អ្នកជំនាញថា ប្រសិនតម្រូវកើនឡើងការចិញ្ចឹមត្រីក៏កើនឡើងដែរ

អ្នកជំនាញអះអាងថា ទោះការចិញ្ចឹមត្រីមានការថយចុះ តែវាមិនធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ត្រីនោះទេ


មន្ត្រីជាន់ខ្ពស់នៃសមាគមវារីវប្បករកម្ពុជាបានគូសបញ្ជាក់ថា បច្ចុប្បន្នការចិញ្ចឹមត្រីរបស់សមាជិកសមាគមមានការធ្លាក់ចុះប្រមាណ៦០% បន្ទាប់ពីមានកសិករមួយកាត់បន្ថយការចិញ្ចឹម និងខ្លះកាត់បន្ថយបរិមាណត្រីនៅក្នុងស្រះ។ ទោះបីការចិញ្ចឹមត្រីមានការថយចុះក្តី តែអ្នកជំនាញវាយតម្លៃថា បញ្ហានេះទំនងជាមិនធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ត្រីនៅលើទីផ្សារកម្ពុជានោះទេ ដ្បិតថា មានកសិដ្ឋានចិញ្ចឹមត្រីធំៗជាច្រើននៅបន្តការចិញ្ចឹម គួបផ្សំរដូវនេះសម្បូរត្រីធម្មជាតិ ហើយកម្ពុជាក៏បាននាំចូលត្រីមកពីប្រទេសជិតខាងផងដែរ។
អ្នកជំនាញថា ប្រសិនតម្រូវកើនឡើងការចិញ្ចឹមត្រីក៏កើនឡើងដែរ
ដោយ

ការធ្លាក់ចុះបរិមាណអ្នកចិញ្ចឹមត្រីនៅកម្ពុជានេះ ត្រូវបានអ្នកជំនាញអះអាងថា គឺដោយសារចំណីត្រីឡើងថ្លៃ តែត្រីលក់ចេញបានតម្លៃថោក និងមួយទៀតអាចបណ្តាលមកពីតម្រូវការត្រីរបស់ប្រជាពលរដ្ឋក្នុងមានការធ្លាក់ចុះ។

លោក ច័ន្ទ សុផល នាយកនៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញមួយរូបក្នុងវិស័យកសិកម្មបានវាយតម្លៃថា ទោះបីចំនួនអ្នកចិញ្ចឹមត្រីនៅក្នុងស្រុកមានការថយចុះ តែវាទំនងជាមិនធ្វើឲ្យប៉ះពាល់ការផ្គត់ផ្គង់ត្រីនៅលើទីផ្សារនោះទេ។ មិនប៉ះពាល់ ក៏ដោយសារអ្នកចិញ្ចឹមត្រីធំៗមួយចំនួននៅតែបន្តការចិញ្ចឹម គួបផ្សំកម្ពុជាមានការនាំចូលត្រីពីប្រទេសជិតខាងដើម្បីបំពេញតម្រូវការក្នុងស្រុក ហើយរដូវនេះនៅកម្ពុជាសម្បូរត្រីធម្មជាតិ។ បើតាមការសន្និដ្ឋានរបស់អ្នកជំនាញកសិកម្មរូបនេះ ការធ្លាក់ចុះចំនួនអ្នកចិញ្ចឹមត្រីនៅកម្ពុជាអាចបណ្តាលមកពីតម្រូវការត្រីក្នុងស្រុកមានការធ្លាក់ចុះ ឬអាចមកពីកម្ពុជាបើកឲ្យមានការនាំចូលត្រីពីប្រទេសជិតខាងច្រើនពេកមកកាន់ទីផ្សារកម្ពុជា ដែលអាចធ្វើឲ្យតម្លៃត្រីមានធ្លាក់ចុះ។ បញ្ហាសេដ្ឋកិច្ច ក៏អាចកត្តារួមចំណែកធ្វើឲ្យចំនួនអ្នកចិញ្ចឹមត្រីនៅកម្ពុជាមានការថយចុះផងដែរ។

លោក ឡែមផូរ សុថាវរិទ្ធិ ប្រធានគណៈកម្មការប្រតិបត្តិ នៃសមាគមវារីវប្បករកម្ពុជាបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា ការចិញ្ចឹមត្រីរបស់សមាជិករបស់សមាគមមានការធ្លាក់ចុះប្រមាណ៦០% បន្ទាប់ពីមានកសិករមួយចំនួនផ្អាកការចិញ្ចឹម និងមួយចំនួនកាត់បន្ថយបរិមាណត្រីចិញ្ចឹមក្នុងស្រះ ក្រោយតម្លៃចំណីត្រីមានការកើនឡើង តែត្រីមានបានតម្លៃទាប ដែលធ្វើឲ្យពួកគេពុំសូវទទួលបានប្រាក់ចំណេញ ឬអាចប្រឈមនឹងការខាតបង់ក៏មាន។ តែយ៉ាងណាមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា ទោះបីការចិញ្ចឹមត្រីរបស់សមាជិកសមាគមលោកមានការថយចុះ តែមិនបានធ្វើឲ្យប៉ះពាល់ការផ្គត់ផ្គង់ត្រីនៅកម្ពុជានោះទេ ដ្បិតថា ក្រៅពីសមាជិករបស់សមាគមវារីវប្បករ កម្ពុជាក៏មានកសិដ្ឋានចិញ្ចឹមជាច្រើនទៀតផងដែរ គួបផ្សំរដូវនេះនៅកម្ពុជាសម្បូរត្រីធម្មជាតិ។

សូមបញ្ជាក់ថា សមាគមវារីវប្បករនៅកម្ពុជាមានសមាជិកចំនួន១០៦៣នាក់ ដែលគ្របដណ្តប់លើខេត្តមួយចំនួនដូចជាខេត្តកណ្ដាល, កំពង់ចាម, កំពង់ធំ, សៀមរាប, ពោធិ៍សាត់, ខេត្តបាត់ដំបង និងរាជធានីភ្នំពេញ។ របាយការណ៍របស់រដ្ឋបាលជលផលកាលពីឆ្នាំ២០២២ បានឱ្យដឹងថា ការប្រមូលផលក្នុងវិស័យវារីវប្បកម្មសម្រេចបានជាង៣៣ម៉ឺនតោន ធ្លាក់ចុះជាង១ម៉ឺន៧ពាន់តោន បើធៀបនឹងឆ្នាំ២០២១៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


កម្ពុជាទទួលបានចំណូលពីការនាំចេញស្រូវច្រើនជាងការនាំចេញអង្ករ៣ដងនៅ៨ខែឆ្នាំនេះ ខណៈតម្លៃស្រូវល្អជាងរាល់ឆ្នាំ

ចំណូលសរុបពីការនាំចេញស្រូវ និងអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនៅ៨ខែឆ្នាំ២០២៣សម្រេចបានជាង១ពាន់លានដុល្លារអាមេរិក។ ក្នុងនោះចំណូលពីក…

វៀតណាម និងអាមេរិក ពង្រីកទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយស្មើចិន រុស្ស៊ី ឥណ្ឌា និង កូរ៉េខាងត្បូង

លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកបានលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាមួយនឹង វៀតណាមដល់កម្រិតស្មើចិន រុស្ស៊ី ឥណ្ឌា និងកូរ៉េខាងត្បូង នៅក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ