របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ការនាំចេញទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិនៅឆមាសទី១ឆ្នាំនេះ បានបង្ហាញសញ្ញាវិជ្ជមានឡើងវិញ ដោយសម្រេចបានក្នុងទំហំទឹកប្រាក់ជាង១១ពាន់លានដុល្លារ កើនឡើងជិត១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននាំចេញរបស់កម្ពុជានេះត្រូវបានចំណែកពីកំណើននៃការនាំចេញនៅក្នុងខែឧសភា និងខែមិថុនា ពោលគឺការនាំចេញនៅខែខែឧសភាកន្លងទៅ មានការកើនឡើងប្រមាណ៨% ចំណែកនៅក្នុងខែមិថុនា មានការកើនឡើងរហូតដល់១៦%ឯណោះ។
ជុំវិញភាពល្អប្រសើរនៃការនាំចេញនេះ ឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជាកត់សម្គាល់ឃើញថា ស្ថានភាពនៃការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិជារួម ពិតជាមានការកើនឡើងវិញបន្តិចមែននៅប៉ុន្មានខែចុងក្រោយនេះ។ ក៏ប៉ុន្តែអ្នកជំនួញរូបនេះអះអាងថា មានផលិតផលមួយចំនួនប៉ុណ្ណោះដែលមានការកើនឡើងតួយ៉ាងសម្ទុះនៃការនាំចេញទំនិញវិនិយោគហាក់មានការកើនឡើងខ្ពស់ ប៉ុន្តែសម្រាប់ទំនិញផ្សេងៗដូចជាផលិតផលសម្រាប់បរិភោគ ឬទំនិញប្រើប្រាស់ទូទៅ ហាក់មិនទាន់មានការកើនឡើងវិញនោះទេ។ មិនមានការកើនឡើង ក៏ដោយសារប្រទេសបញ្ជាទិញមួយចំនួនបានកាត់បន្ថយការបញ្ជាទិញ បន្ទាប់ពីពួកគេជួបបញ្ហាធ្លាក់ចុះសេដ្ឋកិច្ច ដែលបង្កឡើងដោយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងការកើនឡើងអតិផរណាជាដើម។
ជាមួយគ្នានេះលោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជាយល់ឃើញថា ការកើនឡើង ឬថយចុះទំហំនៃការនាំចេញ ឬនាំចូល វារឿងធម្មតាក្នុងការធ្វើពាណិជ្ជកម្ម។ ប៉ុន្តែលោកកត់សម្គាល់ឃើញថា នៅក្នុងរយៈពេល២ខែចុងក្រោយនេះការនាំចេញទំនិញកម្ពុជាហាក់មានស្ថានភាពល្អប្រសើរឡើងវិញបន្តិចម្តងៗ។ ភាពល្អប្រសើរនេះបានធ្វើឲ្យអ្នកជំនាញរូបនេះជឿជាក់ថា ស្ថានភាពនៃការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នឹងមានកំណើនកើនឡើងបន្ថែមទៀតនៅឆមាសទី២ឆ្នាំនេះ។ ការរំពឹងបែបនេះក្រោយលោកមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការបង្កើតទីផ្សារថ្មីៗ គួបផ្សំអ្នកវិនិយោគ និងអ្នកបញ្ជាទិញមានទុំនុកចិត្តចំពោះលក្ខខ័ណ្ឌវិនិយោគ និងភាពរឹងមាំរបស់ប្រព័ន្ធផលិផកម្មរបស់កម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិសរុបសម្រេចបានជាង២៣ពាន់លានដុល្លារធ្លាក់ចុះ១៣% បើធៀបនឹងឆ្នាំ២០២២។ ក្នុងនោះការនាំចេញទំនិញកម្ពុជាទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មធំជាងគេនោះ បានកើនឡើងគួរឱ្យកត់សម្គាល់ដល់ជាង១៦%ឯណោះ ប៉ុន្តែការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារអាមេរិកវិញហាក់មានការធ្លាក់ចុះជាង៨% ខណៈការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារសំខាន់ៗមួយចំនួនដូចជាប្រទេសវៀតណាម ថៃ ជប៉ុន និងសិង្ហបុរីជាដើម គឺសុទ្ធតែមានការកើនឡើងដូចគ្នា បើធៀបនឹងឆ្នាំមុន។ នេះបើយោយតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕