ធនាគារ អេស៊ីលីដា បែងចែកភាគលាភដល់ភាគហ៊ុនិក

អ្នកជំនាញរំពឹងភាគហ៊ុន អេស៊ីលីដា កាន់តែមានភាពទាក់ទាញ ក្រោយការបែងចែកភាគលាភដល់ភាគហ៊ុនិកក្នុងខែឧសភានេះ


ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរពាណិជ្ជដ៏ធំមួយដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជាបានបែងចែកភាគលាភចំនួន៤០% នៃប្រាក់ចំណេញក្នុងឆ្នាំ២០២២ ប្រមាណជាង៧២លានដុល្លារ ដល់ភាគហ៊ុនិករបស់ខ្លួនចាប់ពីថ្ងៃទី១៩-២៩ ឧសភា ឆ្នាំ២០២៣។ តម្លៃភាគហ៊ុនរបស់ អេស៊ីលីដា បានហក់ឡើងគួរឲ្យកត់សម្គាល់ បន្ទាប់ពីធនាគារនេះបានប្រកាសបែងចែកភាគលាភជូនភាគហ៊ុនិករបស់ខ្លួន។
អ្នកជំនាញរំពឹងភាគហ៊ុន អេស៊ីលីដា កាន់តែមានភាពទាក់ទាញ ក្រោយការបែងចែកភាគលាភដល់ភាគហ៊ុនិកក្នុងខែឧសភានេះ
ដោយ

តាមរយៈការបែងចែកភាគលាភនេះ ទាំងថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជា និងក្រុមហ៊ុន អេស៊ីលីដា សេកឃ្យូរីធី សុទ្ធបានបង្ហាញក្តីរំពឹងថា វានឹងជួយធ្វើឲ្យការជួញដូរ និងតម្លៃភាគហ៊ុនរបស់ អេស៊ីលីដា កាន់តែមានភាពល្អប្រសើរបន្ថែមទៀត។ នៅក្នុងរយៈពេល៤ខែកន្លងមកនេះ ភាគហ៊ុនរបស់ អេស៊ីលីដា មានការជួញដូរក្នុងរង្វង់ពី២៥ម៉ឺនដុល្លារទៅ៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ។

ធនាគារ អេស៊ីលីដា កាលពីពេលថ្មីៗបានចេញសេចក្តីជូនដំណឹងមួយស្តីពីការបែងចែកភាគលាភនៃប្រាក់ចំណេញក្នុងឆ្នាំ២០២២ របស់ខ្លួនចំនួន៤០% ក្នុងទំហំទឹកប្រាក់សរុបជាង៧២លានដុល្លារ ដល់ភាគហ៊ុនិកដែលបានទិញភាគហ៊ុនរបស់ អេស៊ីលីដា ដោយការបែងចែកភាគលាភនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩-២៩ ខែឧសភា ឆ្នាំ២០២៣។ បើតាមសេចក្តីជូនដំណឹងរបស់ អេស៊ីលីដា ភាគហ៊ុនិកដែលមានសិទ្ធិបានភាគលាភនេះ លុះត្រាតែមានឈ្មោះក្នុងបញ្ជីឈ្មោះភាគហ៊ុននៅត្រឹមថ្ងៃទី១០ ខែឧសភា។ សម្រាប់ភាគហ៊ុនដែលបានលក់ភាគហ៊ុនរបស់ខ្លួននៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ ក៏មានសិទ្ធិទទួលបានភាគលាភនេះដែរ ប៉ុន្តែអ្នកដែលទិញភាគហ៊ុនរបស់ អេស៊ីលីដា នៅថ្ងៃទី៩ ឧសភា គ្មានសិទ្ធិទទួលបានភាគលាភនោះទេ។

លោក ព្រំ វិសុទ្ធ នាយកប្រតិបត្តិក្រុមហ៊ុន អេស៊ីលីដា សេកឃ្យូរីធី បានបង្ហាញក្តីរំពឹងថា ភាគហ៊ុន និងតម្លៃភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា នឹងកាន់តែមានភាពទាក់ទាញ និងកើនឡើងមួយកម្រិតទៀត ក្រោយការបែងចែកភាគលាភដល់ភាគហ៊ុនិកនេះ។ លោកជឿជាក់ថា ក្រោយទទួលបានភាគលាភភាគហ៊ុនិកចាស់របស់ អេស៊ីលីដា អាចនឹងទិញភាគហ៊ុនបន្ថែម ហើយអតិថិជនថ្មីនឹងនាំគ្នាមកទិញភាគហ៊ុនរបស់ អេស៊ីលីដា ដែលធ្វើឲ្យស្ថានភាពជួញដូរភាគហ៊ុនរបស់ធនាគារនេះកាន់តែមានភាពល្អប្រសើរ។ លោកសង្កេតឃើញថា ក្រោយធនាគារ អេស៊ីលីដា ប្រកាសបែងចែកភាគលាភដល់ភាគហ៊ុនិក តម្លៃភាគហ៊ុនរបស់ អេស៊ីលីដា ក៏បានហក់ឡើងគួរឲ្យកត់សម្គាល់ផងដែរ។ សម្រាប់លោក ព្រំ វិសុទ្ធ តម្លៃភាគហ៊ុនរបស់អេស៊ីលីដាបច្ចុប្បន្ន ស្ថិតក្នុងភាពអំណោយផល ដែលអាចផ្តល់ប្រាក់ចំណេញខ្ពស់ ដល់អ្នកដែលចង់វិនិយោគ។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាកត់សម្គាល់ឃើញថា តម្លៃភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា បានហក់ឡើងខ្ពស់នៅអំឡុងដើមខែមេសា បន្ទាប់ពីអតិថិជនទទួលបានដំណឹងថា ធនាគារនេះនឹងបែងចែកភាគលាភដល់ភាគហ៊ុនិករបស់ខ្លួន។ ប៉ុន្តែតម្លៃភាគហ៊ុនរបស់ធនាគារនេះ ក៏ធ្លាក់ចុះមកបន្តិចមកវិញ ក្រោយការប្រកាសកំណត់ពីពេលវេលាក្នុងការផ្តល់ភាគលាភដល់ភាគហ៊ុនិក ដែលនេះបង្ហាញឲ្យឃើញថា អ្នកវិនិយោគមានការយល់ដឹងកាន់តែខ្ពស់ពាក់ព័ន្ធនឹងវិស័យជួញដូរភាគហ៊ុន។

បើតាមការគូសបញ្ជាក់របស់ លោក ព្រំ វិសុទ្ធ នៅក្នុងរយៈពេល៤ខែកន្លងមកនេះភាគហ៊ុនរបស់មានការជួញដូរជាមធ្យមចន្លោះពី១០ម៉ឺនទៅ១៥ម៉ឺនភាគហ៊ុនក្នុងមួយថ្ងៃ ដោយគិតជាទឹកប្រាក់ចន្លោះពី២៥ម៉ឺនដុល្លារដល់៣០ម៉ឺនដុល្លារក្នុង១ថ្ងៃ។ តម្លៃភាគហ៊ុនរបស់ ធនាគារ អេស៊ីលីដា មានការប្រែប្រួលគួរឲ្យកត់សម្គាល់នៅប៉ុន្មានខែកន្លងមកនេះ ដោយកាលពីចុងខែមករា ភាគហ៊ុនរបស់ អេស៊ីលីដា មានតម្លៃ១ម៉ឺន៨រយរៀលក្នុងមួយភាគហ៊ុន ហើយបានហក់ឡើង១ម៉ឺន១ពាន់៤រយរៀលក្នុងមួយភាគហ៊ុននៅអំឡុងខែមេសា ខណៈនៅប៉ុន្មានថ្ងៃចុងក្រោយនេះភាគហ៊ុន អេស៊ីលីដា បានធ្លាក់មកនៅត្រឹម១ម៉ឺន៣៨០រៀលក្នុងមួយហ៊ុន៕




អត្ថបទបន្ទាប់


រុស្ស៊ីព្រមានលោកខាងលិចដែលបញ្ជូនយន្តហោះ F-16 ទៅកាន់អ៊ុយក្រែនថា«មានហានិភ័យដ៏ធំ»

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី តាស (TASS) បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក អាឡិចហ្សាន់ដ័រ ហ្គ្រូស្គូ (Alexander Grushko…

កត្តាអ្វីខ្លះធ្វើឲ្យការលក់ឈីបរបស់ក្រុមហ៊ុនធំៗអាចនឹងធ្លាក់ចុះនៅត្រីមាសខាងមុខ?

ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលៗចំនួន ៧ នៅក្នុងចំណោម ៩ ក្រុមហ៊ុន ទំនងជានឹងលក់បន្ទះឈីបមិនសូវដាច់ដូចមុនទេនៅក្នុងត្រីមាសទី២នេះ ខណៈដែលក្រុមហ៊…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ