ការរីករាលដាលឆ្លងជំងឺកូវីដ១៩ នឹងឈានដល់កម្រិតមួយដូចទៅនឹងជំងឺឆ្លងធម្មតា នៅពេលណាដែលប្រជាជនមានភាពស៊ាំគ្រប់គ្រាន់ក្រោយពេលបានចាក់វ៉ាក់សាំង ឬបានព្យាបាលជាសះស្បើយពីជំងឺនេះ ខណៈការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងការស្លាប់ក៏នឹងត្រូវគ្រប់គ្រងបានផងដែរ ទោះបីជាមេរោគនេះ ត្រូវបានគេរំពឹងថា នៅតែបន្តរីករាលដាលយ៉ាងណាក៏ដោយចុះ។ នេះបើតាមការះអាងរបស់អ្នកជំនាញក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Pfizer។
ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ Pfizer បាននិយាយថា ដើម្បីធ្វើឱ្យជំងឺកូវីដ១៩ ក្លាយពីជំងឺឆ្លងរាតត្បាតសកល មកជាជំងឺឆ្លងធម្មតាបាន គឺអាស្រ័យលើការវិវត្តនៃជំងឺ របៀបដែលប្រទេសនីមួយៗចែកចាយវ៉ាក់សាំង និងការព្យាបាលប្រកបដោយប្រសិទ្ធភាព និងការចែកចាយវ៉ាក់សាំងដោយសមធម៌ទៅកាន់កន្លែងឬប្រទេសដែលមានអត្រានៃការចាក់វ៉ាក់សាំងកម្រិតទាប។
ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន Pfizer បានបន្តទៀតថា ក្នុងតំបន់មួយចំនួនអាចនឹងផ្លាស់ប្តូរករណីមេរោគឆ្លងកូវីដ១៩ ទៅជាមេរោគឆ្លងធម្មតា ក្នុងរយៈពេលពី ១ ទៅ ២ឆ្នាំក្រោយ ខណៈដែលតំបន់និងប្រទេសផ្សេងទៀត ជាពិសេសតំបន់និង ប្រទេសដែលមានកម្រិតចាក់វ៉ាក់សាំងទាប ជំងឺកូវីដ១៩នឹងនៅតែជាមេរោគរាត្បាតដ៏សកម្ម ព្រោះតែមិនមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីបន្សាបឥទ្ធិពលនៃមេរោគបំប្លែងខ្លួនថ្មីៗ។
យ៉ាងណាក៏ដោយចុះ អ្នកជំនាញក៏មានការបារម្ភផងដែរ អំពីការលេចឡើងនៃមេរោគបំប្លែងថ្មី អូមីក្រុង នាពេលថ្មីៗនេះ ដែលវាអាចនឹងលំបាកក្នុងការឈានទៅបន្សាបឥទ្ធិពលជំងឺកូវីដ១៩ ឲ្យមកជាប្រភេទជំងឺឆ្លងធម្មតា។ ជាក់ស្ដែង អង្គការសុខភាពពិភពលោកក៏ព្រមានដែរថា មេរោគបំប្លែងថ្មី អូមីក្រុង កំពុងរីករាលដាលក្នុងអត្រាលឿនរហ័ស មិនធ្លាប់មានពីមុនមក ហើយក៏បានជំរុញឱ្យប្រទេសនានាធ្វើសកម្មភាព និងចាត់វិធានការផ្សេងៗជាបន្ទាន់ ដើម្បីឆ្លើយតបនឹងមេរោគអូមីក្រុងនេះ។ តែយ៉ាងណាមិញ ការចាក់វ៉ាក់សាំងដូសជំរុញ និងការប្រើប្រាស់ថ្នាំគ្រាប់ព្យាបាលកូវីដរបស់ក្រុមហ៊ុន Pfizer ក៏មានប្រសិទ្ធភាពក្នុងការប្រឆាំងនិងមេរោគបំប្លែងថ្មីនេះផងដែរ៕
អត្ថបទ ស៊ើង និមល់