មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងថា ការនាំចេញរបស់កម្ពុជាទៅថៃមានការដាំក្បាលចុះខ្លាំងនេះ ហេតុផលចម្បងគឺដោយសារការរាត្បាតកូវីដ-១៩ ដែលបង្កឲ្យមានការរឹតបន្តឹងវិធានការការពារ នៅតាមព្រំដែន ដែលធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញចេញចូលរវាងប្រទេសទាំងពីរ។
បើតាមរបាយការណ៍ពីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ ដែលបានផ្តល់ឲ្យ ខេមបូណូមីស បានបង្ហាញថា នៅរយៈពេល៥ខែក្នុងឆ្នាំ២០២១ ការនាំចេញទំនិញពីកម្ពុជាទៅថៃ សម្រេចបានត្រឹមតែ៤៦០លានដុល្លារតែប៉ុណ្ណោះ ធ្លាក់ចុះ៣៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានតម្លៃរហូតដល់៧២៥លានដុល្លារ។ ប៉ុន្តែការនាំចូលទំនិញពីថៃមកកម្ពុជារក្សាបានកំណើន៣% ដែលមានទំហំទឹកប្រាក់ជិត៣ពាន់ដុល្លារអាមេរិក។
ជុំវិញទៅនឹងការនាំចេញទំនិញពីកម្ពុជាទៅកាន់ប្រទេសថៃមានការធ្លាក់ចុះនេះ ត្រូវបានឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបញ្ជាក់ប្រាប់ខេមបូណូមីសថា គឺអាចបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅខេត្តតាមបណ្តោព្រំដែនកម្ពុជា-ថៃ ដែលធ្វើឲ្យមានការរឹតបន្តឹងលើការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យឆ្លាស់វេនរបស់ក្រសួងពាណិជ្ជកម្មរូបនេះអះអាងទៀតថា ការធ្លាក់ចេះនេះមិនមែនមកពីកត្តាតម្រូវការប្រើប្រាស់របស់ពលរដ្ឋថយចុះនោះទេ។
ទោះបីការនាំចេញទំនិញរបស់កម្ពុជានៅ៥ខែមានការធ្លាក់ចុះក៏ពិតមែន ប៉ុន្តែយើងសង្កេតចរន្តនាំចេញទំនិញរបស់កម្ពុជាទៅថៃនៅមួយរយៈចុងក្រោយ ហាក់មានភាពល្អប្រសើរឡើងវិញជាបណ្តើរៗហើយ។ ជាក់ស្តែងបើយើងមើលទៅលើការនាំចេញរបស់កម្ពុជានៅក្នុងខែឧសភា មានតម្លៃ៣៨លានដុល្លារ កើនឡើង៥២% ខណៈការនាំចូលពីថៃកើនឡើង៤៩% មានតម្លៃ៦១៤លានដុល្លារ។
របាយការណ៍ពីការដោះដូរស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានបង្ហាញថា ការដោះដូរទំនិញរវាងកម្ពុជាថៃ នៅ៥ខែក្នុងឆ្នាំ២០២១ មានទំហំទឹកប្រាក់សរុបមានជាង៣ពាន់៣ថរយលានដុល្លារ ធ្លាក់ចុះ៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។
កន្លងមករាជរដ្ឋាភិបាលកម្ពុជា និងថៃធ្លាប់បានប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានដល់១៥ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ប៉ុន្ដែ មកទល់ពេលនេះ គោលដៅនេះនៅមិនទាន់សម្រេចបាននៅឡើយទេ ខណៈដែលកាលពីឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៧ពាន់លានដុល្លារ ធ្លាក់ចុះ២៣% ធៀបនឹងឆ្នាំ២០១៩៕