ខេត្តរតនគិរីត្រៀមដី១ពាន់៤រយហិកតា សម្រាប់សាងសង់ព្រលានយន្តហោះ

ខេត្តរតនគិរីត្រៀមដីថ្មីជាង ១ពាន់ហិកតា សម្រាប់សាងសង់ព្រលានយន្តហោះថ្មី


ថ្នាក់ដឹកនាំខេត្តរតនគិរីបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមដីថ្មីមួយកន្លែងទំហំជាង១ពាន់ហិកតាសម្រាប់សាងសង់ព្រលានយន្តហោះកម្រិតតំបន់ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ ក៏ដូចជាទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិឲ្យទៅបោះទុនវិនិយោគនៅខេត្តភាគឦសានមួយនេះ។ ទោះយ៉ាងណាថ្នាក់ដឹកនាំរូបនេះមិនបានបញ្ជាក់លម្អិតពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនេះនោះទេ។
ឯកឧត្តម ញ៉ែម សំអឿន អភិបាល នៃ​គណៈអភិបាលខេត្តរតនគិរី

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីបានគូសបញ្ជាក់ថា រដ្ឋបាលខេត្តរតនគិរីបានត្រៀមដីថ្មីមួយកន្លែងទំហំ១ពាន់៤រយហិកតា សម្រាប់គម្រោងសាងសង់ព្រលានយន្តកម្រិតតំបន់នៅខេត្តមួយនេះ បន្ទាប់ពីដីនៅទីតាំងចាស់ត្រូវបានសម្តេចតេជោ ហ៊ុន សែន កាត់ចេញពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលប្រគល់ឲ្យរដ្ឋបាលខេត្តកាលពីប៉ុន្មានខែមុន ដើម្បីអភិវឌ្ឍន៍ធ្វើជាសួនច្បារ វិមានឯករាជ្យ និងតំបន់ពាណិជ្ជកម្ម សំដៅអភិវឌ្ឍន៍ក្រុងបានលុងឲ្យកាន់តែភាពទាក់ទាញ និងរីកចម្រើនបន្ថែមទៀត។ បើតាមការគូសបញ្ជាក់របស់អភិបាលខេត្តរូបនេះ ទីតាំងសម្រាប់សាងសង់ព្រលានយន្តហោះថ្មីនេះស្ថិតស្រុកលំផាត់ ដែលជាចំណុចកណ្តាលរវាងខេត្តរតនគិរីជាមួយខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឺងត្រែង។

ទោះយ៉ាងណាអភិបាលខេត្តរូបនេះ មិនបានបញ្ជាក់លម្អិតទេថា តើគម្រោងនេះអាចនឹងចាប់ផ្តើមអភិវឌ្ឍន៍នៅពេលណា ហើយវាជាព្រលានប្រភេទអ្វីនោះទេ។ យ៉ាងណាក៏ដោយឯកឧត្តមរំពឹងថា ក្រោយគម្រោងនេះលេចចេញជារូបរាងវានឹងជួយធ្វើឲ្យខេត្តនៅភាគឦសានមួយនេះ កាន់តែមានភាពទាក់ទាញបន្ថែមទៀតសម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន។ ជាមួយគ្នានេះថ្នាក់ដឹកនាំរូបនេះអំពាវនាវឲ្យវិនិយោគិនជាតិ និងអន្តរជាតិមកស្វែងរកឱកាសវិនិយោគលើវិស័យទេសចរណ៍ កសិឧស្សាហកម្ម និងធនធានរ៉ែ ដែលសុទ្ធសឹងជាវិស័យសក្តានុពលរបស់ខេត្តរតនគិរី។

ជាមួយគ្នានេះលោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាយល់ឃើញថា បើទោះបីរាជរដ្ឋាភិបាលមានគម្រោងសាងសង់ព្រលានយន្តហោះកម្រិតតំបន់ខេត្តមណ្ឌលគិរី ដែលមានព្រំប្រទល់ជាប់នឹងខេត្តរតនគិរីក៏ដោយ ក៏ការសាងសង់ព្រលានយន្តហោះនៅតែជារឿងចាំបាច់សម្រាប់ខេត្តរតនគិរី ដ្បិតវាអាចជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរពីខេត្តផ្សេងៗ មកកាន់ខេត្តនៅភាគឦសានមួយនេះ។ ម្យ៉ាងទៀត ព្រលានយន្តហោះ មិនត្រឹមតែជាផ្នែកមួយក្នុងការទាក់ទាញភ្ញៀវទេសចរនោះទេ ថែមទាំងជួយទាក់ទាញការវិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្តឲ្យកាន់តែមានភាពរីកចម្រើនផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការអភិវឌ្ឍន៍ខេត្តរតនគិរី និងមណ្ឌលគិរីឲ្យក្លាយជាតំបន់អេកូទេសចរណ៍ធម្មជាតិលំដាប់អន្តរជាតិ និងជាប៉ូលសេដ្ឋកិច្ចពិសេសទី៥ប្រចាំភូមិភាគឦសានរបស់កម្ពុជានាពេលអនាគត។ ក្រៅពីសម្បូរទៅតំបន់ទេចរណ៍ធម្មជាតិ និងវប្បធម៌ ខេត្តរតនគិរី ក៏មានសក្តានុពលខ្ពស់លើការដាំដុះដំណាំ ដែលមានសក្តានុពលសម្រាប់វិស័យកសិឧហ្សាហកម្ម និងសម្បូរទៅដោយធនធានរ៉ែផងដែរ៕




អត្ថបទបន្ទាប់


អ្នកជំនាញសេដ្ឋកិច្ចអះអាងថា ការធ្វើពិពិធកម្មកម្ចីពីបរទេសបង្ហាញពីលទ្ធភាព និងសក្ដានុពលរបស់កម្ពុជា

ព័ត៌មាន
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាអះអាងថា ការធ្វើពិពិធកម្មកម្ចីរបស់កម្ពុជា មិនមែនជារឿងដែលគួរឲ្យព្រួយបារម្ភ នោះទេ តែវាក៏បានបង្ហាញពី…

រំលស់ម៉ូតូ ថែមមួកសុវត្តិភាព និងសាំងភ្លាមៗ ជាមួយ អេ អឹម ខេ!!

ព័ត៌មាន
ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានកាដូពិសេសសម្រាប់អតិថិជនដែលកំពុងស្វែងរកស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ