អ្នកជំនាញរំពឹងផ្ទះតម្លៃសមរម្យមានទីផ្សារល្

អ្នកជំនាញរំពឹងផ្ទះតម្លៃសមរម្យមានទីផ្សារល្អ ខណៈសម្តេចជំរុញឲ្យបន្តអភិវឌ្ឍបន្ថែម


អ្នកជំនាញក្នុងវិស័យអចលនទ្រព្យមានសុទិដ្ឋិនិយមខ្ពស់ ចំពោះការប្រកាសបើកប្រទេសឡើងវិញរបស់ចិននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក្នុងការរួមចំណែកធ្វើឲ្យប្រសើរឡើងនូវទីផ្សារលំនៅឋានតម្លៃសមរម្យនៅឆ្នាំនេះ បន្ទាប់ពីបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ កន្លងមក។ ការរំពឹងបែបនេះ ក៏ដោយសារការបើកឲ្យធ្វើដំណើរជាអន្តរជាតិឡើងវិញរបស់ចិននេះ អាចនឹងជួយជំរុញលំហូរវិនិយោគិន ក៏ដូចជាភ្ញៀវទេសចរជនជាតិចិនចូលមកកម្ពុជាមានកំណើនឡើងវិញ ដែលវានឹងក្លាយជាផ្នែកមួយក្នុងការជួយស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
អ្នកជំនាញរំពឹងផ្ទះតម្លៃសមរម្យមានទីផ្សារល្អ ខណៈសម្តេចជំរុញឲ្យបន្តអភិវឌ្ឍបន្ថែម

ទន្ទឹមនឹងនេះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបន្តលើកទឹកចិត្តឲ្យអ្នកវិនិយោគបន្តអភិវឌ្ឍន៍គម្រោងលំនៅឋានតម្លៃសមរម្យ ដើម្បីឲ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋមានប្រាក់ចំណូលទាបអាចមានលទ្ធភាពទិញផ្ទះសម្រាប់រស់នៅ។

លោក យក់ សុធីរិទ្ធ អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនវើលដ៍ប៊្រីដហូម ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទះតម្លៃសមរម្យនៅទីក្រុងរណបសិរីមង្គលរំពឹងថា ទីផ្សារលំនៅឋានតម្លៃសមរម្យនៅឆ្នាំ២០២៣នេះ នឹងមានស្ថានភាពល្អប្រសើរជាងឆ្នាំមុន បន្ទាប់ពីស្ថានភាពនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ មានភាពល្អប្រសើរ គួបផ្សំចិននឹងបើកប្រទេសឲ្យធ្វើដំណើរជាអន្តរជាតិទូលំទូលាយឡើងវិញ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី៨ ខែមករា តទៅ។ សម្រាប់លោក សុធីរិទ្ធ ការប្រកាសបើកប្រទេសទាំងមូលរបស់ចិននេះ ក៏នឹងជួយធ្វើឲ្យវិស័យអចលនទ្រព្យទាំងមូលមានភាពល្អប្រសើរផងដែរនៅឆ្នាំនេះ។ មកទល់ពេលនេះ ការអភិវឌ្ឍគម្រោងលំនៅឋានតម្លៃសមរម្យនៅទីក្រុងរណបសិរីមង្គលដំណាក់កាលទី២សម្រេចបានជាង ៩០%ហើយ ដោយគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៣ នេះ។

ពាក់ព័ន្ធឹងការវិនិយោគលំនៅដ្ឋានតម្លៃសមរម្យនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាស្នើឲ្យក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបន្តអភិវឌ្ឍន៍គម្រោងផ្ទះតម្លៃសមរម្យបន្ថែមទៀត ដើម្បីរួមចំណែកជួយដោះស្រាយបញ្ហាតម្រូវការផ្ទះសម្បែងនៅកម្ពុជា ដែលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ពិសេសសម្រាប់លក់ជូនមន្ត្រីរាជការ និងពលរដ្ឋដែលមានប្រាក់ចំណូលទាប និងមធ្យម។ សម្តេចតេជោ អះអាងថា កន្លងមករាជរដ្ឋាភិបាលដាក់ចេញនូវវិធានការលើកលែងពន្ធសម្រាប់ផ្ទះដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ ដើម្បីជួយសម្រួលការចំណាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យនៅកម្ពុជាផងដែរ។

ពាក់ព័ន្ធទីផ្សារផ្ទះតម្លៃសមរម្យនេះដែរលោក ងួន ឆាយលាង នាយកប្រតិបត្តិនៃក្រុមហ៊ុនភ័ញធើ(Pointer)សង្កេតឃើញថា ការទិញលក់ផ្ទះតម្លៃសមរម្យនៅឆ្នាំ២០២២កន្លងទៅ នៅតែមានស្ថានភាពល្អប្រសើរ បើទោះបីសេដ្ឋកិច្ចកម្ពុជារងនូវការរំខានពីវិបត្តិកូវីដ-១៩ និងភាពតានតឹងភូមិសាស្ត្រនយោបាយសកលក៏ដោយ។ ទោះយ៉ាងណាលោក កត់សម្គាល់ឃើញថា និន្នាការវិនិយោគលើគម្រោងលំនៅឋានតម្លៃសមរម្យនៅកម្ពុជាពុំសូវមានផុសផុលខ្លាំងនោះទេ។ លោកវាយតម្លៃថា បញ្ហានេះអាចបណ្តាលមកពីកត្តាតម្លៃដីមានថ្លៃខ្ពស់ ដែលធ្វើឲ្យអ្នកវិនិយោគរារែកក្នុងការបន្តអភិវឌ្ឍន៍គម្រោងផ្ទះតម្លៃសមរម្យនេះ។

គួរបញ្ជាក់ថា បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បច្ចុប្បន្នកម្ពុជាមានគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យក្រោមកិច្ចសហការរវាងរដ្ឋ និងក្រុមហ៊ុនឯកជនចំនួន៤រួមមានគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យទីក្រុងរណបសិរីមង្គលរបស់ក្រុមហ៊ុនវើលដ៍ប៊្រីដហូម, គម្រោងលំនៅឋានអារ៉ាខាវ៉ា, គម្រោងហ្ក្រេនផាក និងគម្រោងបុរីសែនមនោរម្យព្រែកតាទែន។ គម្រោងទាំងនេះបាននិងកំពុងសាងសង់លំនៅឋានជាង១ម៉ឺន១ពាន់ខ្នង ក្នុងនោះចំណែកឯកជនមានជិត៣ពាន់ខ្នង៕




អត្ថបទបន្ទាប់


ចំណូលគយ និងពន្ធដារសម្រេចបានដល់ជាង ៦ពាន់លានដុល្លារនៅឆ្នាំ២០២២ កើនលើសផែនការជាង ២៧%

តាមការគូសបញ្ជាក់របស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងរយៈពេលពេញ១ឆ្នាំ២០២២ កម្ពុជា ទទួលបានចំណូលសារពើពន្ធសរុបជាង ៦ពាន់លានដុល្លារ បានកើនឡើងលើផ…

ក្រោយត្រូវប្ដូរតំណែងថ្មី លោក វ៉ាង យី អំពាវនាវឱ្យមានកិច្ចសន្ទនា និងសហប្រតិបត្តិការរវាងចិន និងអាមេរិក

មន្ត្រីការទូតកំពូលរបស់ចិនលោក Wang Yi បាននិយាយកាលពីថ្ងៃអាទិត្យ ទី០១ ខែមករា ឆ្នាំ២០២៣ នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងចាប់តាំងព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ