ប្រធានគម្រោងរោងចក្រកាន់តែប្រសើរ Better Factories Cambodia លោកស្រី អិស្តើរ ហើមិនស៍ បានលើកឡើងថា ទោះបីជារោងចក្រជាសមាជិករបស់ BFC នៅមានត្រឹមតែ ៥៤១រោងចក្រ គិតត្រឹមឆ្នាំ២០១៧ ពោលគឺមានការថយចុះចំនួនរោងចក្រ ២៦ រោងចក្រក៏ពិតមែន ប៉ុន្ដែ ចំនួនកម្មរនិយោជិតក្នុងរោងចក្រដែលនៅសល់ទាំងនេះ នៅមានចំនួនវិជ្ជមានដដែល។ តួយ៉ាង កាលពីឆ្នាំ២០១៦ ចំនួនកម្មករនិយោជិតមានត្រឹមតែជាង ៥៧ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្ដែ នៅឆ្នាំ២០១៧នេះ មានរហូតដល់ជាង ៥៧ម៉ឺន១ពាន់នាក់ ពោលគឺនៅតែមានកំណើនវិជ្ជមានដដែល។ រីឯ ដោយឡែក ការបញ្ជាទិញពីអ្នកទិញ ឬហៅថា Buyer វិញ ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។
លោកស្រី អិស្ដើរ ហើមិនស៍ មានប្រសាសន៍ថា «តាមអ្វីដែលយើងអាចមើលឃើញតាមរយៈទិន្នន័យក្នុងរបាយការណ៍ ថ្មីនេះ ជាការពិតណាស់ ចំនួនរោងចក្រដែលជាសមាជិករបស់យើង មានការថយចុះជាងមុនបន្តិច ប៉ុន្ដែ បើមើលទៅលើចំនួនកម្មករ គឺនៅតែមានចំនួនដូចមុនដដែល មិនមានការប្រែប្រួលអ្វីខ្លាំងនោះទេ ដូច្នេះ យើងអាចនិយាយបានថា រោងចក្រដែលនៅសល់នៅតែមានសមត្ថភាពធំក្នុងការស្រូបយកកម្លាំងពលកម្មឲ្យចូលធ្វើការ។ បើយើងមើលទៅលើការនាំចេញនៅឆ្នាំ២០១៧វិញ ឃើញថា នៅតែមានចំនួនមួយថេរ មិនមានការធ្លាក់ចុះនោះទេ។ យ៉ាងណាក៏ដោយចុះ យើងមិនទាន់អាចនិយាយបាននៅឡើយទេថា ការថយចុះនៃចំនួនរោងចក្រនេះ តើវាអាចនឹងបន្តមានឥទ្ធិពលយ៉ាងដូចម្ដេចទៀត នៅក្នុងឆ្នាំ២០១៨នេះ ព្រោះថា វាហាក់ដូចជាពេលវេលាឆាប់ពេកដែលយើងត្រូវនិយាយពីរឿងនេះ ដោយសារតែឆ្នាំ២០១៨ ទើបតែបានចាប់ផ្ដើមនៅឡើយ។»
សូមជម្រាបថា គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា Better Factories Cambodia ឬហៅកាត់ថា BFC នេះ បានចូលមកជួយលើផ្នែកអធិការកិច្ចនៅក្នុងវិស័យរោងចក្រកាត់ដេរនៅកម្ពុជា អស់រយៈពេល១៥ឆ្នាំមកហើយ។ ក្នុងនោះ គម្រោង BFC គឺជាយន្ដការមួយ ជួយធ្វើឲ្យប្រាកដថា បរិយាកាសការងារនៅក្នុងរោងចក្រ និងអត្ថប្រយោជន៍ដែលកម្មករកម្មការិនីទទួលបាន គឺសមស្របទៅតាមលក្ខន្ដិកៈរបស់ច្បាប់ការងារ។ ហើយ គម្រោង BFC នេះ ក៏ជាអ្នកវាយតម្លៃមួយ ដែលជួយឲ្យអ្នកបញ្ជាទិញផលិតផលសម្លៀកបំពាក់ និងស្បែកជើងពីកម្ពុជា កាន់តែមានទំនុកចិត្តខ្ពស់ផងដែរ។
តាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បង្ហាញថា គិតត្រឹម៥ឆ្នាំចុងក្រោយនេះ វិស័យឧស្សាហកម្មបាននិងកំពុងធ្វើការដឹកមុខវិស័យផ្សេងៗទៀត នៃកំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ក្នុងនោះ អនុវិស័យកាត់ដេរនៅតែមានចំណែកធំ ប៉ុន្ដែក៏កំពុងតាមប្រកៀកប្រកិតដោយអនុវិស័យសំណង់ផងដែរ ពោលគឺ នៅ ៥ឆ្នាំចុងក្រោយនេះ ពោលគឺចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ អនុវស័យកាត់ដេរមានចំណែកក្នុងកំណើន GDP ចំនួន១,៤% ខណៈដែលអនុវិស័យសំណង់មានចំនួន ១,៣%។
ដោយឡែក បើគិតចាប់ពីឆ្នាំ២០១៦ មកទល់ឆ្នាំ២០១៨នេះ អនុវិស័យសំណង់បានងើបឡើងវ៉ាដាច់វិស័យកាត់ដេរជាបន្ដបន្ទាប់ ហើយបើតាមការព្យាករនៅឆ្នាំ២០១៨ និង២០១៩នេះ អនុវិស័យសំណង់នៅមានកំណើនខ្ពស់ដដែល ពោលគឺមានចំណែកក្នុងរង្វង់ជិត២% នៃកំណើន GDP ខណៈដែលអនុវិស័យកាត់ដេរ អាចនឹងមានការថមថយចំណែករបស់ខ្លួនតិចតួចនៅក្នុងកំណើន GDP។
យ៉ាងណាក៏ដោយចុះ បើតាមអ្នកជំនាញសេដ្ឋកិច្ចជាច្រើន ធ្លាប់បានអះអាងថា វិស័យកាត់ដេរនឹងមិនអាចចេះតែនៅបន្តផលិតទំនិញដែលមានតម្លៃទាបបានទេ ពោលគឺត្រូវងាកទៅរកការផលិតទំនិញ ឬផលិតផលណាមួយដែលមានតម្លៃបន្ថែមខ្ពស់។ ហើយតម្លៃបន្ថែមខ្ពស់នេះទៀតសោត ត្រូវធ្វើឡើងនៅក្នុងសង្វាក់ផលិតកម្មទាំងមូលនៃវិស័យនេះ ដែលស្របទៅតាមគោលនយោបាយទំនើបកម្មនៃឧស្សហកម្មកាត់ដេររបស់រាជរដ្ឋាភិបាល៕