
ការដាំក្បាលចុះនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន មេតា គឺត្រូវបានកើតឡើងភ្លាមៗ នៅក្រោយពេលដែល បណ្ដាញសង្គមយក្សរបស់ក្រុមហ៊ុននេះ រួមមាន Facebook, Instagram និងMessager កាលពីយប់ថ្ងៃទី ៥ខែមីនា បានរងនូវការរំខាននៅទូទាំងពិភពលោក ដោយសារតែគណនីអ្នកប្រើប្រាស់ជាច្រើនមិនអាចចូលទៅប្រើប្រាស់បានអស់រយៈពេលជាច្រើនម៉ោង។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Facebook ក៏បានចេញមកឆ្លើយតបជុំវិញបញ្ហារអាក់រអួលផ្នែកប្រព័ន្ធគ្រប់គ្រងរបស់ខ្លួនផងដែរ ដោយបានបញ្ជាក់ថា វាកើតឡើងដោយសារតែបញ្ហាបច្ចេកទេស ហើយថាក្រុមហ៊ុន បានដោះស្រាយបញ្ហានេះ បានភ្លាមៗឡើងវិញសម្រាប់អ្នកប្រើប្រាស់។
សូមបញ្ជាក់ថា តម្លៃភាគហ៊ុនរបស់មេតា មានប្រហែល ៤៩០ដុល្លារនៅក្នុងមួយភាគហ៊ុន ដោយមានតម្លៃមូលធនទីផ្សារសរុប ១,២៥ ទ្រីលានដុល្លារអាមេរិក ។ បើទោះបីជា តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនធ្លាក់ចុះ និងបានធ្វើឲ្យលោក Mark Zuckerberg ធ្លាក់ចុះទ្រព្យសម្បត្តិអស់ជិត៣ពាន់លានដុល្លារ មកនៅត្រឹម ១៧៦ ពាន់លានដុល្លារក្ដី ប៉ុន្ដែ មហាសេដ្ឋីរូបនេះ នៅតែរក្សាបានតំណែងលេខ៤ ជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅក្នុងពិភពលោកនៅក្នុងឆ្នាំ២០២៤ដដែល។ នេះបើតាមទិន្នន័យពី Bloomberg។