកើនជិត ៧០ភាគរយ ក្នុងនោះរមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺមានកំណើនភ្ញៀវច្រើនលើសគេ និងរំពឹងថា ភ្ញៀវទេសចរនឹងនៅតែបន្តដើរកម្សាន្ដនៅខេត្តមណ្ឌលគិរីច្រើនជាងនេះបន្តទៀត ជាពិសេសគឺនៅថ្ងៃឈប់សម្រាកចូលឆ្នាំសកលខាងមុខតែម្តង។ នេះបើតាមការបញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគិរី។
ជាមួយគ្នានេះដែរ អ្នករកស៊ីនៅក្នុងវិស័យអចលទ្រព្យ លោកស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ស៊ីអិល ក៏បានអំពាវនាវដល់វិនិយោគិនជាតិ និងអន្តរជាតិ មកចាប់អារម្មណ៍ខេត្តសក្តានុពលទេសចរណ៍ធម្មជាតិនៃប្រទេសកម្ពុជា គឺខេត្តមណ្ឌលគិរីនេះ។
លោកបញ្ជាក់ថា ខេត្តមណ្ឌលគិរីក្រៅពីដំណើរកម្សាន្ដ អ្នកវិនិយោគផ្នែកទេសចរណ៍គួតែងាកមកស្វែងរកឱកាសវិនិយោគលើវិស័យអចលនទ្រព្យក្នុងខេត្តនេះ ខណៈតម្លៃអចលនទ្រព្យនៅខេត្តមណ្ឌលគិរីបច្ចុប្បន្នកំពុងមានការកើនឡើងយ៉ាងខ្លាំងពិសេស ក្រុងសែនមនោរម្យ តំបន់ពូត្រុំ ពូឆប ពូតាំង និងជាពិសេសទៅទៀត គឺតំបន់ស្ថិតនៅតាមផ្លូវទៅដាក់ដាំតែម្តង។
ជាការអះអាងបន្ថែមរបស់អ្នកជំនាញ តម្លៃដំធ្លីពីមួយឆ្នាំទៅមួយឆ្នាំនឹងមានការកើនឡើងជាបន្តបន្ទាប់ ខណៈតម្លៃដីធ្លីបច្ចុប្បន្ននៅតំបន់គោព្រៃ ច្រកផ្លូវបត់ចូលក្នុងចន្លោះពី ៨០ ដុល្លារទៅ ១៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងនៅតាមបណ្តោយផ្លូវធំជុំវិញ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃនេះកើនជាង ២០០ភាគរយធៀបនឹងឆ្នាំកន្លងទៅ ហើយតម្លៃនឹងមិនត្រូវបញ្ចប់ការឡើងថ្លៃត្រឹមនេះនោះឡើយ៕