លោក ព្រំ វិសុទ្ធ អគ្គនាយកក្រុមហ៊ុន ACLEDA Security ដែលទើបទទួលបានតំណែងម្ចាស់ជាម្ចាស់ជ័យលាភីឈ្មួញជើងសារឆ្នើម៥ត្រីមាសជាប់គ្នា ពីក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានោះ បានគូសបញ្ជាក់ប្រាប់ ខេមបូណូមីសតាមប្រព័ន្ធតេឡេក្រាមថា ទោះបីជាស្ថិតនៅក្នុងវិបត្តិ នៃជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែសកម្មភាពនៃការការជួញដូរក្នុងផ្សារមូលបត្រកម្ពុជា នៅតែមានភាពមមាញឹកជាធម្មតា និងហាក់មានភាពល្អប្រសើរជាងឆ្នាំកន្លងទៅទៀតផង។
ការរីកចម្រើននៃផ្សារមូលបត្រនៅកម្ពុជា ក៏បានធ្វើឲ្យក្រុមហ៊ុន ACLEDA Securities Plc នៅតែអាចរក្សាដំណែងជាម្ចាស់ជ័យលាភីឆ្នើមឈ្មួញជើងសារក្នុងផ្សារមូលបត្រកម្ពុជា៥ត្រីមាសជាប់គ្នាផដែរ។
តាមការអះអាងរបស់លោក ព្រំ វិសុទ្ធ ក្រុមហ៊ុនលោកនៅតែមានជំនឿថា នឹងទទួលបានជ័យលាភីនៅត្រីមាសក្រោយបន្តទៀត ដោយសារក្រុមហ៊ុន ACLEDA Securities មានចំនួនវិនិយោគិនច្រើន ដល់ទៅ ៦៧% បើធៀបនឹងចំនួនវិនិយោគិនសរុបនៅលើទីផ្សារមូលបត្រ គួបផ្សំនឹងការរៀបចំនូវយុទ្ធសាស្ត្រថ្មីបន្ថែមទៀតផងដែរ។
សូមបញ្ជាក់ថា បើតាមការបញ្ជាក់របស់ឯកឧត្តម ហុង សុហួរ នាពេលថ្មីៗនេះបានឲ្យដឹងថា ផ្សារមូលបត្រកម្ពុជានៅតែរំពឹងថានឹងទទួលបានក្រុមហ៊ុនថ្មីៗចូលមកចុះបញ្ជីចំនួន៥ក្រុមហ៊ុនបន្ថែមទៀតនៅឆ្នាំ២០២១នេះ បើទោះបីជាមានការរីករាលខ្លាំងនៃកូវីដ-១៩ក៏ដោយ ខណៈដែលបច្ចុប្បន្នមានក្រុមហ៊ុនចំនួន១ហើយ បាននិងកំពុងដាក់ស្នើមកកាន់ផ្សារមូលបត្រកម្ពុជា ដែលអាចនឹងបោះផ្សាយលក់មូលបត្រនៅរបស់ខ្លួននៅខែមិថុនាខាងមុខនេះ៕