វិធានការបិទខ្ទប់

ទស្សនៈអ្នកជំនាញសេដ្ឋកិច្ច និងទេសចរណ៍ ជុំវិញការបិទខ្ទប់ខេត្តទាំង៨ ពីសំណាក់រាជរដ្ឋាភិបាល


ប្រមុខដឹកនាំរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់ខេត្តចំនួន៨ រយៈពេល១៤ថ្ងៃ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា(Delta) ដែលកំពុងអុកឡុកស្ទើពាសពេញពិភពលោក។ ជុំវិញទៅនឹងការបិទខ្ទប់ខេត្តទាំង៨នៅកម្ពុជានេះត្រូវបានអ្នកសេដ្ឋកិច្ច និង អ្នកជំនាញក្នុងវិស័យទេសចរណ៍បានបង្ហាញការយល់ឃើញផ្ទាល់ខ្លួនថា ចង់មិនចង់ការបិទខ្ទប់នេះ វានឹងជះឥទ្ធិពលមិនល្អក្នុងកម្រិតណាមួយដល់វិស័យទេសចរណ៍ក្នុងខេត្តទាំងអស់នោះ ពិសេសខេត្តសៀមរាប។
សកម្មភាពបិទខ្ទប់ពីសំនាក់អាជ្ញាធរ​នាពេលកន្លងមក (រូបឯកសារ)
ដោយ

យ៉ាងណាក៏ដោយអ្នកជំនាញសុទ្ធតែបាន គាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការនេះ ដ្បិតវាអាចកាត់ផ្តាច់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩​ បំប្លែងថ្មីដែលតា ដែលកំពុងមានវត្តមាននៅកម្ពុជា​។ អ្នកជំនាញលើកឡើងថា ស៊ូទ្រាំលំបាកក្នុងរយៈពេលខ្លី ជាជាងការលំបាករយៈពេលវែង។

លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា ចង់ឬមិនចង់វិធានការបិទខ្ទប់ខេត្តទាំង៨ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា វាពិតណាស់នឹងធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ក្នុងខេត្តទាំងអស់នោះ។ ប៉ុន្តែ អ្នកជំនាញរូបនេះបញ្ជាក់ថា ទោះបីរាជរដ្ឋាភិបាលបិទ ឬមិនបិទ វាមិនខុសគ្នាប៉ុន្មាននោះទេ ពោលគឺវិស័យទេសចរណ៍របស់កម្ពុជា បាន និងកំពុងរងផលប៉ះពាល់ខ្លាំងរួចទៅហើយដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។

សម្រាប់លោក ធួន ស៊ីណាន ក្នុងចំណោមខេត្តទាំង៨ ខេត្ត សៀមរាបអាចរងផលប៉ះពាល់ខ្លាំងជាងគេពីវិធានការបិទខ្ទប់១៤ថ្ងៃនេះ ព្រោះវាជាខេត្តដែលបណ្តុំទៅដោយតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ហើយអាជីវកម្មក្នុងខេត្តនេះភាគច្រើនពឹងផ្អែកលើវិស័យទេសចរណ៍។ យ៉ាងណាក៏ដោយ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា គាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ដ្បិតថានឹងអាចជួយទប់ស្កាត់មិនឲ្យការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទដែលតា រីកដុះដាលកាន់តែធំ។ លោក ធួន ស៊ីណាន និយាតថា វិធានការនេះ អាចបង្កការលំបាកក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។ 

ជុំវិញការបិទខ្ទប់ខេត្តទាំង៨នេះដែរ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានចាត់ទុកការបិទខ្ទប់នេះថា ជាវិធានការមួយដ៏ល្អក្នុងទប់ស្កាត់ និងកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដ៏មានប្រសិទ្ធិភាព។ ដូច្នេះ លោកស្រី គាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការមួយនេះ ទោះបីជាបង្កផលប៉ះពាល់ដល់វិស័យនានាក្នុងខេត្តទាំងអស់នេះក៏ដោយ។ អ្នកជំនាញក្នុងវិស័យទេសចរណ៍រូបនេះ អះអាងថា វិស័យទេសចរណ៍អាចបើកដំណើរការ ឬវិលទៅរកភាពប្រក្រតីបាន គឺវាអាស្រ័យលើការទប់ស្កាត់ ឬលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជាចាត់ទុកវិស័យទេសចរណ៍ជាវិស័យស្នូលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដ្បិតវិស័យនេះបានរួមចំណែកយ៉ាងធំធេងក្នុងការទាក់ទាញវិនិយោគិនបរទេសឲ្យបោះទុនរកស៊ីនៅកម្ពុជា។ សម្រាប់អ្នកជំនាញសេដ្ឋកិច្ចរូបនេះ វិស័យទេសចរណ៍ប្រៀបបាននឹងសរសៃឈាមក្នុងការជួយឲ្យវិស័យផ្សេងៗកម្រើកឡើងវិញ រួមមានវិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យអចលនទ្រព្យ និង សំណង់ជាដើម។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចមួយ ដោយសម្រេចបិតខ្ទប់ខេត្តចំនួន៨ និងផ្អាកការធ្វើដំណើរចេញចូលរវាងកម្ពុជា-ថៃជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១។ ខេត្តទាំង៨នោះរួមមានបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន សៀមរាប បាត់ដំបង កោះកុង និងពោធិ៍សាត់។

ការដាក់ចេញវិធានការបិទខ្ទប់ ពីសំណាក់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជានេះ គឺដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មីដែលតា ដែលកំពុងមានវត្តមាននៅកម្ពុជា និងផ្ទុះខ្លាំងនៅប្រទេសថៃ។ វិធានការនេះ ក៏ជាវិធីសាស្ត្រក្នុងការកាត់ផ្តាច់ការចំឡងជំងឺកូវីដ-១៩ ពីតំបន់មួយទៅតំបន់មួយ និងពីខេត្តមួយទៅខេត្តមួយផងដែរ។

ភូមិសាស្ត្រដែលត្រូវបានបិទខ្ទប់អាចត្រូវបានបែងចែងជាតំបន់ក្រហម លឿងទុំ ឬលឿង ដោយអភិបាលរាជធានី-ខេត្ត ដែលត្រូវបានបិទខ្ទប់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។ តំបន់ក្រហមសំដៅដល់កន្លែង ដែលមានការឆ្លងកូវីដ-១៩ ខ្លាំង ខណៈតំបន់លឿងទុំជាតំបន់មានការឆ្លងជំងឺកូវីដ-១៩ មធ្យម និងលឿងជាតំបន់មានការឆ្លងជំងឺកូវីដ-១៩ កម្រិតស្រាល។ 

ទន្ទឹមនឹងបិទខ្ទប់ខេត្តទាំង៨ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញនូវវិធានការដោយជំរុញឲ្យអភិបាលរាជធានី-ខេត្តទាំងអស់បន្តរឹតបន្តឹងវិធានការនិងអនុវត្តវិធានការរដ្ឋបាលឲ្យបានម៉ឺងម៉ាត់ពាក់ព័ន្ធការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ បន្ថែមលើនេះសម្តេចផ្តល់សិទ្ធិឲ្យអភិបាលរាជធានីខេត្តទាំងអស់ដាក់ចេញវិធានការបម្រាមគោលចរ និងផ្អាកការជួបជុំ ឬបើកអាជីវកម្មដែលមានហានិភ័យខ្ពស់ក្នុងការចំឡងកូវីដ-១៩ ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕

None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Pfizer រំពឹងការលក់កើនដល់ជាង៣៣ពាន់លានដុល្លារ ខណៈការចាក់ដូសទី៣កំពុងមានតម្រូវការ

ក្រុមហ៊ុន Pfizer Inc របស់អាមេរិក ជាក្រុមហ៊ុនផលិតវ៉ាក់សាំងប្រឆាំងការពារនឹងជំងឹកូវីដ-១៩ បានបង្កើនការព្យាករ ពីការលក់វ៉ាក់សាំងរបស់ខ្លួ…

តើផែនការចាក់វ៉ាក់សាំងឲ្យបាន៧០% នៅមុនរដូវក្តៅរបស់អឺរ៉ុបអាចសម្រេចបានដែរ ឬយ៉ាងណា?

គណៈកម្មការអឺរ៉ុបបានប្រកាសដោយមានជំនឿចិត្តមុតមាំថា សហភាពអឺរ៉ុប កំពុងឈានទៅដល់ការចាក់វ៉ាក់សាំងបានតាមគោលដៅយ៉ាងហោចណាស់ ៧០% នៃចំនួនពលរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ