លោក ហ្គារី អ៊ីវែនស៍ (Garry Evans) ប្រធានផ្នែកយុទ្ធសាស្ត្រសកលនៃក្រុមហ៊ុនស្រាវជ្រាវការវិនិយោគកាណាដា BCA Research បានប្រាប់សារព័ត៌មាន CNBC ថា ពេលនេះក្រុមហ៊ុនរបស់លោកប្រមើលឃើញថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក នឹងធ្លាក់ចូលក្នុងវិបត្តិក្នុងពេលដ៏ខ្លីខាងមុខ ផ្ទុយពីអ្វីដែលទីផ្សារជឿជាក់។
អ្នកជំនាញរូបនេះបានចង្អុលបង្ហាញពីសញ្ញា នៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក រួមទាំងទីផ្សារការងារក្នុងប្រទេសនេះផងដែរ។ ក្រសួងការងាររបស់សហរដ្ឋអាម៉េរិក បានរាយការណ៍ថា អត្រាគ្មានការងារធ្វើបានកើនឡើងដល់៤,៣% កាលពីអំឡុងខែកក្កដា ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែតុលា ឆ្នាំ២០២១ ហើយសកម្មភាពផលិតកម្មរបស់សហរដ្ឋអាម៉េរិក ក្នុងខែដដែលនេះ ក៏បានធ្លាក់ចុះដល់កម្រិតទាបផងដែរ។
យោងតាម Platform អនឡាញមួយឈ្មោះថា CME FedWatch Tool ដែលតាមដានការប្រែប្រួលរបស់ធនាគារកណ្ដាលអាម៉េរិក បង្ហាញថា បណ្ដាអ្នកវិនិយោគរំពឹងថា ធនាគារកណ្ដាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់យ៉ាងតិចចំនួន៣លើក នៅត្រឹមដំណាច់ឆ្នាំ២០២៤។ ប៉ុន្តែទោះបីជាបែបនេះក្ដី ក៏លោក ហ្គារី អ៊ីវែនស៍ នៅតែរក្សាការព្យាកររបស់លោកដដែល។
លោកបានលើកឡើងថា ការបញ្ចុះអត្រាការប្រាក់ពីរបីលើកនឹងមិនអាចការពារសេដ្ឋកិច្ចអាម៉េរិក ពីការធ្លាក់ចូលក្នុងវិបត្តិបានឡើយ ព្រោះជាធម្មតាការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក ត្រូវការពេលប្រមាណ១ឆ្នាំ ទម្រាំអាចជំរុញសន្ទុះសេដ្ឋកិច្ចបាន។
លោកបានបន្ថែមថា ទីផ្សាររំពឹងថា ធនាគារកណ្ដាលអាម៉េរិក នឹងបញ្ចុះការប្រាក់ពីអត្រាបច្ចុប្បន្ន៥,៣% មកនៅត្រឹម៣% នៅត្រឹមឆ្នាំក្រោយ ប៉ុន្តែការបញ្ចុះច្រើនបែបនេះនឹងមិនអាចកើតឡើងឡើយ លុះត្រាតែមានវិបត្តិសេដ្ឋកិច្ចកើតឡើង។
តាមលក្ខណៈបច្ចេកទេស វិបត្តិសេដ្ឋកិច្ចជាធម្មតាកើតឡើង នៅពេលដែលផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដនៃប្រទេសមួយធ្លាក់ចុះពីរត្រីមាសជាប់គ្នា៕
ដោយ: តែម សុខុម