ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជាបានគូសបញ្ជាក់ថា នេះជាដំណឹងមួយគួរឲ្យត្រេកអរបំផុតសម្រាប់កម្ពុជា ហើយក៏សង្ឃឹមទុកផងដែរថា នឹងដូចទៅនឹងប្រទេសជិតខាងយើងដែរ ពិសេសក្នុងវិស័យដឹកជញ្ជូន គឺមានតម្លៃធូរថ្លៃបានក៏ដោយសារតែតម្លៃប្រេងនេះឯង។
លោកឧកញ៉ាបន្តថា កាលណាកម្ពុជាកែច្នៃផលិតប្រេងបាន តម្លៃប្រេងក្នុងស្រុកពិតណាស់នឹងចុះថ្លៃទៅតាមនោះដែរ និងលើសពីនេះទៀត ការទាញយកប្រេងបាននេះ វាពិតជាចំណេញដល់សេដ្ឋកិច្ចច្រើនដូចជា ជួលដល់ផលិតកម្មកសិកម្ម ផលិតកម្មឧស្សាហកម្មផ្សេងៗ ក៏មានផលរីកចម្រើនទៅតាមនោះដែរ រួមទាំងសេវាសាធារណៈផង។
នៅក្នុងសាលិខិតអបអរសាទររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានបញ្ជាក់ផងដែរថា ការចាប់ផ្តើមផលិតចេញតំណក់ប្រេងជាលើកដំបូងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ គឺជាការទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ និងជាកាដូរសម្រាប់រាជរដ្ឋាភិបាលទទួលបានថវិកាបន្ថែមដើម្បីទ្រទ្រង់ និងលើកស្ទួយវិស័យអាទិភាពនានា និងបោះជំហានទៅមុខក្នុងការបង្កើតបាននូវសមត្ថភាពជាតិ និងខឿនឧស្សាហកម្មប្រេងកាត ឧស្ម័ន និងថាមពល។
ជាមួយគ្នានេះ លោកស្រី កែវ មុំ ម្ចាស់សហគ្រាសផលិតនំស្រួយលីលី បានគូសបញ្ជាក់ថា ការទាញយកប្រេងបានរបស់កម្ពុជានាពេលនេះ ជាជោគជ័យថ្មីមួយរបស់កម្ពុជា ប៉ុន្តែសួរថា ប្រេងដែលទាញយកមកបាន នេះ យើងធ្វើការកែច្នៃក្នុងស្រុក ឬក៏ត្រូវនាំចេញទៅក្រៅជាប្រេងឆៅ ដូច្នេះ បើយើងផលិតកែច្នៃក្នុងស្រុកបានដោយខ្លួនឯង ពិតណាស់នឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ចបានកាន់តែច្រើន។
លោកស្រីអះអាងទៀតថា ទៅថ្ងៃអនាគត បើយើងអាចផលិតប្រេងបានក្នុងម្លៃមួយធូរថ្លៃជាងថ្លៃអគ្គិសនី លោកស្រីនឹងសម្រេចចិត្តងាកមកប្រើប្រាស់ថាមពលប្រេងជំនួសឲ្យថាមពលអគ្គិសនីនៅក្នុងសហគ្រាសផលិតនំលោកស្រីវិញ។
លោកស្រីកែវ មុំ បានឲ្យដឹងទៀតថា ក្នុងរយៈពេល ១ឆ្នាំពេញឆ្នាំ២០២០ ដំណើរការផលិតកម្មផលិតនំរបស់សហគ្រាសផលិតនំស្រួយលីលី មានការធ្លាក់ចុះបរិមាណផលិតប្រមាណ៣០ទៅ៤០ ភាគរយ ដោយសារតែឥទ្ធិពលនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ដែលធ្វើឲ្យទីផ្សារនំក្នុងស្រុករបស់លោកស្រីមានការធ្លាក់ចុះនូវតម្រូវការទីផ្សារកុមារ ខណៈដែលសាលាសាធារណៈ និងឯកជននៅឆ្នាំ២០២០នេះ ត្រូវផ្អាកការចូលរៀនជាបណ្តោះអាសន្នជាញឹកញាប់ ប៉ុន្តែសង្ឃឹមថា នៅឆ្នាំ២០២១ ទាំងការផលិត និងការលក់ចេញអាចនឹងមានភាពល្អប្រសើរឡើងវិញ។
ជុំវិញនឹងការទទួលបាននូវតំណក់ប្រេងលើកដំបូងរបស់កម្ពុជានេះដែរ លោក ច័ន្ទ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ និងជា នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានលើកឡើងថា វាគឺជាដំណឹងល្អសម្រាប់កម្ពុជា ហើយស្ថិតក្នុងកាលៈទេសៈ ដែលមានមេរោគរាតត្បាតនេះ បើសិនរាជរដ្ឋាភិបាលអាចទទួលបានចំណូលបន្ថែម សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចវាគឺជារឿងដ៏ល្អណាស់។ ទោះយ៉ាងណា លោកច័ន្ទ សុផល បានគូសបញ្ជាក់ថា ជាទូទៅ ក្រុមហ៊ុនរុករកប្រេងបានចំណាយទុនជាច្រើនរយលានដុល្លារមុននឹងអាចសម្រេចជោគជ័យអាចបូមប្រេងបាន ដូច្នេះហើយ ក្រុមហ៊ុនតែងតែប្រមូលយកចំណូលជាច្រើនត្រឡប់ទៅវិញ មុននឹងអាចផ្ដល់ផលចំណេញច្រើនមកដល់ប្រទេសដែលជាម្ចាស់អណ្ដូងប្រេងនោះ។
កាលពីដើមឆ្នាំ ២០១៩ កន្លងទៅ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានបញ្ជាក់ឲ្យដឹងដែរថា ក្រោយពីអាចទាញបានធនធានប្រេងកាតនៅប្លុក A នេះ នៅប្រមាណ ១០ឆ្នាំក្រោយ កម្ពុជានឹងទទួលបានចំណូលប្រមាណតែជាង ១ពាន់លានដុល្លារប៉ុណ្ណោះ ដែលវាមិនជាច្រើនណាស់ណាឡើយ បើធៀបនឹងការចំណាយបច្ចុប្បន្នរបស់រាជរដ្ឋាភិបាលកម្ពុជា។ ទោះយ៉ាងណា ឯកឧត្តមបានគូសបញ្ជាក់ថា ដ្បិតតែចំណូលពីវិស័យនេះ មានតិចតួចក្ដី ក៏រាជរដ្ឋាភិបាលនៅតែប្រមែរប្រមូលនូវចំណូលនេះ ផ្សំផ្គុំគ្នា ដើម្បីយកមកធ្វើការអភិវឌ្ឍប្រទេសដែរ។
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០ ថា ចំណូលដែលកម្ពុជាបានមកពីវិស័យប្រេងនេះ អាចនឹងត្រូវប្រើប្រាស់សម្រាប់អភិវឌ្ឍវិស័យអប់រំ និងសុខាភិបាល។
យោងតាម ឯកឧត្តម ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត នៃក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ប្រាប់ភីអិនអិនកាលពីពេលថ្មីៗនេះថា កាលពីឆ្នាំ២០១៩ កន្លងទៅកម្ពុជាបាននាំចូលប្រេងពីក្រៅប្រទេសប្រមាណ ៣លានតោន ដោយបូកបញ្ចូលទាំងប្រេងសាំង ប្រេងម៉ាស៊ូត និងឧស្ម័នអិលភីជី។ ទោះយ៉ាងណា នៅក្នុងឆ្នាំនេះ បរិមាណនាំចូលប្រេងអាចនឹងថមថយបន្តិច ខណៈរោងចក្រក្នុងស្រុកមួយចំនួនបានផ្អាកសកម្មភាពផលិត ដោយសារតែបញ្ហាកូវីដ ១៩ ដូច្នេះបានជាតម្រូវការប្រេងមានការថយចុះ៕