
ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃ ដែលចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនានេះ ត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍អន្តរជាតិលើកទី៣ហើយ ដែលរៀបចំឡើងដោយសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការសហការក៏ដូចជាបង្កើតឲ្យមានព្រឹត្តិការណ៍អន្តរជាតិនេះឡើង គឺជាការបង្ហាញនូវមុខមាត់ទីផ្សារអចលនវត្ថុនៅកម្ពុជា ទៅកាន់បណ្ដាប្រទេសក្នុងតំបន់និងពិភពលោក ឲ្យបានឃើញកាន់តែច្បាស់ពីសក្ដានុពល និងឱកាសវិនិយោគក្នុងវិស័យនេះ ខណៈបច្ចុប្បន្នវិស័យអចលនទ្រព្យកម្ពុជា បាននិងកំពុងបោះជំហានទៅមុខឥតឈប់ឈរ។
លោកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុន លី ហួរ គ្រុប បានលើកឡើងថា ជាការពិតណាស់ ប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍន៍ និងមានទីផ្សារសេរី ហើយកំពុងតែមានការអភិវឌ្ឍឥតឈប់ឈរលើវិស័យសំណង់ អគារលំនៅដ្ឋាន សាលារៀន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។

លោកឧកញ៉ាបានបន្តថា ប្រទេសកម្ពុជាបច្ចុប្បន្ន វិស័យសំណង់ គឺជាវិស័យមួយដែលលេចធ្លោ និងមានភាពរីកចំរើនគួរឲ្យកត់សម្គាល់ ហើយអ្នកវិនិយោគទាំងក្នុងប្រទេសនិងបរទេស កំពុងមានចំណាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យនេះ។ បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជានៅមានឱកាសក្នុងការវិនិយោគយ៉ាងទូលំទូលាយលើវិស័យសំណង់ និងហេដ្ឋារចនាសម្ព័ន្ធនានា។
លោកឧកញ៉ាសង្ឃឹមដែរថា វិនិយោគិនក្នុងនិងក្រៅប្រទេសនឹងបានមើលឃើញឱកាសកាន់តែច្រើនបន្ទាប់បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ជាមួយគ្នានេះ លោកឧកញ៉ា ចេង ខេង ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន អចលនទ្រព្យ ស៊ីភីអិល បានឲ្យដឹងថា នេះជាមុខមាត់របស់កម្ពុជាយើងដែរ បើទោះបីកន្លងមកយើងមានព្រឹត្តិការណ៍ច្រើនយ៉ាងណាក្តី តែព្រឹត្តិការណ៍ធំរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បង្ហាញពីសក្តានុពលរបស់ប្រទេសកម្ពុជាយើងផងដែរ។

លោកជំទាវ ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងដែរថា ព្រឹត្តិការណ៍នេះពិតជាមានសារសំខាន់ណាស់ក្នុងការជំរុញដល់សក្ដានុពល និងការប្រកួតប្រជែងរបស់កម្ពុជា ទាំងនៅក្នុងស្រុក និងថ្នាក់តំបន់ ជាពិសេស កាលានុវត្តភាពនៃការជួបប្រាស្រ័យទាក់ទងដោយផ្ទាល់ និងការពង្រីកការផ្សព្វផ្សាយទីផ្សារ ក្នុងភាពជាដៃគូ និងការទាក់ទាញអតិថិជនជាតិនិងអន្តរជាតិ។
លោកជំទាវបានគូសបញ្ជាក់ដែរថា វិស័យអចលនទ្រព្យនិងសំណង់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ និងសង្គម តួយ៉ាង ក្នុងមួយថ្ងៃ វិស័យសំណង់បានស្រូបយកកម្លាំងពលកម្មប្រមាណ៤ម៉ឺននាក់នៅរាជធានីភ្នំពេញ និងកម្លាំងពលកម្មប្រមាណ៦ម៉ឺននាក់ក្នុង១ថ្ងៃ នៅទូទាំងប្រទេសកម្ពុជា។
ដោយឡែក លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានចាត់ទុកថា ការរៀបចំព្រឹត្តិការណ៍អចលនទ្រព្យធំៗគឺជាការទាក់ទាញចំណាប់អារម្មណ៍ដ៏សំខាន់នៃអ្នកវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ហើយសង្ឃឹមថា ការរៀបចំព្រឹតិ្តការណ៍នេះគឺជាពេលវេលាដ៏ល្អនៅក្នុងវិស័យអចលនវត្ថុដែលនឹងមានការចែករំលែកនូវជំនាញ និងគន្លឹះជោគជ័យសម្រាប់អ្នកវិនិយោគ។
សូមបញ្ជាក់ដែរថា គិតត្រឹម៤ខែដើមឆ្នាំ២០១៧នេះ ទុនវិនិយោគក្នុងវិស័យសំណង់មានប្រមាណជាង៤ពាន់លានដុល្លារ មានការកើនឡើងប្រមាណ៤៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦៕